សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងព្រឹត្តិការណ៍"BRICS Plus" កិច្ចសន្ទនាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍសកល នៅព្រលប់ថ្ងៃទី២៤ ខែមិថុនានេះ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងព្រឹត្តិការណ៍ "BRICS Plus" កិច្ចសន្ទនាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍសកល ក្រោមមូលបទ «លើកកម្ពស់ភាពជាដៃគូ អភិវឌ្ឍន៍សកល សម្រាប់យុគសម័យថ្មីដើម្បីរួមគ្នាអនុវត្តន៍របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព» នៅព្រលប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។

 
សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងព្រឹត្តិការណ៍

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិប្តិការអន្តរជាតិចេញផ្សាយ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួម ជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមកពីប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោ និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍ "BRICS Plus" កិច្ចសន្ទនាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍសកល ក្រោមមូលបទ «លើកកម្ពស់ភាពជាដៃគូ អភិវឌ្ឍន៍សកល សម្រាប់យុគសម័យថ្មីដើម្បីរួមគ្នាអនុវត្តន៍របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព» ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិន ។

នៅក្នុងសេចក្ដីថ្លែងការណ៍តាមប្រព័ន្ធវីដេអូ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងផ្តោតលើ ចំណុចសំខាន់ៗ រួមមាន៖ ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ការបន្តដាក់សម្ពាធលើបរិយាកាសសន្តិសុខសកល សន្តិសុខស្បៀង និងសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើវិធានច្បាប់។ សម្តេចតេជោ នឹងគូសបញ្ជាក់ផងដែរពីផែនការ ស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីត-១៩ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងដំណើរការចាក ចេញដោយរលូនពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) និងដើម្បីសម្រេចជោគជ័យលើគោលដៅ អភិវឌ្ឍន៍កម្ពុជាប្រកបដោយចីរភាព។

ជាមួយគ្នានេះ ការចូលរួមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងកិច្ចសន្ទនាខាងលើ នឹងបញ្ជាក់ពីការប្តេជ្ញា ចិត្តរបស់កម្ពុជាក្នុងការដើរតួនាទីដ៏សកម្ម ដើម្បីសម្រេចការស្តារសេដ្ឋកិច្ចសកល និងរបៀបវារៈ ឆ្នាំ ២០៣០ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕ 

Join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងព័ត៌មាន