កូរ៉េខាងត្បូង និងអាមេរិកកែប្រែសមយុទ្ធយោធាដោយសារព្រួយបារម្ភពីបញ្ហាកូវីដ១៩
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃពុធ ទី១២ ខែសីហានេះថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនឹងធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរបស់ពួកគេ ប៉ុន្តែមិនមានការចល័តកងទ័ពដូចរាល់ឆ្នាំនោះទេ ដោយសារព្រួយបារម្ភពីវិបត្តិកូវីដ១៩។
សមយុទ្ធយោធារបស់ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៦ សីហា រហូតដល់ថ្ងៃទី២៨ សីហា ប៉ុន្តែក្នុងលក្ខណៈតូចមួយប៉ុណ្ណោះ ដោយកាត់បន្ថយសកម្មភាពយោធានៅពេលយប់ និងគ្មានការចល័តកងទ័ពនោះទេ។
មូលដ្ឋានទ័ពអាមេរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូង (USFK) ដែលមាន ២៨,៥០០ នាក់ បានរាយការណ៍ថា យ៉ាងហោចណាស់មាន ៦៥នាក់ បានឆ្លងវីរុសកូវីដ១៩ ក្នុងចំណោមកងទ័ព បុគ្គលិក និងសមាជិកគ្រួសាររបស់ពួកគេ ដែលបង្កភាពព្រួយបារម្ភដល់ប្រជាជនកូរ៉េខាងត្បូងដែលរស់នៅក្បែរមូលដ្ឋានរបស់ពួកគេ។
សូមជម្រាបផងដែរថា បើយោងតាមអ្នកនាំពាក្យរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ផែនការកែសម្រួលនេះ មិនទាន់សម្រេចជាចុងក្រោយនៅឡើយទេ ខណៈពួកគេកំពុងរង់ចាំការឆ្លើយតបពីសំណាក់កងទ័ពអាមេរិកប្រចាំនៅកូរ៉េខាងត្បូង (USFK) សិន។
ប្រភព៖ CNA ប្រែសម្រួល៖ កង ស្រីលីន