យកស្មាតហ្វូន ឬ ថេបឡិតលួងកូន អាចនឹងផ្ដល់នូវហានិភ័យ២យ៉ាង
យោងតាមការណែនាំដែលបានចេញផ្សាយដោយសមាគមវិជ្ជាជីវៈកុមារ American Academy of Pediatrics (AAP) របស់សហរដ្ឋអាមេរិកបានដឹងថាក្មេងៗដែលមានអាយុពី ២ឆ្នាំ ទៅ ៥ ឆ្នាំ មិនគួរចំណាយពេលលើសពី១ម៉ោងក្នុង១ថ្ងៃមើលទូរទស្សន៍ Smartphone ឬ ឧបករណ៍អេឡិចត្រូនិចផ្សេងឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Time
យោងតាមការណែនាំដែលបានចេញផ្សាយដោយសមាគមវិជ្ជាជីវៈកុមារ American Academy of Pediatrics (AAP) របស់សហរដ្ឋអាមេរិកបានដឹងថាក្មេងៗដែលមានអាយុពី ២ឆ្នាំ ទៅ ៥ ឆ្នាំ មិនគួរចំណាយពេលលើសពី១ម៉ោងក្នុង១ថ្ងៃមើលទូរទស្សន៍ Smartphone ឬ ឧបករណ៍អេឡិចត្រូនិចផ្សេងឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Time។
ប្រភពខាងលើបន្តថា វ័យដែលល្អបំផុតសម្រាប់កុមារគួរប្រើ Smartphone គឺចាប់ពីអាយុ១៣ឆ្នាំឡើងទៅ។
M.C Mott ជាអ្នកជំនាញមកពីសាកលវិទ្យាល័យ Michigan បាននិយាយថាយក Smartphone ឬ ឧបករណ៍ឌីជីថលដើម្បីលួងកូនបានផ្ដល់នូវហានិភ័យ២យ៉ាង៖ ទី១ គឺការ បណ្ដុះឥរិយាបថអវិជ្ជមានដល់កុមារ ពួកគេគិតថានឹងធ្វើអីចឹងទៀតដើម្បីបានទូរស័ព្ទ។ ទី២ នាំឲ្យកុមារ យល់ថារាល់បញ្ហារបស់គេ មនុស្សធំជុំវិញខ្លួនអាចជួយដោះស្រាយ ជំនួសពួកគេបាន។
ការស្រាវជ្រាវរបស់វេជ្ជបណ្ឌិត Radesky នៃសមាគម AAP ខាងលើបានបង្ហាញថាការញៀននឹងទូរស័ព្ទស្មាតហ្វូនរបស់កុមារនឹងធ្វើឲ្យពួកគេមានកម្រិតស្រ្តេស (stress) ខ្ពស់ ហើយ កម្រិតទំនាក់ទំនង ជាមួយឪពុកម្តាយកាន់តែទាប។
ប្រភពខាងលើបានបន្ថែមថា កំណត់ម៉ោងឲ្យកុមារប្រើប្រាស់ Smartphone ឬ ឧបករណ៍ឌីជីថល នោះនឹងធ្វើឲ្យកុមារមានពេលវេលាមកផ្តោតពីពិភពពិតរបស់សង្គមច្រើនជាង ព្រោះកុមារគឺជាវ័យកំពុងលូតលាស់ខួរក្បាល ត្រូវការពេលលេង ពេលគេង ពេលវេលារៀនសូត្រពីរបៀបគ្របគ្រងអារម្មណ៍ និង ការកសាងទំនាក់ទំនង។ ផ្ទុយទៅវិញ ឧបករណ៍អេឡិចត្រូនិចទាំងនោះនឹងធ្វើឲ្យរបបគេង ហើយនិង សុខភាពរាងកាយកុមារធ្លាក់ចុះ។
បើកុមារដាច់ខាតត្រូវការ Smartphone ឲ្យខាងតែបាន អ្នកស្រាវជ្រាវខាងលើបង្ហាញថា Sesame Street គឺជាវេបសាយអប់រំដ៏ល្អមួយ សម្រាប់ក្មេងចាប់ពីអាយុ៣ឆ្នាំឡើងទៅ វាមានទាំងវីដេអូ និង ហ្គេមប្រាជ្ញា។ ជាងនេះទៅទៀត ឪពុកម្តាយ គួរស្វែងយល់បន្ថែមពីការអប់រំ ថែទាំកុមារប្រកបដោយប្រសិទ្ធិភាពតាមរយៈវេបសាយ HealthyChildren.org៕