កម្ពុជាស្នើឱ្យសារព័ត៌មានវៀតណាមមួយកែតម្រូវការផ្សាយខុសការពិត

ភ្នំពេញ៖ កម្ពុជាច្រានចោលទាំងស្រុងនូវការចុះផ្សាយមិនត្រឹមត្រូវរបស់សារព័ត៌មានវៀតណាម «VN Express International» ដែលបានសរសេរដោយឈ្មោះ Cuu Long – Phuoc Tuan នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ថា មានបុរសម្នាក់ដែលឆ្លង ដែនពីកម្ពុជាចូលទៅប្រទេសវៀតណាមដោយខុសច្បាប់ ត្រូវបានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ ។

 
កម្ពុជាស្នើឱ្យសារព័ត៌មានវៀតណាមមួយកែតម្រូវការផ្សាយខុសការពិត
កម្ពុជាស្នើឱ្យសារព័ត៌មានវៀតណាមមួយកែតម្រូវការផ្សាយខុសការពិត

លោកជំទាវវេជ្ជណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានស្នើសុំឱ្យសារព័ត៌មានវៀតណាមមួយនេះ គោរពក្រមសីលធ៌មវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ និងមានការសហការគ្នាល្អក្នុងការផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវ មុននឹងចុះផ្សាយជាសាធារណៈ ដើម្បីរក្សាសេចក្តីថ្លៃថ្នូរ កិច្ចសហប្រតិបត្តិការល្អ និងមានភាពត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាល។

ពាក់ព័ន្ធនឹងការចុះផ្សាយនោះ ក្រសួងសុខាភិបាល បានបំភ្លឺ៦ចំណុចដូចតទៅ៖
១- តាមការឆែកនៅគ្រប់ច្រកចូល
ពីប្រទេសថៃ ដែលកម្ពុជាកំពុងតែគ្រប់គ្រងពលករខ្មែរ និងអ្នកដំណើរចូលកម្ពុជាដោយហ្មត់ចត់នៅតាមបណ្តាខេត្តដែលមានច្រកតាមព្រំដែនថៃ គឺមិនមានបុរសជនជាតិវៀតណាមឈ្មោះនេះ ដែលឆ្លងចូលមកកម្ពុជា
នៅថ្ងៃទី២៣ និង២៤ ខែធ្នូ រួមទាំងច្រកបាវិត នៅខេត្តស្វាយរៀងផងដែរ ក៏មិនមានករណីបុរសជនជាតិវៀតណាមនេះឆ្លងចេញពីកម្ពុជាដែរ។

២- បុរសនេះជាជនជាតិវៀតណាម តែបែរជាដាក់ថា ចូលវៀតណាមខុសច្បាប់ទៅវិញ។ តើនេះជាបែបវៀតណាមចូលស្រុកខ្លួនវិញខុសច្បាប់ដែរមែនទេ?

៣- បុរសជនជាតិវៀតណាមរូបនេះ មានឪពុកម្តាយនៅខេត្តវិញឡុង ដែលពួកគាត់រួមជាមួយប៉ូលិសម្នាក់ និងបុគ្គលិកសុខាភិបាល៤នាក់ទៀត ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលវេជ្ជសាស្ត ស្រុកម៉ាងធីត (The Mang Thit District Medical Center)។

៤- នៅក្នុងអត្ថបទនេះ បានបញ្ជាក់
រួចហើយថា បុរសឈ្មោះ Le Thuc Tri អាយុ៣២ឆ្នាំ ដែលតេស្តវិជ្ជមាន ដោយវិទ្យាស្ថានប៉ាស្ទ័រទីក្រុងហូជីមិញ មិនទាន់មានការបញ្ជាក់ពីក្រសួងសុខាភិបាលវៀតណាមថា មានវីរុសកូវីដ-១៩ នោះទេ។

៥- បុរសជនជាតិវៀតណាមរូបនេះ បានធ្វើដំណើរមកពីប្រទេសភូមា មកប្រទេសថៃតាមឡានដឹកទំនិញ (Truck) នៅថ្ងៃទី១៥ ខែធ្នូ ហើយស្នាក់នៅប្រទេសថៃ រហូតដល់ថ្ងៃទី២២ ។ បន្ទាប់មក បុរសនេះរួមដំណើរជាមួយបុគ្គល ៦នាក់ផ្សេងទៀត ជិះឡានដឹកទំនិញមកកម្ពុជានៅថ្ងៃទី២៣ ហើយបានឆ្លងកាត់ច្រកព្រំដែនចូលខេត្តតៃនិញនៅថ្ងៃទី២៤ និងបន្តទៅទីក្រុងហូជីមិញតាមរថយន្តក្រុងទៅវិញឡុង ទៅផ្ទះម្តាយគាត់នៅទីនោះ ដែលម្តាយគាត់រាយការណ៌ទៅអាជ្ញាធរនិងដាក់បុរសនេះធ្វើចត្តាឡីស័កនៅថ្ងៃទី២៤។

៦- ដូច្នេះ ការចុះផ្សាយរបស់សារព័ត៌មានវៀតណាមខាងលើ ដែលថាបុរសជនជាតិវៀតណាម ឆ្លងចូល
វៀតណាមខុសច្បាប់ពីកម្ពុជា មានវីរុសកូរ៉ូណាថ្មីនោះ គឺមិនត្រឹមត្រូវឡើយ ហើយក្រសួងសុខាភិបាលកម្ពុជា សូមច្រានចោលទាំងស្រុងនូវព័ត៌មានចុះផ្សាយមិនត្រឹមត្រូវរបស់សារព័ត៌មានវៀតណាមឈ្មោះ VN Express International ដែលបានចុះផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៥:៣០ pm (GMT +7) នេះ៕

 

ប្រភព: ក្រសួងព័ត៌មាន