គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចូលរួមវេទិការអាស៊ី-អុឺរុប ស្តីពីឱសថក្លែងក្លាយ និងអន់គុណភាពតាមរយៈប្រព័ន្ធវីដេអូសន្និសីទ

នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានដឹកនាំក្រុមការងារ ចូលរួមវេទិការ អាស៊ី-អឺរុប ស្តីពីឱសថក្លែងក្លាយ និងអន់គុណភាព តាមរយៈប្រព័ន្ធវីដេអូសន្និសីទជាមួយប្រទេសជាសមាជិកអាស៊ាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

 
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចូលរួមវេទិការអាស៊ី-អុឺរុប ស្តីពីឱសថក្លែងក្លាយ និងអន់គុណភាពតាមរយៈប្រព័ន្ធវីដេអូសន្និសីទ

សូមជម្រាបថា វេទិការអាស៊ីអ៊ឺរុបស្តីពីឱសថក្លែងក្លាយ និងអន់គុណភាពនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

-លើកកម្ពស់ការយល់ដឹងស្ដីពី គ្រោះថ្នាក់នៃឱសថក្លែងក្លាយ និងអន់គុណភាព ដែលបង្កជាបញ្ហាដល់វិស័យសុខភាពសាធារណៈ និងវិស័យសុខាភិបាល ក៏ដូចជាបង្កជាបន្ទុកដល់សេដ្ឋកិច្ចជាតិផងដែរ។

-ពិភាក្សាពីផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ទៅលើឱសថក្លែងក្លាយ និងអន់គុណភាព និងផ្ដល់នូវការណែនាំនានាក្នុងការប្រឈមមុខនឹងបញ្ហាពាក់ព័ន្ធនានាហើយចែករំលែកនូវការប្តេជ្ញាចិត្តរបស់អាស៊ានតាមរយៈសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៤ ស្ដីពីឱសថក្លែងក្លាយ និងអន់គុណភាព។

-លើកទឹកចិត្តឲ្យមានកិច្ចសន្ទនាអាស៊ី-អឺរ៉ុប រវាងអ្នកពាក់ព័ន្ធមកពីវិស័យផ្សេងៗ ដើម្បីអនុវត្តគោលនយោបាយ និងការអនុវត្តច្បាប់ស្តីពីឱសថក្លែងក្លាយ និងអន់គុណភាព។

-ឯកភាពគ្នាលើវិស័យជាអាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការពហុវិស័យ និងអន្តរជាតិ រវាងអាស៊ីនិង អឺរ៉ុបស្តីពីការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព។

សូមជម្រាបជូនផងដែរថា វេទិកានេះប្រព្រឹត្តិទៅមានរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២៩ ដល់៣០ ខែកញ្ញា ឆ្នាំ២០២០ ដោយក្នុងកម្មវិធី នេះគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវធ្វើជាវាគ្មិនដើម្បីធ្វើ បទបង្ហាញស្តីពីយុទ្ធសាស្រ្តក្នុងការអនុវត្តច្បាប់សម្រាប់ការបង្រ្កាបឱសថក្លែងក្លាយ និងអន់គុណភាព របស់ប្រទេសកម្ពុជា ជូនដល់ប្រទេសជាសមាជិកអាស៊ានក្នុងអង្គវេទិការអាស៊ីអ៊ឺរុបស្តីពីឱសថក្លែងក្លាយ និងអន់គុណភាពផងដែរ៕

 

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ប្រភព: ក្រសួងមហាផ្ទៃ