ពលរដ្ឋភៀសសឹកបានកើនដល់ជាង៣ម៉ឺនគ្រួសារស្មើនឹងជាង១២ម៉ឺននាក់ នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពមណ្ឌលសុវត្ថិភាពជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យខណៈពលរដ្ឋភៀសសឹកបានកើនដល់ជាង៣ម៉ឺនគ្រួសារស្មើនឹងជាង១២ម៉ឺននាក់ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអញ្ជើញចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋភៀសសឹកតាមមណ្ឌលសុវត្ថិភាពនានានៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។
នៅខេត្តឧត្តរមានជ័យឯកឧត្តម គន់ គីម បានអញ្ជើញពិនិត្យមណ្ឌលសុវត្ថិភាពចំនួនពីរកន្លែងផ្សេងគ្នា ក្នុងស្រុកចុងកាល់ ដែលជម្លៀសមកពីតាមព្រំដែន។ទីតាំងទីមួយ ស្ថិតនៅវត្តបាត់ថ្កូវ ឃុំចុងកាល់ និងទីតាំងទីពីរ ដែលជាទីតាំងមួយក្នុងចំណោមទីតាំងជាច្រើនផ្សេងទៀតក្នុងស្រុកចុងកាល់ ។នៅទីនោះឯកឧត្តមទេសរដ្ឋមន្រ្តីសង្កេតឃើញថា អាជ្ញាធរខេត្ត ស្រុក និងមូលដ្ឋានបានកំណត់ទីតាំងមណ្ឌលសុវត្ថិភាពដែលមានសុវត្ថិភាពខ្ពស់ដល់ជនភៀសសឹកបានស្នាក់នៅបណ្តោះអាសន្ន។ឯកឧត្តមក៏បានពិនិត្យមណ្ឌលសុវត្ថិភាពនៅក្នុងស្រុកអន្លង់វែងផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ណែនាំដល់អាជ្ញាធរត្រូវតាមដានឱ្យបានម៉ត់ចត់រាល់តម្រូវការចាំបាច់ដូចជា ស្បៀង សម្ភារៈប្រើប្រាស់ ឬថ្នាំសង្កូវឱ្យបានគ្រប់គ្រាន់សម្រាប់ចែកជូនប្រជាពលរដ្ឋ ហើយក្នុងករណីមានការខ្វះខាតត្រូវស្នើទៅកាន់រដ្ឋបាលខេត្ត ឬមន្ទីរជំនាញ ដើម្បីចាត់ចែងភ្លាមជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ចំនួនជនភៀសសឹកគិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ចំនួនជនភៀសសឹកបានកើនដល់ជាង ៣៦.០០០គ្រួសារ ស្មើនឹងមនុស្សជាង ១២ម៉ឺននាក់។ក្នុងនោះ៖ខេត្តព្រះវិហារ មានជនភៀសសឹកកើនដល់៦.១៣៣គ្រួសារ ស្មើនឹងមនុស្សចំនួន២១.៦៣៩នាក់,ខេត្តឧត្តរមានជ័យមានជនភៀសសឹកកើនដល់ ៩.៧៦៨គ្រួសារ ស្មើនឹងមនុស្សចំនួន៣៣.៧៨៧នាក់,ខេត្តបន្ទាយមានជ័យ មានជនភៀសសឹកកើនដល់១០.២៥៥គ្រួសារ ស្មើនឹងមនុស្ស៣៦.២៤៤នាក់,ខេត្តបាត់ដំបងមានជនភៀសសឹក២០២គ្រួសារ ស្មើនឹងមនុស្ស៨១០នាក់,ខេត្តពោធិ៍សាត់ មានជនភៀសសឹកកើនដល់៦៤១គ្រួសារ ស្មើនឹងមនុស្ស១.៨៩៦នាក់ ដោយភាគច្រើនបានជម្លៀសពីព្រំដែនថ្មដា មកកាន់ទីរួមស្រុកវាលវែង,ខេត្តសៀមរាបបានទទួលជនភៀសសឹកកើនដល់៩.៩៥៨គ្រួសារ ស្មើនឹងមនុស្សចំនួន ៣១.៨៣៧នាក់៕









































