កម្មវិធីទូរស័ព្ទ ២ របស់ប្រទេសកូរ៉េខាងត្បូង អាចឲ្យអ្នកជៀសផុតពីតំបន់ផ្ទុះវីរុសកូរ៉ូណា COVID-19
កាលពីថ្ងៃអាទិត្យប្រទេសកូរ៉េខាងត្បូងបានរាយការណ៍អំពីករណីឆ្លងថ្មីចំនួន ៨១៣ ករណីជាកំណត់ត្រាខ្ពស់បំផុតមួយសម្រាប់ប្រទេសនេះ។ ឆ្លើយតបនឹងវីរុសនេះដែរ អ្នកបង្កើតកម្មវិធីមួយចំនួនបានបង្កើតកម្មវិធី ដែលអាចឲ្យគេដឹងព័ត៌មានអំពីវីរុសកូរ៉ូណា និងទីតាំងដែលកើតមានវីរុសនេះ កម្មវិធីទាំងនោះមានឈ្មោះថាកម្មវិធី Corona 100m និង Corona Map ។
កម្មវិធី Corona 100m បានដាក់ដំណើរការនៅថ្ងៃទី ១១ ខែកុម្ភៈ ហើយមកទល់ពេលនេះមានចំនួនអ្នកទាញយកដល់ជាង ១ លានដង។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ CNN Business។
កម្មវិធីនេះប្រមូលទិន្នន័យពីរដ្ឋបាលសាធារណៈ រួមមានមជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺឆ្លងរបស់ប្រទេសកូរ៉េ ដើម្បីបង្ហាញអំពីកាលបរិច្ឆេទអ្នកជំងឺម្នាក់ឆ្លងវីរុសកូរ៉ូណារួមជាមួយសញ្ជាតិ អាយុ ភេទ និងទីកន្លែងដែលគេបានទៅដល់ផងដែរ។
ប្រសិនបើអ្នកប្រើប្រាស់កម្មវិធីនេះស្ថិតនៅចម្ងាយ ១០០ ម៉ែត្រពីទីកន្លែងដែលមានមនុស្សឆ្លងវីរុសកូរ៉ូណាបានទៅដល់នោះ គេនឹងទទួលបានការឲ្យដំណឹង លោតសារ Notificationព្រមានតែម្ដងដូចជាឈ្មោះរបស់កម្មវិធីនេះអ៊ីចឹង។
អ្នកបង្កើតកម្មវិធីនេះមានឈ្មោះ Bae Won-Seok និយាយថាកម្មវិធីនេះបន្តរីកធំជារៀងរាល់មួយម៉ោងមានការទាញយក ២ ម៉ឺនដង ហើយពេលខ្លះគាំងដោយសារមានចំនួនទាញយកច្រើនពេក។
កម្មវិធីមួយទៀតគឺ Corona Map ដែលវាក៏ចាប់ទីតាំងរបស់អ្នកដែលឆ្លងវីរុសកូរ៉ូណាផងដែរ ហើយបានក្លាយជាកម្មវិធីដែលមានគេទាញយកច្រើនជាងគេនៅកូរ៉េខាងត្បូងកាលពីថ្ងៃពុធ។
Corona Map នេះដំណើរការដូចCorona 100m ដែរគឺអាចឲ្យអ្នកប្រើប្រាស់ជៀសវាងពីតំបន់ដែលអ្នកឆ្លងវីរុសកូរ៉ូណាដែលបានទៅដល់។
លោក Lee Jun-young ជាអ្នកបង្កើតកម្មវិធីនេះបានប្រាប់ CNN ថាលោកបង្កើតកម្មវិធីនេះឡើងដោយសារតែទិន្នន័យរបស់មន្ត្រីរដ្ឋាភិបាលពិបាកនឹងមើលយល់ពេក៕