បណ្តាញគ្រឹះស្ថានអប់រំវេសឡាញបន្តរក្សាសុវត្ថិភាព និង បញ្ចូលបច្ចេកវិទ្យាបង្រៀនសម្រាប់វគ្គសិក្សាថ្មីថ្ងៃទី៣ វិច្ឆិកា
គិតមកត្រឹមចុងខែតុលានេះ បណ្តាញគ្រឹះស្ថានអប់រំរបស់វេសឡាញ អេឌ្យូខេសិន គ្រុប បានទទួលចូលរៀនក្នុងថ្នាក់ឡើងវិញបានរយពេល១ខែ បន្ទាប់ពីទទួលការលិខិតអនុញាតិឲ្យបើកដំណើរការគ្រឹះស្ថានអប់រំពីក្រសួងអប់រំ យុវជន និងកីឡា ដោយអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារសុវត្ថិភាព។ បណ្តាញគ្រឹះស្ថានអប់រំមួយនេះ ស្វាគមន៍ទទួលចុះឈ្មោះសិស្សចូលរៀនសម្រាប់វគ្គសិក្សាថ្មីនៅថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខនេះ ដោយបញ្ជូលបច្ចេកវិទ្យាមួយចំនួនទៀត ដើម្បីគាំទ្រដល់ការបង្រៀន និងរៀនរបស់សិស្សឲ្យកាន់តែប្រសើរឡើង។
ឧកញ៉ាប៉ិច បូឡែនអគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបមានប្រសាសន៍ថា អ្នកអាណាព្យាលបាលភាគច្រើនបានបញ្ចូនកូនៗ មកសិក្សាក្នុងថ្នាក់ផ្ទាល់ ដោយពួកគាត់មានទំនុកចិត្តខ្ពស់លើសាលារៀនរបស់យើងខ្ញុំ ពីព្រោះយើងបានអនុវត្តគោលគារណ៍ប្រតិបត្តិរបស់ក្រសួង ព្រមទាំងមានការសហការយ៉ាងខ្ជាប់ខ្ជួនជាមួយអ្នកអាណព្យាបាល ដើម្បីបង្ការ និងទប់ស្តាត់ការរីករាលដាលមេរោគកូវីឌ-១៩។ លោកឧកញ៉ាបានបន្តទៀត ការបញ្ចូលបច្ចេកវិទ្យាក្នុងបង្រៀន និងរៀន វាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែខ្ញុំជឿជាក់ថា យើងទាំងអស់គ្នាអាចធ្វើបាន ដើម្បីរក្សាគុណភាពអប់រំ និងសុវត្ថិភាពរបស់សិស្សានុសិស្សរបស់យើង។ លោកឧកញ៉ាបានបន្ថែមទៀតថា បណ្តាញសាលារៀនយើងខ្ញុំសូមថ្លែងអំណរគុណដល់មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សដែលបានគាំទ្រសាលារៀនយើងខ្ញុំ ដើម្បីបន្តនិរន្តរភាព និងបង្កើនគុណភាពអប់រំ ហើយសម្រាប់វគ្គសិក្សាថ្មីខាងមុខនេះ សូមអ្នកអាណាព្យាបាលពិចារណារួសរាន់បញ្ចូនបុត្រធីតាមកសិក្សានៅសាលារៀនឡើងវិញ ដើម្បីឲ្យយើងខ្ញុំចូលរួមចំណែក និងបន្តផ្តល់នូវការអប់រំ និងបណ្តុះបណ្តាលកូនៗរបស់លោកអ្នក។
លោកគង់ សំនៀង អគ្គនាយករងទទួលបន្ទុកកិច្ចការប្រតិបត្តិការ បានមានប្រសាសន៍ថា សិស្សកម្មវិធីមត្តេយ្យ ចំណេះទូទៅខ្មែរថ្នាក់ទី១ ដល់ទី១២ និងកម្មវិធីភាសាអង់គ្លេសចូលរៀនក្នុងថ្នាក់ពេញលេញឡើងវិញ ដោយអនុវត្តគោលការណ៍ប្រតិបត្តិសុវត្ថិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា រក្សាគម្លាតសុវត្ថិភាព ១. ៥ ម៉ែត្រ វាស់កំដៅជាប្រចាំ រក្សាអនាម័យ ត្រូវពាក់ម៉ាស ឬរបាំងមុខ និងមិនមានការជួបជុំគ្នាជាក្រុមធំនោះទេ។ លោកអគ្គនាយករងបានបន្ថែមទៀតថា ចំពោះវគ្គ សិក្សាថ្មីខាងមុខនេះ សាលារៀនយើងខ្ញុំនៅតែគោរព និងអនុវត្តឲ្យម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុតតាមខ្លឹមសារនៃគោលការណ៍ ប្រតិបត្តិស្តងដារ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀត ដែលមានជាធរមាន ដើម្បីរក្សាសុវតិ្ថភាពរបស់សិស្ស។
លោកតែ ឡាយ អគ្គនាយករងទទួលបន្ទុកកិច្ចការសិក្សាធិការ ដើម្បីរក្សាសុវត្ថិភាព និងរក្សាការបង្រៀនដល់សិស្ស ថ្នាក់មួយចំនួនយើងបានបែកជាពីរក្រុម សិក្សានៅក្នុងថ្នាក់រៀនផ្ទាល់ និងមួយក្រុមទៀតសិក្សាពីចម្ងាយតាមប្រព័ន្ធ Zoom ការធ្វើបែបនេះសិស្សនៅផ្ទះក៏គាត់អាចសិក្សាជាមួយលោកគ្រូអ្នកគ្រូបានសិស្សនៅថ្នាក់រៀនផងដែរ។ លោកក៏បានបញ្ជាក់ថា សម្រាប់សិស្សមត្តេយ្យ និងថ្នាក់ទី១ ដល់ទី៣ សាលារៀនបានជម្រុញឲ្យពួកគាត់មកសិក្សានៅថ្នាក់រៀនផ្ទាល់ ដោយសារពួកគាត់មិនទាន់អាចប្រើប្រាស់បច្ចេកវិទ្យាបង្រៀនបានល្អប្រសើរនៅឡើយ ប៉ុន្តែសាលារៀននៅរក្សាគម្លាត ក្នុងចំនួនសិស្សតាមការណែនាំរបស់ក្រសួង។
សម្រាប់វគ្គសិក្សាថ្មីខាងមុខនេះ សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ផ្តល់ជូន៖
១. អាហារូបករណ៍រហូតដល់ ២៥% លើតម្លៃសិក្សា
២. ធានារ៉ាប់រងគ្រោះថ្នាក់សិស្ស ២៤/២៤ម៉ោង ក្នុង ១សប្តាហ៍ ទូទាំងពិភពលោក
៣. ការពារការសិក្សាបុត្រធីតារហូតដល់ ៥ឆ្នាំ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ។
សូមជម្រាបបណ្តាញគ្រឹះស្ថានអប់រំវេសឡាញ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ រួមមាន៖ សាលារៀនវ៉េស្ទឡាញន៍ ១០សាខា, សាលារៀនណត្សឡាញន៍ ១សាខា, សាលាអន្តរជាតិ អេបផលទ្រី ១សាខា, សាលាអន្តរជាតិ ហ្វរ៉េសហ៊ាល ១សាខា, សាលាភាសាអង់គ្លេស លីឌឺលែន ១សាខា, និងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ១សាខា៕