[វីដេអូ] Ep. 134 ប្រធានបទ៖ ជំងឺបេះដូង និង សរសៃឈាមទៅលើអ្នកជំងឺទឹកនោមផ្អែម
បេះដូងគឺជាសរីរាង្គសាច់ដុំ នៅក្នុងទ្រូងដែលមានតួនាទីក្នុងការច្របាច់បញ្ចូនឈាមដែលមានអុកស៊ីសែនទៅកាន់សរីរាង្គផ្សេងៗ ព្រមទាំងដឹកនាំចំណីអាហារ និងសារជាតិចិញ្ចឹមផ្សេងៗ ហើយនឹងពាំនាំត្រលប់មកវិញនៅឈាមដែលផ្ទុកនៅឧស្ម័នកាបូនិចចូលមកក្នុងបេះដូងវិញ ដំណើរកាលនេះប្រព្រឹត្តទៅវិញទៅមក ដែលធ្វើអោយមនុស្សម្នាក់ៗរស់នៅមានជីវិតបន្តទៅមុខបាន។
រោគសញ្ញា
ជាទូទៅបើនិយាយអំពីជំងឺបេះដូងគឺរាងទូលំទូលាយបន្តិច ប៉ុន្តែរោគសញ្ញារបស់វាក៏មិនសូវជាខុសគ្នាប៉ុន្មាននោះដែរ។ រោគសញ្ញាធំៗសំខាន់ៗ មានដូចជា មានអារម្មណ៍ថាហត់ ពិបាកក្នុងការដកដង្ហើម ចុងណែនដើមទ្រូង ។ ជំងឺបេះដូងបែងចែកទៅតាមបួនដំណាក់កាល រាប់ចាប់ពីដំណាក់កាលទី១ ដល់ដំណាក់កាលទី៤ ដែលធ្ងន់ធ្ងរអ្នកជំងឺត្រូវសំរាកនៅមន្ទីរពេទ្យ និងធ្វើការសង្រ្គោះបន្ទាន់ ។ ក្រៅពីនេះមានរោគសញ្ញា ផ្សេងទៀតដូចជា ញ័រទ្រូង អស់កម្លាំង ចុកទ្រូងក៏ជាសញ្ញាមួយសំខាន់របស់ជំងឺបេះដូងនិងសរសៃឈាមផងដែរ ជាពិសេសលើអ្នកជំងឺទឹកនោមផ្អែម ។
ជំងឺបេះដូងត្រូវបានបែងចែកជា ២ក្រុមធំៗ
- ក្រុមជំងឺបេះដូងដែលបណ្តាលមកពីបញ្ហាសរសៃឈាមបេះដូង ៖ នៅក្នុងក្រុមនេះអ្នកជំងឺមានបញ្ហា ក្រិនឬ មានភាពឡើងរឹងនៃសរសៃឈាម អាចឈានទៅរកបញ្ហាជំងឺស្ទះសរសៃឈាមបេះដូងឬពេលខ្លះអាចមានបញ្ហាទៅដល់ខួរក្បាលនិងអវយវ:ផ្សេងៗទៀត។
- ក្រុមជំងឹបេះដូងដែលមិនទាក់ទងសរសៃឈាម ប៉ុន្តែទាក់ទងនឹងបញ្ហាបេះដូង ជំងឺវិបត្តិចង្វាក់បេះដូង និងជំងឺខូចប្រឹសបេះដូងដោយសារមេរោគធ្វើឲ្យមានការរលាក។
ម្យ៉ាងវិញទៀតបើនិយាយអំពីជំងឺទឹកនោមផ្អែម យើងបានដឹងហើយថាជំងឺទឹកនោមផ្អែមគឺជាជំងឺមួយដែលរុំារៃនិងជាមូលហេតុចម្បងមួយដែលធ្វើអោយវិវត្តទៅជាជំងឺបេះដូង។ ជំងឺទឹកនោមផ្អែមបណ្តាលមកពីឡើងជាតិស្ករនៅក្នុងឈាមឡើងលើសកម្រិត ហើយការឡើងជាតិស្ករលើសកម្រិតនេះហើយធ្វើឲ្យមានបញ្ហាខូចទៅលើប្រព័ន្ធក៏ដូចជាសរសៃឈាមផ្សេងៗ ជាពិសេសគឺសរសៃឈាមបេះដូងតែម្ដង ដែលធ្វើអោយមានភាពរឹងក្រិន និងឈានដល់ការស្ទះសរសៃឈាមបេះដូងអាចមានគ្រោះថ្នាក់ដល់ជីវិត ។
ភាគច្រើនជំងឺបេះជាជំងឺរុំារ៉ៃ ដែលមានកម្រិតពីស្រាលទៅធ្ងន់ ប្រសិនបើអ្នកជំងឺមិនយកចិត្តទុកដាក់ និងថែរក្សាសុខភាពមិនបានល្អជាប់លាប់ គឺអាចវិវត្តទៅជាជំងឹរុំាំរ៉ៃ និងធ្ងន់ធ្ងរ។
កត្តាប្រឈម
កត្តាប្រឈមរបស់ជំងឺបេះដូងនិងជំងឺទឹកនោមផ្អែម មាន២ គឺកត្តាប្រឈមដែលអាចកែប្រែបាន និងកត្តាប្រឈមមិនអាចកែប្រែបាន
+ កត្តាប្រឈមមិនអាចកែប្រែបាន ៖
- កត្តាអាយុ ( អ្នកជំងឺវ័យចាស់ អាចប្រឈមនិងទឹកនោមផ្អែម និងបេះដូង )
- កត្តាភេទ ( បើសិនជានៅវ័យកណ្តាល កត្តាភេទបុរស ប្រឈមជាងស្ត្រី ប៉ុន្តែនៅពេលវ័យចំណាស់បន្ទាប់ពីអស់រដូវស្ត្រីក៏មានការប្រឈមនឹងជំងឺទឹកនោមផ្អែមនិងបេះដូងប្រហាក់ប្រហែលនិងបុរសដែរ)
- កត្តាតំណពូជ( ប្រសិនបើឪពុកឬម្តាយដែលមានជំងឺទឹកនោមផ្អែមនិងជំងឺបេះដូង កូនកើតមកក៏ប្រឈមមុខនឹងមានឳកាសវិវត្តជំងឺនេះដូចគ្នាប្រសិនបើយើងមិនសូវបានយកចិត្តទុកដាក់ទៅលើការថែរក្សាសុខភាព )។
+ កត្តាប្រឈមដែលអាចកែប្រែបាន ៖ រួមមាន ជំងឺលើសឈាម ជំងឺធាត់លើសទម្ងន់ ឬអ្នកមិនសូវធ្វើលំហាត់ប្រាណ អ្នកដែលចូលចិត្តជក់បារីរុំាំរ៉ៃច្រើនឆ្នាំ អ្នកចូលចិត្តពិសារស្រា គ្រឿងស្រវឹងផ្សេងៗ និងអ្នកបញ្ហាស្ត្រេសច្រើន។ ម្យ៉ាងទៀតស្រ្តីដែលមានផ្ទៃពោះក៏ប្រឈមមុខនឹងជំងឺទឹកនោមផ្អែមនិងបេះដូងដែរ ទាំងអស់នេះជាកត្តាហានិភ័យដែលអាចកែប្រែបាន ។
ការធ្វើរោគវិនិច្ឆ័យ ជាទូទៅវេជ្ជបណ្ឌិតនឹងណែនាំឲ្យអ្នកជំងឺ ធ្វើការពិនិត្យរាងកាយ ការស្ដាប់សួត ពិនិត្យទៅលើសម្ពាធឈាម ឬប្រព័ន្ធប្រសាទជាដើម ។ ចំណែកការធ្វើរោគវិនិច្ឆ័យម៉្យាងទៀតគឺផ្តោតទៅលើ ការវាស់ចង្វាក់បេះដូង ការពិនិត្យអេកូបេះដូង អេកូសរសៃឈាម និងការធ្វើតេស្តឈាមមួយចំនួន ។
គួរបញ្ជាក់ថា ការព្យាបាលជំងឺបេះដូងនិងជំងឺទឹកនោមផ្អែម គឺតត្រូវពិនិត្យមើល និងព្យាបាលទាំងពីរ។ចំពោះអ្នកជំងឹទឹកនោមផ្អែមត្រូវលេបថ្នាំឲ្យបានទៀងទាត់ធ្វើយ៉ាងណាអោយជាតិស្ករនៅក្នុងឈាមមានស្ថេរភាព ។ បើក្នុងករណីអ្នកមានបញ្ហាជំងឺបេះដូងលើសឈាមរួមផ្សំ គឺត្រូវតែតាមដានជាមួយគ្រូពេទ្យឯកទេសជំងឺបេះដូង ញុំាថ្នាំឲ្យបានទៀងទាត់ ធ្វើលំហាត់ប្រាណ តមផ្អែម តមប្រៃ និងសម្រាកអោយបានគ្រប់គ្រាន់ ។
ជាចុងក្រោយ សូមព្យាយាមថែរក្សាកំហាប់ជាតិស្ករឲ្យបានល្អដើម្បីជៀសវាងនូវផលវិបាកផ្សេងៗ ដែលកើតឡើងចំពោះអ្នកជំងឺទឹកនោមផ្អែម និងបេះដូង សូមញុំាថ្នាំឲ្យបានទៀងពេល និងអនុវត្តតាមគ្រូពេទ្យឲ្យបានត្រឹមត្រូវ។ ចំណែកឯអ្នកមានទាន់មានជំងឺបេះដូងនៅពេលដែលវ័យច្រើនឆ្នាំ ឬសង្ស័យនៅអាការ: ដូចបានរៀបរាប់គួរតាមដានត្រួតពិនិត្យសុខភាព១ឆ្នាំម្តង៕
សូមទស្សនាវីដេអូខាងក្រោម៖