កម្មវិធីបើកសិក្ខាសាលា ស្តីពី នីតិវិធី និងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងមូលនិធិដំណើរការសាលារៀនសាធារណៈ ឆ្នាំ២០២០
សៀមរាប ៖ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នៅវិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប មានកម្មវិធីបើកសិក្ខាសាលា ស្តីពី នីតិវិធី និងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងមូលនិធិដំណើរការសាលារៀនសាធារណៈ ឆ្នាំ២០២០ ប្រារព្ធឡើងក្រោមគោលបំណង ផ្ដល់ទស្សនាទានជូនសាលារៀនក្នុងការគ្រោងមូលនិធិដំណើរការសាលារៀនបានចំមុខសញ្ញាចំណាយអាទិភាព និងវិភាជន៍ថវិកាតាមចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា ដើម្បីអភិវឌ្ឍគ្រឹះស្ថានសិក្សាប្រកបដោយចីរភាព។ លើសពីនេះទៀត ប្រព័ន្ធក៏បានផ្ដល់មុខងារសម្រាប់គ្រោងថវិកាដៃគូអភិវឌ្ឍន៍ សហគមន៍ និងថវិកាពីប្រភពផ្សេងៗ។
ពិធីបើកសិក្ខាសាលានេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដោយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ នាយកដ្ឋានជំនាញ និងមន្ត្រីបច្ចេកទេស ព្រមទាំងគណៈគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ ជាច្រើនរូបផងដែរ។
ក្នុងឱកាសថ្លែងសុន្ទរកថាបើកកម្មវិធី ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានមានប្រសាសន៍អំពីសារៈសំខាន់របស់សិក្ខាសាលា ស្របពេលដែលសាលារៀនសាធារណៈទាំងអស់នឹងត្រូវបើកដំណើរការឡើងវិញនាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ និងបានលើកសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារជំនាញ ដែលបានខិតខំប្រឹងប្រែង ក្នុងការជំរុញការអនុវត្តថវិកាមូលនិធិដំណើរការសាលារៀនសាធារណៈ គឺបង្កើនប្រសិទ្ធភាព តម្លាភាព គណនេយ្យភាពនៃការប្រើប្រាស់ថវិកា និងធានាបានភាពឆ្លើយតបទៅនឹងលទ្ធផលសិក្សារបស់សិស្ស៕
ប្រភព:ក្រសួងអប់រំ យុវជន និងកីឡា