មហាសេដ្ឋី ប៊ីល ហ្គេតស៍៖ បណ្តាប្រទេសដែលបានបិទដោយសារវីរុសកូវីដ១៩ អាចនឹងមានសភាពល្អប្រសើរឡើងវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ

សហស្ថាបនិកក្រុមហ៊ុន Microsoft លោក ប៊ីល ហ្គេតស៍ កាលពីថ្ងៃពុធបានជំរុញឱ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ចំពោះការប្រឈមមុខនឹងការរីករាលដាលជាសាកលនៃវីរុសកូវីដ។

 
មហាសេដ្ឋី ប៊ីល ហ្គេតស៍៖ បណ្តាប្រទេសដែលបានបិទដោយសារវីរុសកូវីដ១៩ អាចនឹងមានសភាពល្អប្រសើរឡើងវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ
Photo Credit: Adam Galica | CNBC

សហស្ថាបនិកក្រុមហ៊ុន Microsoft លោក ប៊ីល ហ្គេតស៍ កាលពីថ្ងៃពុធបានជំរុញឱ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ចំពោះការប្រឈមមុខនឹងការរីករាលដាលជាសាកលនៃវីរុសកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ថ្ងៃទី១៨ មីនា ២០២០។

នៅក្នុងកម្មវិធី Ask Me Anything Session នៅឯវេទិកាពិភាក្សា Reddit លោក ប៊ីល ហ្គេតស៍ ត្រូវបានគេសួរថាតើ “[វិបត្តិនេះ] នឹងអូលបន្លាយរយៈពេលប៉ុន្មានទៀត។

លោកបានឆ្លើយតបថា “ប្រសិនបើប្រទេសនីមួយៗធ្វើបានល្អជាមួយនឹងការធ្វើតេស្ត និង “វិធានការនៅដាច់ដោយឡែក” នោះក្នុងរយៈពេលប្រមាណ ៦-១០ សប្តាហ៍ ពួកគេនឹងឃើញមានករណីឆ្លងក្នុងកម្រិតតិចតួចណាស់ ហើយអាចបើកប្រទេសវិញបាន។

លោក ប៊ីល ហ្គេតស៍ បានផ្តោតលើផ្នែកសុខភាពអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលជាផ្នែកមួយនៃការងាររបស់គាត់នៅឯមូលនិធិមិនស្វែងរកប្រាក់ចំណេញ និងមូលនិធិ Melinda Gates Foundation។ ការអត្ថាធិប្បាយនេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក ប៊ីល ហ្គេតស៍ បាននិយាយថា លោកបានចាកចេញពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Microsoft ដែលលោកជាសហស្ថាបនិកនៅឆ្នាំ១៩៧៥ និងក្រុមហ៊ុន Berkshire Hathaway។ លោកបាននិយាយថា លោកចង់ផ្តោតអារម្មណ៍បន្ថែមលើវិស័យមនុស្សធម៌។

នៅឯវេទិកាពិភាក្សា Reddit លោក ប៊ីល ហ្គេតស៍ បានពន្យល់ពីពាក្យថា “បិទប្រទេស” មានន័យថាម៉េច។

“ដំណាក់កាលបច្ចុប្បន្ន មានករណីជាច្រើនបានកើតមាននៅក្នុងបណ្តាប្រទេសអ្នកមាន។ ជាមួយនឹងសកម្មភាពដ៏ត្រឹមត្រូវរួមមានការធ្វើតេស្ត និងវិធានការនៅដាច់ដោយឡែក (ជាអ្វីដែលខ្ញុំហៅថា “បិទ”) នោះ ក្នុងរយៈពេលប្រមាណ ២-៣ ខែ បណ្តាប្រទេសអ្នកមានទាំងនោះប្រហែលអាចនឹងជៀសផុតពីការឆ្លងកម្រិតខ្ពស់បាន”។ នេះបើតាមការសរសេររៀបរ៉ាប់រាប់របស់មហាសេដ្ឋីរូបនេះ។

លោកបានបន្ថែមថា “ខ្ញុំបារម្ភអំពីការខូចខាតផ្នែកសេដ្ឋកិច្ច ប៉ុន្តែវានឹងកាន់តែធ្ងន់ធ្ងរជាងនេះ ករណីដែលវាជះឥទ្ធិពលដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលមិនអាចអនុវត្តវិធានការនៅដាច់ដោយឡែកបាន ដូចអ្វីដែលបណ្តាប្រទេសអ្នកមានធ្វើ ហើយខណៈដែលសមត្ថភាពមន្ទីរពេទ្យនៅមានកម្រិតទាបជាងនៅឡើយ”។

លោកបានសង្កត់ធ្ងន់ផងដែរថា ប្រជាជនគួរតែរក្សាភាពស្ងប់ស្ងាត់ ទោះបីជាស្ថិតក្នុងកាលៈទេសៈនេះក៏ដោយ ដើម្បីឆ្លើយតបនឹងសំណួរដែលថា ជនជាតិអាមេរិកអាចធ្វើបានដើម្បីជួយអ្នកដទៃនៅក្នុងប្រទេស។

លោក ប៊ីល ហ្គេតស៍ ឆ្លាប់បានឆ្លើយសំណួររបស់ប្រជាជននៅក្នុងវេទិកាពិភាក្សា Reddit ជាច្រើនដងរួចមកហើយកាលពីមុន។ កាលពីឆ្នាំមុនបន្ទាប់ពីមនុស្សម្នាក់បានស្នើសុំឱ្យគាត់កំណត់ថាតើអ្វីជាការគំរាមកំហែងខ្លាំងបំផុតនៃមនុស្សជាតិ លោកបានចង្អុលបង្ហាញពីឧប្បត្តិហេតុធំៗអាចនឹងកើតឡើងៗ ដោយក្នុងនោះលោកក៏បានលើកឡើងពីជំងឺរាតត្បាតជាសកលផងដែរ។

លោកបានសរសេរថា “នេះជាខួប ១០០ ឆ្នាំនៃជំងឺផ្តាសាយអេស្ប៉ាញ (Spanish Flu) ហើយប្រសិនបើវាកើតឡើងវិញ វានឹងរាលដាលលឿនជាងពេលមុនទៅទៀត”។

កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រជាជនបានរកឃើញវីឌីអូក្នុងកម្មវិធី “TED Talk” កាលពីលើកមុន ដែលលោក ប៊ីល ហ្គេតស៍ បាននិយាយអំពីរបៀបដែលពិភពលោកអាចធ្វើបានច្រើនជាងនេះ ដើម្បីត្រៀមខ្លួនសម្រាប់ការផ្ទុះជំងឺ​រាតត្បាត។ លោកបានលើកឡើងនូវការឆ្លើយតបនេះកាលពីថ្ងៃពុធបន្ទាប់ពីមានអ្នកសួរថាតើមនុស្សអាចធ្វើអ្វីបានដើម្បីត្រៀមខ្លួនសម្រាប់ការឆ្លើយតបទៅនឹងរឿងនោះ។

មហាសេដ្ឋរូបនេះបានសរសេរថា “យើងត្រូវមានសមត្ថភាពក្នុងការពង្រីកការធ្វើរោគវិនិច្ឆ័យ ថ្នាំ និងវ៉ាក់សាំងយ៉ាងឆាប់រហ័ស។ បច្ចេកវិទ្យាមានលទ្ធភាពធ្វើវាបានល្អ ប្រសិនបើមានការវិនិយោគត្រឹមត្រូវ។ បណ្តាប្រទេសនានាអាចធ្វើការរួមគ្នាលើបញ្ហានេះ។ យើងបានបង្កើត CEPI ដែលមានន័យថា សម្ព័ន្ធនៃភាពច្នៃប្រឌិតក្នុងការបង្កើតថ្មីសម្រាប់ការត្រៀមបង្ការការរីករាលដាលនៃជំងឺរាតត្បាត (Coalition for Epidemic Preparedness Innovation) ដែលយើងបានធ្វើការលើវ៉ាក់សាំង ប៉ុន្តែត្រូវការមូលនិធិក្នុងកម្រិតខ្ពស់ ដើម្បីមានសមត្ថភាពផ្នែកផលិតកម្មសម្រាប់ពិភពលោក”៕

ប្រភព៖ CNBC ប្រែសម្រួលដោយ៖ ចាប មិថុនា