ភ្លើងឆេះព្រៃនៅប្រទេសអ៊ុយក្រែនសម្លាប់មនុស្សយ៉ាងហោចណាស់៤នាក់ ១០នាក់ទៀតរងរបួស និងរាប់រយនាក់ទៀតជម្លៀសចេញពីទីលំនៅ
ទីក្រុងគីវ៖ ក្រុមសង្គ្រោះបន្ទាន់បានប្រាប់ឲ្យដឹងថា មនុស្សយ៉ាងតិច៤នាក់បានស្លាប់ និង១០នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីភ្លើងឆេះព្រៃមួយកើតឡើងនៅភាគខាងជើងតំបន់ លូហាន់ (Luhansk) នៃប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។
ក្រុមសង្គ្រោះបន្ទាន់បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា អគ្គីភ័យឆាបឆេះទីលំនៅចំនួន២២កន្លែង និងឡោមព័ទ្ធតំបន់ប្រមាណ ១៨,០០០ ហិកតា ព្រមទាំងមនុស្សរាប់រយនាក់ទៀតជម្លៀសចេញ។
អាជ្ញាធរក្នុងតំបន់បានគូសបញ្ជាក់ថា កន្លែងដែលឆាបឆេះភាគច្រើន គឺនៅជិតតំបន់ដែលគ្រប់គ្រងដោយក្រុមបំបែកខ្លួនរុស្ស៊ី ហើយគេសង្ស័យថា អគ្គីភ័យទាំងនេះអាចបណ្តាលមកពីការបាញ់គ្រាប់ផ្លោងពីក្រុមបំបែកខ្លួននិយមរុស្ស៊ីទាំងនោះទៀតផង។
យ៉ាងណាមិញ ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានប្រកាសឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់អនុវត្តច្បាប់តាមរកមូលហេតុពិតប្រាកដនៃអគ្គីភ័យឲ្យទាល់តែបាន៕
សូមទស្សនាវីដេអូ៖
ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ