ប្រធានាធិបតីប៉ាឡេស្ទីនស្នើឲ្យតួកគីជួយគាំទ្រប្រទេសរបស់ខ្លួន
រ៉ាម៉ាឡា៖ លោកម៉ាម៉ូដ អាបាស (Mahmoud Abbas) ប្រធានាធិបតីនៃប្រទេសប៉ាឡេស្ទីនបានស្នើសុំឲ្យប្រធានាធិបតីតួកគីលោក ថាយ៉ីប អឺឌូហ្គេន (Recep Tayyip Erdogan) ជួយដល់ការបោះឆ្នោត ការសហប្រតិបត្តិការ និងបញ្ចប់បញ្ហាផ្ទៃក្នុង។
ក្នុងការពិភាក្សាតាមទូរស័ព្ទរវាងមេដឹកនាំប្រទេសទាំងពីរ ពួកគេបានផ្តោតលើស្ថានការណ៍បច្ចុប្បន្នក្នុងប្រទេសប៉ាឡេស្ទីន ហើយភាគីប៉ាឡេស្ទីនសុំអ្នកអង្កេតការណ៍ពីខាងតួកគីដើម្បីមកអង្កេតលើការបោះឆ្នោតក្នុងប្រទេសខ្លួន។
មិនតែប៉ុណ្ណោះ លោកអាបាស ក៏បានរៀបរាប់ពីប្រាប់ប្រធានាធិបតីតួកគីជុំវិញការវិវឌ្ឍន៍នយោបាយថ្មីៗក្នុងតំបន់ និងសម្ពាធពីសហរដ្ឋអាមេរិកដែលកំពុងដាក់មកលើប្រទេសអារ៉ាប់រួមមួយចំនួនដើម្បីស្តារទំនាក់ទំនងល្អជាមួយអ៊ីស្រាអែលឡើងវិញ។
សូមរម្លឹកផងដែរថា កាលពីថ្ងៃទី០៣ ខែកញ្ញា កន្លងទៅ ប្រធានាធិបតីប៉ាឡេស្ទីនបានធ្វើជាប្រធានកិច្ចប្រជុំមួយចូលរួមតាមប្រព័ន្ធអនឡាញដោយគណៈដឹកនាំរបស់ប៉ាឡេស្ទីនទាំង១៤រូប ដែលព្រមព្រៀងលើផែនការរួបរួមគ្នាប្រឈមនឹងបញ្ហានយោបាយនៅពេលបច្ចុប្បន្ន៕
សូមទស្សនាវីដេអូ៖
ប្រភព៖ Xinhua, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ