ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដាស់តឿនដល់មន្ត្រីរាជការនិងកងកម្លាំងទាំងអស់ត្រូវស្វះស្វែងទៅទទួលវ៉ាក់សាំងគ្រប់ៗគ្នា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាស់តឿនដល់មន្ត្រីរាជការនិងកងកម្លាំងទាំងអស់ ត្រូវស្វះស្វែងទៅទទួលវ៉ាក់សាំងឲ្យបាន គ្រប់ៗគ្នា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ឲ្យមានប្រសិទ្ធភាព ។

 
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដាស់តឿនដល់មន្ត្រីរាជការនិងកងកម្លាំងទាំងអស់ត្រូវស្វះស្វែងទៅទទួលវ៉ាក់សាំងគ្រប់ៗគ្នា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ពិតមែនតែ វ៉ាក់សាំងចាក់លើគោលការណ៍ស័្មគ្រចិត្ត ក៏ប៉ុន្តែនៅជំហានដំបូងនេះ គឺនៅក្នុងកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការស៊ីវិល ទាំងអស់ ត្រូវទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង អ្នកដទៃ ជាពិសេសការពារការងារ ផ្ទាល់ខ្លួនផងដែរ ខណៈដែលជំងឺកូវីដ-១៩កំពុងបន្តរាតត្បាតខ្លាំង ។

សំឡេង ៖ « មិនទាន់ហួសពេលទេ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាមន្ត្រីរាជការស៊ីវិល ជាកងកម្លាំងប្រដាប់អាវុធ ដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវស្វះស្វែងទៅរកវ៉ាក់សាំងចាក់ ដើម្បីការពារជីវិតរបស់ខ្លួន ឯងផងនិងការពារនូវការងាររបស់ខ្លួនផងដែរ ។ ខ្ញុំសូមបញ្ជាក់សារជាថ្មីថា នេះមិនមែនជាការជំរុញការរើសអើងសម្រាប់ ការចាក់វ៉ាក់សាំងនោះទេ ក៏ប៉ុន្តែនេះគឺជាការដាស់តឿន ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ សម្រាប់ខ្លួនឯងផងនិងសម្រាប់អង្គភាព ដែលត្រូវធ្វើការផង »

ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យក្រសួង-ស្ថាប័នទាំងអស់ ពិនិត្យមើលមន្រ្តីក្រោមឱវាទ ព្រមទាំងព្រមានកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការទាំងអស់ ឱ្យទៅចាក់ វ៉ាក់សាំងការពារមេរោគកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា បើមិនដូចនោះមិនត្រូវអនុញ្ញាតឱ្យចូលធ្វើការនោះឡើយ។

សម្តេចតេជោ បញ្ជាក់ដល់មន្រ្តីរាជការ ដែលមិនចង់ចាក់វ៉ាក់សាំងឲ្យបានជ្រាបថា នាពេលណាមួយ ដែលគ្រប់ស្ថាប័នចាក់ ចាប់ពី៧០ភាគរយឡើងទៅ មន្រ្តីដែលមិនបានចាក់វ៉ាក់សាំងមិនចាំបាច់មកធ្វើការនោះទេ ព្រោះកុំឲ្យចម្លងជំងឺកូវីដ-១៩ ដល់អ្នកដែលបានចាក់រួច ៕

 

ប្រភព: ក្រសួងព័ត៌មាន