[វីដេអូ] #Ep.114 ប្រធានបទ៖ វីតាមីនទាំង 7 ប្រភេទដែលជួយឲ្យស្បែកភ្លឺថ្លា
វីតាមីនមានតួនាទីយ៉ាងសំខាន់ក្នុងការកែលម្អជួយជុលកោសិការចាស់ៗ ប្រឆាំងនឹងការឆ្លងមេរោគ ជួយឲ្យមានសុខភាពល្អរួមបញ្ចូលទាំងសុខភាពស្បែកឲ្យស្រស់ភ្លឺថ្លាផងដែរ។ ដូចនេះយើងសូមចែករំលែកនូវអត្ថប្រយោជន៍សំខាន់ៗរបស់វីតាមីនមានដូចជា
១ វីតាមីន C
មិនថាជាផលិតផល ឬក៏ជាផ្លែឈើដែលបានមកពីវីតាមីន C នោះទេ សុទ្ធតែមានប្រយោជន៍សំរាប់សុខភាពដោយជួយព្យាបាលបញ្ហាស្បែកផ្សេងៗដូចជា មុន ស្មាមខ្មៅ កាត់បន្ថយការខូចខាតកោសិកា សូម្បីតែស្រទាប់ដែលមាននៅខាងក្នុងនៃស្បែកផងដែរ។វីតាមីន C បង្កើនការផលិតកូឡាជែននៅក្នុងស្បែក។ វីតាមីន C មាននៅក្នុង ផ្លែក្រូច ខាត់ណា ម្ទេស ផ្លែល្ហុង និង ផ្លែស្ត្របឺរី និងបន្លែព័ណ៌ទឹកក្រូចជាដើម។
២ វីតាមីន A
ចំពោះវីតាមីន A គឺពេញនិយមត្រូវបានគេប្រើក្នុងផលិតផលថែរក្សាស្បែកមួយចំនួនដោយសារតែវីតាមីន A មានសារធាតុប្រឆាំងអុកស៊ីតកម្មជួយទៅដល់ស្បែក ជួយព្យាបាលមុខមុន កាត់បន្ថយភាពចាស់ជាងវ័យ ជាសេរ៉ូមបំប៉នស្បែកនិង ជាឡេការពារកម្តៅថ្ងៃ។ វីតាមីន A មាននៅក្នុង ប្រេង ថ្លើម ស៊ុត គ្រាប់ធញ្ញជាតិ បន្លែនិងផ្លែឈើលឿង ព័ណ៌ទឹកក្រូច ឬបៃតង និងទឹកដោះគោជាដើម។
៣ វីតាមីន E
វីតាមីន E គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលថែរក្សាស្បែកឱ្យមានសុខភាពល្អ។ វីតាមីន E កាត់បន្ថយការបំផ្លាញពីពន្លឺព្រះអាទិត្យដោយការស្រូបកាំរស្មី UV នៃព្រះអាទិត្យនៅពេលលាបលើស្បែក។វីតាមីន E រក្សាសំណើមស្បែក និងការពារពីការរលាក។ វីតាមីន E មាននៅក្នុង ប្រេងបន្លែ បន្លែបៃតង ផ្លែឈើ និងគ្រាប់ធញ្ញជាតិ។
៤ វីតាមីន D
រាងកាយរបស់អ្នកផលិតវីតាមីន D ច្រើនបំផុតនៅពេលដែលកាំរស្មីព្រះអាទិត្យជ្រាបចូលទៅក្នុងស្បែករបស់អ្នក។ការត្រូវពន្លឺថ្ងៃ ១០ នាទីពេលព្រឹកព្រលឹមគឺគ្រប់គ្រាន់ដើម្បីទទួលបានវីតាមីន D ក្នុងកម្រិតប្រចាំថ្ងៃ។ សូមជៀសវាងការត្រូវពន្លឺថ្ងៃត្រង់ចន្លោះម៉ោង ១០ ព្រឹក - ម៉ោង ២រសៀល។ វីតាមីន D មាននៅក្នុង ស៊ុត ខ្លាញ់ត្រី ផលិតផលទឹកដោះគោ សណ្តែក និងគ្រាប់ធញ្ញជាតិ។
៥ វីតាមីន K
វីតាមីន K ដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលបញ្ហាស្បែក និងបញ្ហាជាច្រើនទៀត។ អត្ថប្រយោជន៍សំខាន់ៗមួយចំនួនរបស់វីតាមីន K រួមមាន ការបន្ថយស្នាមសង្វារ ស្នាមជាំ ចំណុចខ្មៅ រង្វង់ភ្នែក និងស្មាសសៃរនៅលើស្បែកមុខ។ បន្ថែមពីនេះវីតាមីន K ក៏ជួយក្នុងដំណើរការព្យាបាលរាងកាយ និងមានប្រសិទ្ធភាពក្នុងការព្យាបាលរបួស និងស្នាមជាំផងដែរ។ វីតាមីន K មាននៅក្នុង បន្លែបៃតង ត្រី ស៊ុត ជាដើម។
៦ វីតាមីន B3
វីតាមីន B3 គឺជាធាតុផ្សំប្រឆាំងរោគសើរស្បែក ជួយឲ្យស្បែកមានសំណើម ភ្លឺថ្លា និងមានសុខភាពល្អ។ ការសិក្សាបានបង្ហាញថាវីតាមីន B3 ក៏អាចជួយកាត់បន្ថយការលេចចេញនូវសញ្ញានៃភាពចាស់ ជួសជុលកោសិការចាស់ៗ និងរក្សាសំណើមនៅក្នុងស្បែក ។ វីតាមីន B3 មាននៅក្នុង គ្រាប់ធញ្ញាជាតិ សាច់ និង បន្លែ ជាដើម។
៧ វីតាមីន B5
វីតាមីន B5 រួមចំណែកដល់ស្បែកឲ្យមានសុខភាពល្អនិងរឹងមាំដែលមានសមត្ថភាពរក្សាសំណើម និងកាត់បន្ថយស្នាមជ្រួញ។ វីតាមីន B5 មាននៅក្នុង គ្រាប់ធញ្ញជាតិ ផ្លែបឺរ សាច់មាន់ជាដើម។
សូមទស្សនាវីដេអូខាងក្រោម៖