អ៊ីតាលីបើកឲ្យភ្ញៀវទេសចរអ៊ឺរ៉ុបចូលទស្សនាសារជាថ្មី
ទីក្រុងរ៉ូម៖ អ៊ីតាលីបើកឲ្យអ្នកទេសចរដែលមកពីអ៊ឺរ៉ុបចូលសារជាថ្មីនៅថ្ងៃពុធនេះ បន្ទាប់ពីបិទប្រទេសអស់រយៈពេលប្រមាណ៣ខែ ដោយសារវីរុសកូវីដ១៩។ អ៊ីតាលីសង្ឃឹមថានឹងមានសកម្មភាពឧស្សាហកម្មទេសចរណ៍សារជាថ្មី ខណៈរដូវក្តៅចាប់ផ្តើមចូលមកដល់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
ជើងហោះហើរចំនួន៣ ដែលគេរំពឹងថានឹងចាប់ផ្តើម គឺនៅទីក្រុង៣ធំៗមានដូចជា ទីក្រុងមីឡេន
ទីក្រុងរ៉ូម និងទីក្រុងណាប៉ូលី។
ទោះជាយ៉ាងណាក៏ដោយ ភ្ញៀវទេសចេបរទេសនៅតែមានការព្រួយបារម្ភក្នុងការមកទស្សនាប្រទេស ដែលកំពុងមានភាពនឹងរង្គោះរង្កើចំពោះការរីករាលដាលវីរុសកូវីដ១៩មួយនេះ។
យ៉ាងណាមិញ ការបិទប្រទេសអ៊ីតាលីដោយសារការរីករាលដាលនេះ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ ដែលមានចំនួនប្រហែល១៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប។
គួរបញ្ជាក់ផងដែរថា អ៊ីតាលី គឺជាប្រទេសដំបូងបំផុតក្នុងតំបន់អ៊ឺរ៉ុប ដែលឆ្លងវីរុសកូរ៉ូណាខ្លាំងជាងគេ ហើយបានរាយការណ៍ជាផ្លូវការថា មានករណីស្លាប់ច្រើនជាង ៣៣,០០០ នាក់៕