[វីដេអូ] Ep.64 ប្រធានបទ៖ ការកង្វះវីតាមីន B12 សម្រាប់អ្នកជំងឺទឹកនោមផ្អែម
វីតាមីន B12 មានតួនាទីសំខាន់ណាស់ក្នុងសិរីរាង្គកាយរបស់យើង។ វាចូលរួមក្នុងការការពារប្រព័ន្ធសរសៃវិញ្ញាណ បង្កើតគ្រាប់ឈាមក្រហម DNA ព្រមទាំងជំនួយដល់ប្រព័ន្ធខួរក្បាលផងដែរ។ កាលណា កម្រិតវីតាមីន B12 ត្រូវបានថយចុះ នោះរាងកាយនឹងចេញនូវរោគសញ្ញាមួយចំនួនដែលព្រមានដល់សុខភាព។
កត្តាប្រឈម
នៅក្នុងឆ្នាំ 2009 តាមស្ថិតិបានបង្ហាញថា អ្នកជំងឺទឹកនោមផ្អែម ប្រមាណ 22% ទទួលការប្រឈមនឹងកត្តាកង្វះវីតាមីន B12។ មូលហេតុ និងកត្តាប្រឈមចម្បងទាំងនោះរួមមាន ៖ កំណើនអាយុកាន់តែច្រើន ការប្រើប្រាស់ថ្នាំរយៈពេលយូរ ដូចជាថ្នាំទឹកនោមផ្អែម (Metformin) ព្រមទាំងថ្នាំក្រពះមួយចំនួនដែលមានមុខងារបន្ថយជាតិអាស៊ីតក្នុងក្រពះ។ វាក៏អាចកើតឡើងចំពោះអ្នកជំងឺដែលធ្លាប់ទទួលការវះកាត់ផ្នែកណាមួយនៃក្រពះ ឬពោះវៀន ឬចំពោះអ្នកដែលហូបបួសជាដើម។
រោគសញ្ញា
កង្វះនៃ វីតាមីន B12 ជាទូទៅមានរោគសញ្ញាដូចជា ៖
- វិលមុខ
- ស្រវាំងភ្នែក
- ស្លេកស្លាំង
- ស្ពឹក ឬក្រហាយចុងដៃ ចុងជើង
- ហើម និងឡើងក្រហមលើអណ្ដាត ដែលរំខានដល់រសជាតិ និងការរំលាយអាហារ
- ដំបៅ ឬប្រេះបបូរមាត់
- ករណីខ្លះអាចនាំឲ្យអ្នកជំងឺងាយបាក់ទឹកចិត្ត និងប៉ះពាល់ដល់ការចង់ចាំផងដែរ។
វិធីព្យាបាល
ការព្យាបាល ត្រូវបានបែងចែកជាពីរ ប្រភេទ គឺ ៖
- ការព្យាបាលដោយរបបអាហារ ៖ អាហារដែលសម្បូរទៅដោយ វីតាមីន B12 រួមមាន សាច់ក្រហម ( សាច់គោ សាច់ជ្រូក គ្រឿងក្នុងគោ…) ត្រីសាលម៉ុន ស៊ុត គ្រាប់ធញ្ញជាតិ តៅហ៊ូ ទឹកដោះគោ និងផលិតផលទឹកដោះគោគ្រប់ប្រភេទ។
- ការព្យាបាលដោយប្រើថ្នាំ ៖ អាចជាប្រភេទថ្នាំគ្រាប់ វីតាមីន B12 ឬធ្វើការចាក់បញ្ចូល វីតាមីន B12 ទៅក្នុងឈាមដោយផ្ទាល់ ចំពោះអ្នកជំងឺដែលខ្វះវីតាមីន B12 ធ្ងន់ធ្ងរ៕