ពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការដាក់ឲ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥!
រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តលើផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប( ២០២១-២០៣៥ ) ដោយសង្ឃឹមថា ផែនការមេនេះ នឹងក្លាយជាយន្តការដ៏មានសារ:សំខាន់ ជាយុទ្ធសាស្ត្រ សម្រាប់ការឆ្លើយតបស្ថានភាពនាបច្ចុប្បន្ន និងទៅអនាគត ដោយបានកំណត់ចក្ខុវិស័យទេសចរណ៍រយ:ពេលវែង ដោយផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ចូលរួមដល់ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ព្រមទាំងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុផងដែរ ។
តាមប្រព័ន្ធវីដេអូដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាព័ត៌មាន Zoom នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្នុងពិធីប្រកាសជាផ្លូវការ ដាក់ឲ្យអនុវត្តផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ ឯកឧត្តមគតិបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណ:កម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា ផែនការមេនេះ ត្រូវបានរាជរដ្ឋាភិបាលអនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានគណ:កម្មការអន្តរក្រសួង សិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប បានលើកបង្ហាញរបាយការណ៍ ដោយកំណត់សំគាល់ថា៖ ខេត្តសៀមរាបជាបេះដូង នៃទេសចរណ៍កម្ពុជាទាំងមូល ដូច្នេះផែនការមេនេះត្រូវបានកំណត់វិសាលភាពរួម ទាំងទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ និងប្រភេទទេសចរណ៍ទាក់ទាញដទៃទៀត ខណ:ដែលបច្ចុប្បន្នការទស្សនាប្រាសាទអង្គរ គឺជាមូលហេតុចម្បងតែមួយរបស់ ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប។ ផែនការមេនេះ បានសិក្សាដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីបង្កើនភាពទាក់ទាញ នៃខេត្តសៀមរាបទាំងមូលដែលមានលើសពីការទស្សនាប្រាសាទ ដោយផ្សារភ្ជាប់ជាមួយសកម្មភាពកម្សាន្តដ៏សម្បូរបែបដទៃទៀត និងត្រៀមខ្លួនរួចជាស្រេច សម្រាប់ចាប់យកកាលានុវត្តភាពដែលមានលើទីផ្សារទេសចរណ៍អន្តរជាតិ។
នៅក្នុងនិន្នាការវិស័យទេសចរណ៍កម្ពុជា ឆ្នាំ២០២០កន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជា ក្នុងនេះក៏មានខេត្តសៀមរាបផងដែរ បានទទួលរងឥទ្ធិពលដ៏អាក្រក់ដែលមិនធ្លាប់មានក្នុងរយ:ពេល២០ឆ្នាំចុងក្រោយនេះ ដោយសារតែវិបត្តិ នៃជំងឺកូវីដ-១៩ ។ រាជរដ្ឋាភិបាលជឿជាក់ថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ គឺជាឧបករណ៍ដ៏មានសារ:សំខាន់ និងជាយុទ្ធសាស្ត្រសម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន និងទៅអនាគត និងដែលអាចចូលរួមគាំទ្រដល់ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០-២០៥០ផងដែរ។
របាយការណ៍បានព្យាករណ៍ឆ្ពោះទៅរកឆ្នាំ២០៣៥ ដោយធ្វើការគណនា និងប្រៀបធៀបឥទ្ធិពល នៃវិស័យទេសចរណ៍លើផ្នែកសេដ្ឋកិច្ច-សង្គម និងមានសេណារីយ៉ូច្បាស់លាស់នោះ ខេត្តសៀមរាបនឹងមានសមត្ថភាពទទួលស្វាគមន៍ភ្ញៀវ ទេសចរសរុបប្រមាណជាង ១៨លាននាក់ (ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ ៧,៥ លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណជិត ១១លាននាក់។ វិស័យនេះនឹងផ្តល់ចំណូលចូលក្នុងចរន្តសេដ្ឋកិច្ចខេត្តសៀមរាប (៨. ស. ស.) ស្មើប្រមាណជិត ៦ពាន់លានដុល្លារអាមេរិក និងបានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋសរុបប្រមាណ ១,៦ លាននាក់ ក្នុងនោះការងារផ្ទាល់ក្នុងវិស័យទេសចរណ៍មានចំនួនប្រមាណ ៩៤ ម៉ឺននាក់៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប