ស្ថាប័នជាតិចំនួន០៣សហការ ជាមួយរដ្ឋបាលខេត្តសៀមរាប គ្រោងរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី០២

ស្ថាប័នជាតិចំនួន០៣ សហការជាមួយរដ្ឋបាលខេត្តសៀមរាប គ្រោងរៀបចំវេទិកាជាតិអេកូទេសចរណ៍ជាតិលើកទី០២ នៅថ្ងៃទី២៧ ដល់២៨ ខែមករា នៅសណ្ឋាគារសុខាសៀមរាប។

 
ស្ថាប័នជាតិចំនួន០៣សហការ ជាមួយរដ្ឋបាលខេត្តសៀមរាប គ្រោងរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី០២

វេទិកានេះ នឹងប្រារព្ធឡើងដោយមានការចូលរួមពី ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារអន្តរក្រសួង និងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារអន្តរក្រសួង ។

អង្គវេទិកា នឹងប្រព្រឹត្តទៅដោយមានការរៀបចំ ជាកិច្ចពិភាក្សាបច្ចេកទេស ដោយមានការចូលរួមពីវាគ្មិនសំខាន់ៗ មកពីស្ថាប័នសាធារណៈ ផ្នែកឯកជន តំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលជាដៃគូជាតិនិងអន្តរជាតិ និងភាគីពាក់ព័ន្ធនានាជាច្រើន ដើម្បីទទួលបានលទ្ធផលមួយ នឹងយកទៅបញ្ចូលជាខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍លើកទី០២ ស្តីពីការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍សម្រាប់ធ្វើការ អនុម័តនាពិធីបិទវេទិកា ។

កិច្ចប្រជុំនេះ នឹងផ្តោតលើប្រធានបទ

០៣ ជាសំខាន់ គឺ

ទី១ ការវិវត្ត និងអនាគតនៃវិស័យអេកូទេសចរណ៍ និងសហគមន៍ ក្នុងបរិបទកូវីដ-១៩ ។

ទី២ ភាពជាដៃគូបំពេញឱ្យគ្នា ដើម្បីជំរុញការអភិវឌ្ឍនិងអភិរក្សសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍។

ទី៣ ការគាំទ្រក្របខណ្ឌគោលនយោបាយអន្តរវិស័យ និងយន្តការជម្រុញការអភិវឌ្ឍសហគមន៍ ។

ទន្ទឹមនឹងនេះ អង្គវេទិកាក៏មានរៀបចំពិព័រណ៍ខ្នាតតូច ស្តីពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីបង្ហាញពីសមិទ្ធផលសំខាន់ៗពាក់ព័ន្ធ នឹងការងារអភិវឌ្ឍន៍នៅទូទាំងប្រទេសផងដែរ។

ជាមួយគ្នានេះ អង្គវេទិកា ក៏មានរៀបចំដំណើរទស្សនកិច្ចសិក្សា ទៅកាន់តំបន់សហគមន៍ សំខាន់ៗមួយចំនួនក្នុងខេត្តសៀមរាបផងដែរ ៕

ប្រភព: ក្រសួងព័ត៌មាន