ឯកឧត្ដម ឃួង ស្រេង ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនាស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ នៅចុងខែមេសាខាងមុខនេះ ដើម្បីរំដោះការជន់លិចលង់ និងបរិស្ថានស្អាត
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ខាងត្បូងរាជធានីភ្នំពេញ ដែលជាគម្រោងរបស់អង្គការចៃកា (Jica) ប្រទេសជប៉ុន ដែលមានសមត្ថភាពបំប្លែងទឹកកខ្វក់បានប្រមាណជា ៥០០០ម៉ែត្រគុប ក្នុង១ថ្ងៃ គ្រោងនឹងស្ថាបនាឡើងនាចុងខែមេសា ឆ្នាំ២០២១ ខាងមុខនេះហើយ ដើម្បីបង្កើនសមត្ថភាពរំដោះការជន់លិច ដោយជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ។
គម្រោងសាងសង់នេះបានធ្វើឡើងក្រោយពីដោះស្រាយផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានរំលោភលើទីតាំងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នេះរួចរាល់។
ការបង្ហាញពីគម្រោងនៃការស្ថាបនាស្ថានីយ ប្រព្រឹត្តិកម្មខាងលើនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយមន្រ្តីជំនាញនាព្រឹកថ្ងៃ៤កើត ខែផល្គុនឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ នៅភាគខាងត្បូងរាជធានីភ្នំពេញ ក្នុងតំបន់អភិវឌ្ឍន៍បឹងទំពុននេះ មានសមត្ថភាពបំប្លែងទឹកកខ្វក់បានប្រមាណជា ៥.០០០ម៉ែត្រគុប ក្នុងមួយថ្ងៃ ដែលជាគម្រោងដ៏ធំដំបូងគេ។ គម្រោងនេះ នឹងធ្វើឡើងនៅក្នុងដីទំហំ ៣ហិកតាសិន ដែលអាចយកទឹកកខ្វក់ចេញពីខណ្ឌមួយចំនួន ដូចជា ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌបឹងកេងកង ជាដើម ។ គម្រោងនេះត្រូវតបណ្ដាញទុយោទឹកកខ្វក់ចេញពីស្ថានីយបឹងត្របែក ទំហំ៣តឹក តភ្ជាប់ទៅស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ខាងលើនេះ។
លោកប្រធានមន្ទីរសាធារណការរាជធានី បានបញ្ជាក់ថា គម្រោងខាងលើនេះក្រុមការងារ បានប្រជុំដោះស្រាយផលប៉ះពាល់ជាច្រើន លើកច្រើនសារួចមកហើយ ពោលគឺតាំងពីឆ្នាំ២០១៨មកម៉្លេះ ដែលមានប្រជាពលរដ្ឋចំនួន២២គ្រួសារ ទទួលរងផលប៉ះពាល់ពីគម្រោងខាងលើ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងដាំត្រកួន អ្នកធ្វើរោងចាំដីជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងនឹងជំរុញការដោះស្រាយឱ្យរួចរាល់នៅក្នុងអំឡុងខែមីនាឆ្នាំនេះ ហើយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នឹងអាចប្រគល់ទីតាំងខាងលើទៅឱ្យអង្គការ ចៃកា ដើម្បីអនុវត្តន៍គម្រោងនៃការសាងសង់ស្ថានីយអាងប្រព្រឹត្តិកម្មទឹកកខ្វក់នេះហើយ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា តំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ មានទំហំដី ៥២០ហិកតា ហើយក្នុងចំនួននេះ គឺរាជរដ្ឋាភិបាលបានកាត់ចំនួន១៩០ហិកតា ដើម្បីធ្វើការវិនិយោគទៅឱ្យវិស័យឯកជន ហើយនៅសល់១៨១ហិតតា ជាដីរបស់រដ្ឋដែលយើងត្រូវចាត់ចែង ដើម្បីធ្វើអាងស្តុកទឹកកសាងនូវអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ឱ្យទៅជាទឹកស្អាត និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ។
ឯកឧត្ដម បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញត្រូវតែជំរុញ និងពន្លឿនការដោះស្រាយផលប៉ះពាល់នេះឱ្យបានលឿន ដើម្បីឱ្យ Jica ស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ឱ្យទៅជាទឹកស្អាតនេះ បានលឿនទៅតាមគម្រោងដែលបានគ្រោងទុក៕
ប្រភព: ក្រសួងព័ត៌មាន