សាលារៀនសហគមន៍២១ សាខាទី២ព្រែកអញ្ចាញបានបើកសម្ពោធជាផ្លូវការដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់សេដ្ឋកិច្ចក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើងថែមទៀត
ស្ថាប័នអប់រំថ្មីមួយរបស់បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប គឺសាលារៀនសហគមន៍២១ សាខាទី២ព្រែកអញ្ចាញត្រូវបានបើកសម្ពោធដាក់ឲ្យដំណើរការនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់សេដ្ឋកិច្ចក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើងថែមទៀត។
នាឱកាសបើកសាលារៀនសហគមន៍២១ សាខាព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានមានប្រសាសន៍ថា “ការបើកសាលារៀនមិនមែនត្រឹមតែរកប្រាក់ចំណេញជាគោលនោះទេ គឺដើម្បីផលិតធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។ ជាក់ស្តែងការបើកសាលារៀនសហគមន៍២១នេះគឺដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងសហគមន៍ឱ្យបានកាន់តែប្រសើរឡើងថែមទៀត ព្រោះថាសាលាក្រៅពីមានកម្មវិធីសិក្សាតាមក្រសួងអប់រំ យុវជន និងកីឡាហើយ សាលារៀនសហគមន៍២១ ក៏មានបញ្ចូលនូវកម្មវិធីសិក្សាតាមបែបទំនើបដូចជាកម្មវិធីសិក្សាតាមបំណិនជីវិតសតវត្សរ៍ទី២១ ដែលនឹងជួយឱ្យសិស្សចេះជំនាញត្រិះរិះពិចារណា ចេះសហការ ចេះធ្វើការជាក្រុម ចេះជំនាញបច្ចេកវិទ្យា និងជំនាញកុំព្យូទ័រជាដើម។”
ឧកញ៉ា ប៉ិច បូឡែន បានលើកឡើងទៀតថា សាលាក៏បានបញ្ចូលកម្មវិធីសិក្សាទំលាប់ល្អទាំង៧ របស់បុគ្គលឆ្នើមមកពីសហរដ្ឋអាមេរិក ដែលជួយអប់រំផ្នត់គំនិតសិស្សមានអត្ថចរិក និងឥរិយាបថល្អ កម្មវិធីសិក្សាចំណេះដឹងហិរញ្ញវត្ថុមកពីប្រទេសសឹង្ហបុរី សម្រាប់បង្រៀនឱ្យសិស្សចេះប្រើប្រាស់និងគ្រប់គ្រងថវិកាបានល្អ ចៀសផុតពីសម្ភារនិយម ចេះវិនិយោគ និងចេះសន្សំសំចៃ។
\ម្ចាស់គ្រឹះអប់រំខាងលើបានបញ្ជាក់ថា ចំពោះគ្រូបង្រៀនជនជាតិខ្មែរ និងបរទេសមានបទពិសោធន៍ និងឆ្លងកាត់វគ្គបណ្តុះបណ្តាល និងវគ្គបំប៉នសមត្ថភាពផ្សេងៗ ចំណែកឯកម្មវិធីសិក្សា និងកម្មវិធីគាំទ្រវិញមានដូចបណ្តាញសាលារៀនវ៉េស្ទឡាញន៍ដទៃទៀតដែរ។ លើសពីនេះ សាលារៀនសហគមន៍២១នឹងបញ្ចូលជំនាញវិជ្ជាជីវៈដល់សិស្សថ្នាក់ទី១០ឡើងទៅ ដើម្បីឱ្យពួកគាត់មានជំនាញមួយច្បាស់លាស់សម្រាប់ខ្លួនឯង ក្រោយពីបញ្ចប់ថ្នាក់ទី១២ ហើយពួកគាត់អាចនឹងទទួលបានការងារ និងចំណូលសមរម្យសម្រាប់គាំទ្រជីវភាពខ្លួនឯង និងក្រុមគ្រួសារទៀតផង។
ជាមួយគ្នានោះដែរ លោកស្រី ដឹប អេង អភិបាលរងស្រុកមុខកំពូលបានសម្តែងចូលរួមអបអរសាទរ និងបានចាត់ទុកសាលារៀនសហគមន៍២១ មានសារសំខាន់ណាស់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងកាត់បន្ថយភាពក្រីក្រ។ លោកស្រីក៏បានជំរុញឱ្យមាតាបិតាយកចិត្តទុកដាក់បណ្តុះបណ្តាលបុត្រធីតា របស់ខ្លួនឱ្យបានល្អព្រោះថាពួកគាត់ គឺជាធនធានដ៏មានសក្តានុពលសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា សាលារៀនសហគមន៍២១ គឺជាបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប និងមាន៣សាខា៖ សាខាក្រាំធ្នង់ សាខាព្រែកអញ្ចាញ និងសាខាផ្សារគគីរ ព្រមទាំងមានកម្មវិធីអប់រំទូទៅភាសាខ្មែរ ចាប់ពីថ្នាក់មត្តេយ្យដល់កម្រិតបឋមសិក្សាដោយអនុវត្តតាមប្រព័ន្ធអប់រំជាតិ កម្មវិធីមត្តេយ្យភាសាអង់គ្លេស កម្មវិធីភាសាអង់គ្លេស និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈនៅកម្រិតវិទ្យាល័យក្នុងតម្លៃសមរម្យ ថ្នាក់រៀនមានម៉ាស៊ីនត្រជាក់ អនាម័យល្អ វិន័យល្អ និងសុវត្ថិភាព ព្រមទាំងមានប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពខ្ពស់៕