ការអនុវត្តស្តង់ដាអនាម័យ ក្នុងអំឡុងនៃការបើកដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី២
សាលារៀនមួយចំនួន នៅក្នុងប្រទេសកម្ពុជា បានបើកដំណើរការឡើងវិញដំណាក់កាលទី២ នាព្រឹកថ្ងៃចន្ទទី ០៧ខែ កញ្ញា ឆ្នាំ២០២០ បន្ទាប់ពីបានបិទទ្វារអស់រយៈពេល៦ខែ។ ការបើកដំណើរការឡើងវិញនេះ សាលាត្រូវអនុវត្តនូវស្តង់ដាអនាម័យ តាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
យោងតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឱ្យសាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព។ កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់។ សិស្សានុសិស្សទាំងអស់ មុនពេលចូលសាលាតម្រូវឱ្យមានការវាស់កម្តៅ វាយត្រាសម្គាល់ លាងសម្អាតដៃកម្ចាត់មេរោគ ពាក់ម៉ាស់ ឬរបាំងមុខកាត់បន្ថយការប្រមូលផ្ដុំជាដើម។
សូមជម្រាបថា ការបើកទ្វាសាលារៀនឡើងវិញ នៃគ្រឹះស្ថានសិក្សារដ្ឋ អនុវត្តសម្រាប់តែថ្នាក់ទី៩ និងទី១២ប៉ុណ្ណោះ ដោយឡែកសម្រាប់ខេត្តចំនួន៤ទៀតរួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលមានអត្រាឆ្លងកូវីដ-១៩ កម្រិតទាប ក្រសួងបានអនុញ្ញាតឱ្យបើកដំណើរការគ្រប់កម្រិតសិក្សាតាំងពីថ្នាក់១ ដល់ទី១២៕
ប្រភព: ក្រសួងអប់រំ យុវជន និងកីឡា