វិធីដោះស្រាយភាពតានតឹងអំឡុងពេលមានការរាតត្បាតពីជំងឺកូវីដ១៩ (COVID-19)
ការស្នាក់នៅក្នុងផ្ទះ រំសាយការធ្វើដំណើរ ការជួបជុំ និងពិធីផ្សេងៗជាដើម កត្ដាទាំងអស់នេះហើយធ្វើឱ្យមនុស្សម្នាក់ៗមានអារម្មណ៍តានតឹង ច្របូកច្របល់ ភ័យខ្លាច ឯកា ឬខឹងមួម៉ៅ ប៉ុន្ដែប្រសិនបើអ្នកទាំងអស់គ្នាដឹងពីវិធីខាងក្រោមនេះ វានឹងអាចជួយអ្នកទាំងអស់គ្នាបានមួយចំណែកធំ។
ពិភពលោកកំពុងតែសស្រាក់សស្រាំដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតគ្រប់ទីកន្លែង។ ប្រទេសមួយចំនួនបានប្រកាសដាក់ប្រទេសរបស់ខ្លួននៅក្នុងភាពប្រកាសអាសន្ន ដូច្នេះហើយប្រជាពលរដ្ឋគ្រប់រូបមានភារកិច្ចក្នុងការចូលរួមដើម្បីបង្ការការរីករាលដាលនេះផងដែរ ដូចជាការស្នាក់នៅក្នុងផ្ទះ រំសាយការធ្វើដំណើរ ការជួបជុំ និងពិធីផ្សេងៗជាដើម។ កត្ដាទាំងអស់នេះហើយធ្វើឱ្យមនុស្សម្នាក់ៗមានអារម្មណ៍តានតឹង ច្របូកច្របល់ ភ័យខ្លាច ឯកា ឬខឹងមួម៉ៅ ប៉ុន្ដែប្រសិនបើអ្នកទាំងអស់គ្នាដឹងពីវិធីខាងក្រោមនេះ វានឹងអាចជួយអ្នកទាំងអស់គ្នាបានមួយចំណែកធំ៖
១- ការរក្សាទំនាក់ទំនងជាមួយមនុស្សជិតស្និទ្ធ
ការរក្សាទំនាក់ទំនងល្អជាមួយមនុស្សដែលយើងស្និទ្ធស្នាលជាងគេរួមមានគ្រួសារ មិត្ដភក្ដិ មិត្ដរួមការងារ ឬអ្នកជិតខាង វាអាចជួយសម្រួលនូវភាពតានតឹង ឬតប់ប្រមល់របស់យើងបានមួយផ្នែកធំ។ អ្នកទាំងអស់នោះអាចផ្ដល់ការណែនាំ ក៏ដូចគ្នាគំនិតល្អៗសម្រាប់យើង ជាពិសេសពួកគេអាចជាអ្នកស្ដាប់ដ៏ល្អ និងអាចជឿទុកចិត្ដបានថែមទៀតផង។
២- របៀបរបបនៃការរស់នៅ
ការរស់នៅជារឿងមួយដ៏សំខាន់ដែលពុំអាចមើលរំលងបាន វាអាចជួយឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងពោរពេញទៅដោយថាមពល ក្នុងនោះរួមមានការរស់នៅប្រកបដោយផាសុខភាព មានខ្យល់អាកាសនិងពន្លឺចេញចូលបានល្អ ការបរិភោគអាហារស្អាតមានជីវជាតិ សម្បូរទៅដោយវីតាមីន និងទៀតទាត់តាមពេលវេលា ការគេងឱ្យបានបានគ្រប់គ្រាន់(ពី៦ទៅ៨ម៉ោង) ការធ្វើសមាធិ និងការហាត់ប្រាណជាប្រចាំ។
៣- ទង្វើដែលគួរចៀសវាង
ការពិសារបារី ផឹកគ្រឿងស្រវឹង ឬប្រើប្រាស់សារធាតុញៀនផ្សេងៗនឹងបណ្ដាលឱ្យភាពតានតឹង តប់ប្រមល់ ឬការខឹងមួរម៉ៅរបស់យើងកាន់តែធ្ងន់ធ្ងរឡើង ព្រោះវាប៉ះពាល់ដល់ប្រាជ្ញាស្មារតី និងប្រព័ន្ធសរសៃប្រសាទរបស់មនុស្ស និងមិនគួរមើលទូរទស្សន៍ វីដេអូ ឬប្រព័ន្ធផ្សព្វផ្សាយច្រើនពេកនោះទេព្រោះអាចធ្វើឱ្យស្ថានការកាន់តែអាក្រក់ថែមមួយកម្រិតទៀត។ ដូច្នេះយើងទាំងអស់គ្នាចាំបាច់ត្រូវចៀសវាងទង្វើទាំងអស់នេះ។
៤- ការប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួន
ការប្រើប្រាស់បទពិសោធន៍ ជំនាញ ឬមេរៀនដែលយើងបានឆ្លងកាត់កន្លងមកៗដោះស្រាយភាពតានតឹងដែលកំពុងកើតមានក្នុងដំណាក់កាលនៃការរីកសាយភាពនៃជំងឺកូវីដ១៩ថី្មនេះ។ មួយវិញទៀតអ្នកអាចរៀនបង្កើតអ្វីដែលថ្មី ហើយដែលអ្នកចង់សាកល្បងបង្កើតវាពីមុនមក វាអាចធ្វើឱ្យអារម្មណ៍របស់យើងលែងខ្វាយខ្វល់ខ្លាំងទៅលើជំងឺនោះតទៅទៀត។
៥- ការស្វែងរកប្រភពព័ត៌មាន
សារព័ត៌មានគឺជាកាំបិតមុខពីរ បើយើងទទួលបាននូវព័ត៌មានដែលត្រឹមត្រូវ នោះយើងនឹងមិនមានអ្វីត្រូវព្រួយបារម្ភឡើយ ប៉ុន្ដែប្រសិនបើយើងមើលសារព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ គ្មានក្រមសីលធម៌វិជ្ជាជីវៈ និងជាព័ត៌មានដែលបំភ្លើសលើសពីការពិត នោះវាអាចនាំឱ្យខ្លួនយើងមានហានិភ័យផង។ ដូច្នេះទាក់ទងនឹងព័ត៌មាននៃការរីករាលដាលជំងឺកូវីដ១៩នេះ យើងអាចរកមើលបានដូចជាគេហទំព័រហេស្វប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង គេហទំព័ររបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គេហទំព័ររបស់អង្គការសុខភាពពិភពលោក៕
ប្រភព៖ WHO, MoH ដោយ៖ លុក ចំណូល