ក្រុមហ៊ុនកូរ៉េ Hyundai Engineering ទទួលបានគម្រោងសាងសង់ផ្សារទំនើប AEON MALL ទី៣ ដែលមានតម្លៃ ១៦៤ លានដុល្លារសហរដ្ឋអាមេរិកក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុនសាងសង់កូរ៉េ Hyundai Engineering បានទទួលគម្រោងតម្លៃ ១៦៤ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់ផ្សារទំនើប AEON MALL ទី៣ក្នុងប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Korea IT Times ថ្ងៃទី២០ មេសា ២០២០។

 
ក្រុមហ៊ុនកូរ៉េ Hyundai Engineering ទទួលបានគម្រោងសាងសង់ផ្សារទំនើប AEON MALL ទី៣ ដែលមានតម្លៃ ១៦៤ លានដុល្លារសហរដ្ឋអាមេរិកក្នុងប្រទេសកម្ពុជា
Photo Credit: Hyundai Engineering

ក្រុមហ៊ុនសាងសង់កូរ៉េ Hyundai Engineering ទទួលបានគម្រោងពីផ្សារទំនើប “AEON MALL” ជាក្រុមហ៊ុនចែកចាយធំបំផុតរបស់ជប៉ុន ដែលដំណើរការផ្សារទំនើបជាង២០០កន្លែងជុំវិញពិភពលោក។ នេះបើតាមការស្រង់សម្តីរបស់មន្រ្តីក្រុមហ៊ុន Hyundai កាលពីថ្ងៃទី១៩ មេសា​ កន្លងទៅនេះ។

គម្រោងនេះគឺជាគម្រោងសាងសង់ផ្សារទំនើបដែលមានកម្ពស់៥ជាន់ និងជាមួយចំណតដ៏ទូលាយ។ ជាពិសេស ទីតាំងនេះមានផ្ទៃដីសរុបទំហំរហូតដល់ ១៧០,០០០ ម៉ែត្រការ៉េ ដែលជាទំហំធំបំផុតរបស់ផ្សារទំនើប AEON MALL ទី៣ ក្នុងប្រទេសកម្ពុជា។

ការសាងសង់នឹងត្រូវប្រើរយៈពេលប្រមាណ២៧ខែ បន្ទាប់ពីគម្រោងចាប់ផ្តើម។

តាមការចុះផ្សាយបានឲ្យដឹងថា AEON MALL គ្រោងនឹងបន្តពង្រីកអាជីវកម្មផ្សារទំនើបដ៏ធំរបស់ខ្លួននៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជាប្រទេសវៀតណាម និងឥណ្ឌូនេស៊ីនាពេលអនាគត ខណៈពេលដែលក្រុមហ៊ុន Hyundai Engineering គ្រោងនឹងខិតខំប្រឹងប្រែង ដើម្បីទទួលបានការងារបន្ថែមតាមរយៈសមត្ថភាពសាងសង់ខ្ពស់របស់ខ្លួន៕

ប្រភព៖ Korea IT Times ប្រែសម្រួល៖ ចាប មិថុនា