ក្រសួងទេសចរណ៍ណែនាំឱ្យបង្កើនការអភិវឌ្ឍសហគមន៍ និងអេកូទេសចរណ៍នៅតំបន់ដែលមានសក្តានុពល

សៀមរាប៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានណែនាំឱ្យបង្កើនការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នៅតំបន់ដែលមានសក្តានុពល ដើម្បីជាការទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្តឱ្យបានកាន់តែ ច្រើននិងបង្កើត ឱកាសការងារ រកប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។

 
ក្រសួងទេសចរណ៍ណែនាំឱ្យបង្កើនការអភិវឌ្ឍសហគមន៍ និងអេកូទេសចរណ៍នៅតំបន់ដែលមានសក្តានុពល
ក្រសួងទេសចរណ៍ណែនាំឱ្យបង្កើនការអភិវឌ្ឍសហគមន៍ និងអេកូទេសចរណ៍នៅតំបន់ដែលមានសក្តានុពល

ថ្លែងក្នុងឱកាសអបអរសាទរវេទិកាជាតិអេកូទេសចរណ៍លើកទី២ នៅសណ្ឋាគារ សុខាសៀមរាប នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានក្រុមការងារអន្ដរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានលើកឡើងថា ស្ថិតក្នុងបរិបទនៃការឆ្លងសកលជំងឺកូវវីដ-១៩ កម្ពុជា និងពិភពលោកទាំងមូល បានទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច រួមទាំងចំនួនភ្ញៀវទេសចរអន្តរជាតិបានថយចុះយ៉ាងគំហុក ប៉ុន្តែអ្នកទេសចរណ៍ក្នុងស្រុកមានសន្ទុះកើនឡើង។ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ផ្អែកតាមស្ថានភាពនេះ ការលើកកម្ពស់វិស័យ ទេសចរណ៍នៅតាមសហគមន៍ជារឿងសំខាន់បំផុត ដែលជាផ្នែកមួយជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍។ឯកឧត្តមបន្តថា កម្ពុជាសម្បូរទៅដោយសក្តានុពលទេសចរណ៍ធម្មជាតិនៅទូទាំងប្រទេស ដូច្នេះការអភិវឌ្ឍន៍សហគមន៍ ទេសចរណ៍ ពិតជារឿងចាំបាច់ណាស់ តែក្នុងនោះអាជ្ញាធរក៏ត្រូវផ្តល់សិទ្ធិអំណាចទៅឱ្យសហគមន៍ ដើម្បីចាត់ចែងនិង អភិវឌ្ឍន៍សហគមន៍ដោយផ្ទាល់។

ការអភិវឌ្ឍសហគមន៍ទេសចរណ៍ ដែលមានចរិតយុទ្ធសាស្ត្រនិងនយោបាយ ពិតជាបានរួមចំណែកសំខាន់ក្នុងការ អនុវត្តនៅតាមមូលដ្ឋាន ពិសេសជំរុញការចូលរួម របស់ប្រជាពលរដ្ឋក្នុងដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការ ផ្តល់សិទ្ធិអំណាចជូនពួកគាត់ក្នុងការ រៀបចំចាត់ចែងនិងអភិវឌ្ឍសហគមន៍របស់ខ្លួនដោយផ្ទាល់ ក្នុងដំណាក់កាលដ៏លំបាក នៃជំងឺកូវីដ-១៩ ចលនាទេសចរណ៍ផ្ទៃក្នុងទៅតំបន់អេកូទេសចរណ៍និងសហគមន៍ទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សងព្រេង មានសន្ទុះកើនឡើងខ្លាំង បង្កើតបានជាប្រាក់ចំណូលដោយផ្ទាល់ ជូនពលរដ្ឋនៅក្នុងសហគមន៍ ធ្វើឱ្យវិស័យទេសចរណ៍ មានភាពធន់នឹងវិបត្តិ រួមចំណែកទ្រទ្រង់ដល់វិស័យទេសចរណ៍ជារួម ពិសេសកាត់បន្ថយផលប៉ះពាល់ នៃការធ្លាក់ចុះចំនួន ទេសចរណ៍អន្តរជាតិ។

គួរជម្រាបផងដែរថា ទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ត្រូវបានចាត់ទុកថាជាសសរស្តម្ភក្នុងការធានាការអភិវឌ្ឍ វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព។ដើម្បីជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នេះ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារ អន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ តាមសេចក្តីសម្រេចលេខ១០០ សសរ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ដែលមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន រដ្ឋមន្ត្រីក្រសួងបរិស្ថានជាអនុប្រធានអចិន្ត្រៃយ៍ ,រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាអនុប្រធាន និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំង គណៈអភិបាលរាជធានីខេត្តជាសមាជិក៕

 

 

ប្រភព: ក្រសួងព័ត៌មាន