មន្រ្តីសុខាភិបាលទទូចឱ្យពលករខ្មែរធ្វើការនៅប្រទេសថៃកុំទាន់ត្រឡប់មកស្រុកវិញ រង់ចាំកូវីដ១៩ស្ងប់សិន

បាត់ដំបង៖ លោក វេជ្ជបណ្ឌិត អ៊ុក វិទ្យាអនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឱ្យដឹងថា ស្របពេល ដែល ប្រទេសថៃកំពុងផ្ទុះជំងឺកូវីដ១៩រីករាលដាលដូច្នេះ សូមឱ្យ ពលករ ខ្មែរដែលធ្វើការនៅប្រទេសថៃកុំជ្រួលច្របល់ វិលត្រឡប់មកស្រុកវិញ ពោលគឺធ្វើការនៅទីណា សូមនៅទីនោះសិន ព្រោះប្រទេស ថៃក៏មានកន្លែងធ្វើចត្តាឡីស័ក និង ពិនិត្យព្យាបាលជំងឺកូវីដ១៩គ្រប់គ្រាន់ដោយមិនគិតលុយ។

 
មន្រ្តីសុខាភិបាលទទូចឱ្យពលករខ្មែរធ្វើការនៅប្រទេសថៃកុំទាន់ត្រឡប់មកស្រុកវិញ រង់ចាំកូវីដ១៩ស្ងប់សិន

លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា បើសិនបានជាវិលត្រឡប់មកវិញតាមច្រករបៀងក្តី តាមច្រក ផ្លូវកាត់ក្តី សូមស្ម័គ្រចិត្តចូលខ្លួនមកធ្វើចត្តាឡីស័ក១៤ថ្ងៃសិន មុនចូលទៅកាន់សហគមន៍ និង បើចូលដល់សហគមន៍ហើយ សាមីខ្លួន សាច់ញាតិឬ អ្នកជិតខាង សូមរាយការណ៍ ជាបន្ទាន់មកកាន់ អាជ្ញាធរមូលដ្ឋានឱ្យបានដឹង ដើម្បីបញ្ជូនមកធ្វើចត្តាឡីស័ក១៤ថ្ងៃ ឬធ្វើចត្តាឡីស័ក នៅផ្ទះផ្ទាល់ដោយគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកវេជ្ជបណ្ឌិតមានប្រសាសន៍នេះខណៈចូលរួមជាវាគ្មិនក្នុងកម្មវិធីសន្ទនាមតិ តាមវិទ្យុជាតិចំការចេក កាលពីថ្ងៃទី៥ខែមករាឆ្នាំ២០២១ ។


លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះសភាពការគ្រប់គ្រងពលករត្រឡប់មកពីប្រទេសថៃ គឺអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធនិងមន្រ្តីសុខាភិបាល គ្រប់គ្រងបានល្អហើយ ពុំមានធ្លាយចូលសហគមន៍ដោយពុំទាន់ ធ្វើចត្តាឡីស័កនោះទេ។
ទោះបីយ៉ាងណាលោក ចង់ឱ្យពលរដ្ឋចូលរួមបន្ថែមទៀត គឺពលរដ្ឋ ទាំងអស់ត្រូវក្លាយ ជាភ្នាក់ងារផ្តល់ព័ត៌មានទៅកាន់អាជ្ញាធរមូលដ្ឋាននៅពេលពិនិត្យឃើញថាមានពលករ ទើបត្រឡប់ មកពីប្រទេសថៃចូលសហគមន៍ ឬ សង្ស័យមានការកើត ជំងឺកូវីដ១៩ នៅសហគមន៍របស់ខ្លួន ។
លោកវឿង ប៊ុនរ៉េត បញ្ជាក់ថា ពលករត្រឡប់មកពី ប្រទេសថៃ តាមច្រកព្រំដែនខេត្តបាត់ដំបង គឺកម្រិតធម្មតាពុំមានគំហុកនោះទេ គឺចន្លោះពី ២០ ទៅ៥០នាក់ ពេលខ្លះ ១០០ ទៅ១០០នាក់ជាងក្នុងមួយថ្ងៃ។តួលេខសរុបពលករដែលត្រឡប់មកពីប្រទេសថៃគិតត្រឹមព្រឹកថ្ងៃទី០៥មករានេះមានចំនួន ១៨១៥នាក់ ស្រី ៧៥៤នាក់ ៕

ប្រភព: ក្រសួងព័ត៌មាន