អាកាសធាតុនៅកម្ពុជា នឹងមានភ្លៀងធ្លាក់រាយប៉ាយជាលំដាប់ធ្វើឱ្យមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់មួយចំនួន
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ មេសា ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២២ ដល់ ២៨ ខែមេសា ឆ្នាំ២០២០ ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣-២៨ ខែមេសា ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយជាលំដាប់ នៅក្នុងក្របខណ្ឌផ្ទៃប្រទេស ខណៈធាតុអាកាសក្តៅ នឹងថយចុះមួយកម្រិត។
តាមរយៈសេចក្តីប្រកាសដដែលបានបន្ថែមថា ជាមួយនឹងស្ថានភាពនេះ ក្រសួង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបាតុភូផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល និងជួរភ្នំដងរែក ចាប់ពីថ្ងៃទី២៣-២៥ ខែមេសា៕
ដោយ៖ ជា បញ្ញា