ជប៉ុនគ្រោងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នខណៈចំនួនអ្នកឆ្លងវីរុសកូវីដ១៩បន្តកើនឡើង

នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe គ្រោងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នដោយសារការរាតត្បាតនៃវីរុសកូវីដ១៩ក្នុងប្រទេសជប៉ុន ខណៈករណីឆ្លងថ្មីៗនេះបានរាលដាលខ្លាំងក្នុងទីក្រុងតូក្យូ និងទីក្រុងធំៗដទៃទៀត។

 
ជប៉ុនគ្រោងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នខណៈចំនួនអ្នកឆ្លងវីរុសកូវីដ១៩បន្តកើនឡើង
Photo Credit: KYODO NEWS+

ទីក្រុងតូក្យូនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe គ្រោងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នដោយសារការរាតត្បាតនៃវីរុសកូវីដ១៩ក្នុងប្រទេសជប៉ុន ខណៈករណីឆ្លងថ្មីៗនេះបានរាលដាលខ្លាំងក្នុងទីក្រុងតូក្យូ និងទីក្រុងធំៗដទៃទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន KYODO NEWS ថ្ងៃទី០៦ មេសា ២០២០នេះ។

ការប្រកាសនេះត្រូវបានរំពឹងថានឹងធ្វើឡើងនៅថ្ងៃអង្គារ ហើយនឹងមានប្រសិទ្ធិភាពនៅថ្ងៃពុធ។ នេះបើ តាមការឲ្យដឹងពីប្រភពរដ្ឋបាល។ នៅពេលប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន អភិបាលខេត្តប្រកាសព័ត៌មានដល់សាធារណៈជនឱ្យស្នាក់នៅក្នុងផ្ទះ និងស្នើសុំបិទសាលារៀន និងកន្លែងផ្សេងៗទៀត។

មន្ត្រីរដ្ឋាភិបាលបានបន្ថែមថា លោក Abe នឹងត្រូវបញ្ជាក់ពីតំបន់ណាមួយដែលនឹងត្រូវកំណត់គោលដៅ និងមានរយៈពេលប៉ុន្មាន។ ទីក្រុងធំៗដូចជាតូក្យូ និងអូសាកាទំនងជាគោលដៅ។

មន្ត្រីរូបនោះបាននិយាយថា ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ស្ថិតក្រោមច្បាប់ដែលបានធ្វើវិសោធនកម្មនាពេលថ្មីៗនេះនឹងធ្វើឡើងនៅពេលដែលប្រទេសជប៉ុនព្យាយាមទប់ស្កាត់ការកើនឡើងដ៏រហ័សនៃចំនួនអ្នកឆ្លងវីរុសកូវីដ១៩ ដែលបង្កហានិភ័យយ៉ាងខ្លាំងដល់អាយុជីវិត និងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន។

សម្ពាធបានរុញច្រានឲ្យដល់កម្រិតប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន។ អភិបាលក្រុងតូក្យូ និងអភិបាលក្រុងអូសាកាបានអំពាវនាវឲ្យនាយករដ្ឋមន្រ្តីលោក Abe ធ្វើការប្រកាស ខណៈសមាគមវិជ្ជសាស្រ្តជប៉ុន (JMA) បានកំពុងស្វែងរកវិធានការនានាដោយមានការភ័យខ្លាចចំពោះការដួលចុះនៃប្រព័ន្ធសុខាភិបាល។

ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នដែលជាលើកទីមួយហើយនៅក្នុងប្រទេសជប៉ុន នឹងរឹតត្បិតសិទ្ធិបុគ្គល ដោយអភិបាលខេត្តអំពាវនាវឱ្យមានសកម្មភាពជាក់លាក់ដើម្បីការពារការរីករាលដាលនៃវីរុស។

សូមរម្លឹកផងដែរថា គិតមកត្រឹមថ្ងៃអាទិត្យ ០៥ មេសា ២០២០ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ក្នុងប្រទេសជប៉ុនបានកើនឡើងដល់ ៤,៥៦៣ នាក់ហើយ ដោយចំនួននេះរួមបញ្ចូលអ្នកឆ្លងនៅលើកប៉ាល់ Diamond Princess ចំនួន៧០០នាក់ផងដែរ ខណៈអ្នកស្លាប់កើនដល់ ១០៤នាក់ហើយ។

ដោយឡែក នៅទីក្រុងតូក្យូឯណោះវិញ មានករណីឆ្លងវីរុសកូវីដថ្មីចំនួន ១១៤នាក់បន្ថែមទៀតកាលពីថ្ងៃអាទិត្យ ០៥ មេសា ២០២០ ដែលធ្វើឲ្យទីក្រុងនេះមានអត្រាឆ្លងខ្ពស់ជាងគេក្នុងអត្រាឆ្លងប្រចាំថ្ងៃ ហើយធ្វើឲ្យតួលេខសរុបក្នុងទីក្រុងនេះកើនដល់ ១,០៣៣ នាក់ហើយ៕

ប្រភព៖ KYODO NEWS ប្រែសម្រួល៖ ចាប មិថុនា