[វីដេអូ] Ep. 118 ប្រធានបទ៖ ជំងឺគាំងបេះដូង

គាំងបេះដូងសំដៅលើស្ថានភាពស្ទះសសៃរឈាមបេះដូងជាជំងឺធ្ងន់ធ្ងរដែលកើតឡើងពេលដែលលំហូរឈាមទៅ កាន់បេះដូងត្រូវស្ទះ ដោយសារជាតិខ្លាញ់ក្នុងសរសៃឈាមនិងសារធាតុផ្សេងទៀតបង្កើតជាកំណក ក្នុងសរសៃអាក់ទែដែលមាននាទីផ្គត់ផ្គង់ឈាមទៅបេះដូង។

 
[វីដេអូ] Ep. 118 ប្រធានបទ៖ ជំងឺគាំងបេះដូង

រោគសញ្ញា  និងអាការៈនៃជំងឺគាំងបេះដូងមានដូចជា៖
– មានសម្ពាធក្នុងទ្រូងតឹងចុកណែនឈឺចាប់ក្នុងទ្រូងឬដៃហើយរាលដាលទៅ ក ថ្គាម និងខ្នង។
– ចង្អោរមិនរំលាយអាហារក្រហាយទ្រូងឬឈឺពោះ
– ហត់ អស់កម្លាំង
– បែកញើសខ្លាំងដោយមិនដឹងមូលហេតុ  
– ធេងធោង ឬ វិលមុខ
កត្តាប្រឈមដែលបណ្តាលឲ្យមានជំងឺគាំងបេះដូងមានដូចជា៖
– កត្តាអាយុ៖ បុរសអាយុ ៤៥ ឆ្នាំឡើង និងស្រ្តីអាយុ ៥៥ ឆ្នាំឡើង ប្រឈមខ្ពស់កើតជំងឺនេះ។
– ការជក់បារី ៖ ជក់ ឬស្រូបផ្សែងបារីយូរទៅ ធ្វើឲ្យកើនឡើងហានិភ័យគាំងបេះដូង។
– លើសឈាម៖ នាំឲ្យខូចសរសៃឈាម ដែលមានតួនាទីដឹកនាំឈាមទៅបេះដូង ធ្វើឲ្យកកខ្លាញ់ក្នុងសរសៃឈាម។
– លើសជាតិខ្លាញ់៖ ខ្លាញ់ក្នុងឈាមខ្ពស់ (ជាតិខ្លាញ់អាក្រក់) ឬ ទ្រីគ្លីសេរីត (triglyceride) ច្រើន ធ្វើឲ្យសរសៃឈាមតូចចង្អៀត។ កម្រិតខ្ពស់នៃសារធាតុ ទ្រីគ្លីសេរីត ដែលជាប្រភេទខ្លាញ់ក្នុងឈាម ជាប់ទាក់ទងរបបអាហារប្រចាំថ្ងៃ ធ្វើឲ្យប្រឈមខ្ពស់ដូចគ្នា។
– ជំងឺទឹកនោមផ្អែម៖ អាំងស៊ុយលីន ជាអ័រម៉ូនផលិតដោយលំពែង អនុញ្ញាតឲ្យយើងប្រើគ្លុយកូស ជាទម្រង់ស្ករ ដើម្បីទៅចិញ្ចឹមកោសិកាឈាម។ កើតជំងឺទឹកនោមផ្អែម ដោយសារលំពែងមិនអាចផលិត អាំងស៊ុយលីន គ្រប់គ្រាន់ ឬមិនអាចឆ្លើយតបត្រឹមត្រូវ ជាហេតុបណ្ដាលឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់។

– កត្តាគ្រួរសារមានប្រវត្តិកើតជំងឺគាំងបេះដូង
– ការមិនហាត់ប្រាណ បញ្ចេញសកម្មភាពផ្សេងៗនាំឲ្យមានជាតិខ្លាញ់ក្នុងឈាមឡើងកាន់តែខ្ពស់ និងឡើងទម្ងន់។ ហាត់ប្រាណទៀងទាត់ នាំឲ្យប្រព័ន្ធចិញ្ចឹមបេះដូងបានល្អ ធ្វើឲ្យកាត់បន្ថយគ្រោះថ្នាក់។
– ការឡើងទម្ងន់៖ ករណីឡើងទម្ងន់ មានទំនាក់ទំនងជាមួយជាតិខ្លាញ់ខ្ពស់ក្នុងឈាម ខ្លាញ់ទ្រីគ្លីសេរីតខ្ពស់ សម្ពាធឈាមខ្ពស់ និងទឹកនោមផ្អែម។
ដើម្បីបង្ការកុំឲ្យកើតជំងឺគាំងបេះដូងអ្នកគួរផ្លាស់ប្តូរទម្លាប់កុំទទួលជាតិខ្លាញ់ច្រើនពេក ព្យាយាមហាត់ប្រាណជារៀងរាល់សប្តាហ៍ រក្សាទម្ងន់ គ្រប់គ្រងជាតិស្ករ កុំពិសារស្រា ឬជក់បារី និងទៅត្រួតពិនិត្យសុខភាព និងប្រឹក្សាជាមួយគ្រួពេទ្យជារៀងរាល់មួយឆ្នាំម្តង៕

ជំងឺ​គាំងបេះដូង​មាន​សញ្ញា​អ្វីខ្លះ​?សូមទស្សនាវិដេអូខាងក្រោម៖