ដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ទទួលបានទិន្នផលខ្ពស់និងបង្កើនប្រាក់ចំណូលគួរឲ្យកត់សម្គាល់
នារសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអមដំណើរដោយសហការីនៃកម្មវិធី ASPIRE និងលោកប្រធាន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចុះពិនិត្យការអនុវត្តការងារដាំដុះបន្លែ និងការចិញ្ចឹម របស់កសិករ ណុប នុន រស់នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលបានធ្វើការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ក្រោមការគាំទ្រថវិកាមួយភាគដោយកម្មវិធី ASPIRE។
ឯកឧត្តមបានជម្រុញឲកសិករបន្តការដាំដុះ បន្លែសុវត្ថិភាព និងការចិញ្ចឹម ឲមានទ្រង់ទ្រាយធំ ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់នៅលើទីផ្សារ កាត់បន្ថយការនាំចូល ក្នុងដំណាក់កាលនៃការរីករាលដាលនៃមេរោគកូវីដ១៩នៅកម្ពុជា ស្របពេលដែល សម្តេច តេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុសាសន៍ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ។
ជាក់ស្តែងការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ គឺធានាបានសុវត្ថិភាពខ្ពស់ មិនប្រើថ្នាំ ជី គីមី ប្រើទឹកតិច ទទួលបានទិន្នផលខ្ពស់ទាំងបរិមាណ និងគុណភាព អាចដាំបានច្រើនដងក្នុង១ឆ្នាំ ពី៥ ទៅ ៦ដង ធនទៅនឹងការប្រែប្រួលអាកាសធាតុ ដែលអាចបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងសេដ្ឋកិច្ចសង្គម ព្រមទាំងកាត់បន្ថយការធ្វើចំណាកស្រុកជាដើម។
សូមជម្រាបថា ជាទូទៅកសិករខាងលើ អាចដាំបន្លែបាន៦ដងក្នុង១រដូវកាល ហើយលក់បានតម្លៃពី៣៥០០រៀល ទៅ ៦០០០រៀល ក្នុង១គីឡូក្រាម តាមប្រភេទបន្លែនីមួយៗ៕
ប្រភព: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ