[វីដេអូ] # Ep.61 ផលប៉ះពាល់នៃការគេងច្រើនពេក

ការគេងឲ្យបានគ្រប់គ្រាន់ ៧ទៅ៨ ម៉ោងគឺមានសារ:សំខាន់ណាស់សំរាប់ឲ្យខួរក្បាលចងចាំបានល្អ ជួយទៅដល់សុខភាព ទន្ទឹមនឹងនោះកាលណាអ្នកគេច្រើនពេកក៏បង្កផលប៉ះពាល់យ៉ាងច្រើនទៅដល់សុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។បន្ថែមពីនេះការគេងច្រើនម៉ោងពេកក៏អាចបណ្តាលឲ្យមានអត្រាការស្លាប់និងបញ្ហាដូចជាជំងឺធ្លាក់ទឹកចិត្តជាដើម។

 
[វីដេអូ] # Ep.61 ផលប៉ះពាល់នៃការគេងច្រើនពេក

ដូចនេះយើងសូមចែករំលែកនូវផលប៉ះពាល់នៃការគេងច្រើនពេកមានដូចជា

១​ ចុះខ្សោយការចងចាំ: ការសិក្សាមួយបានរកឃើញថា ការចុះខ្សោយនៃការចងចាំក៏មានទំនាក់ទំនងជាមួយការគេងយូរបានផងដែរ។លទ្ធផលនេះធ្វើឱ្យការផ្តោតអារម្មណ៍ខ្សោយការចងចាំនិងប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការបំពេញការងារប្រចាំថ្ងៃ ហើយក៏អាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺចុះខ្សោយផ្លូវចិត្ត។

២ ជំងឺបេះដូងនិងទឹកនោមផ្អែម: ការសិក្សាបានបង្ហាញថាការគេងពី ៩-១១ ម៉ោងក្នុងមួយយប់អាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺបេះដូងដល់ទៅ ២៨% និងអាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ។លើសពីនេះការគេងច្រើនពេកបង្កើនហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូង មានចំនួន៣៤% និងអាចបង្កើនជាតិស្ករក្នុងឈាម។

៣ ឡើងទម្ងន់: ការគេងច្រើនឬតិចពេកអាចធ្វើឱ្យអ្នកឡើងទម្ងន់ ទោះបីជាការទទួលទានអាហារនិងធ្វើលំហាត់ប្រាណក៏ដោយ។ ការសិក្សាថ្មីមួយបានបង្ហាញថាមនុស្សដែលគេង ៩ ឬ ១០ ម៉ោងជារៀងរាល់យប់គឺមានហានិភ័យធាត់លើសទម្ងន់ ២១% ក្នុងរយៈពេល ៦ឆ្នាំជាងអ្នកដែលគេងចន្លោះពី ៧ ទៅ ៨ ម៉ោង។

៤ ឈឺក្បាល: អាការ:ឈឺក្បាលគឺស្តែងចេញនៅពេលដែលអ្នកគេងយូរជាច្រើនម៉ោងខុសពីធម្មតាឧទាហរណ៍ដូចជាគេងនៅចុងសប្តាហ៍ឬវិស្សមកាល។ អ្នកស្រាវជ្រាវជាច្រើនបានបង្ហាញអំពីឥទ្ធិពលនៃការគេងច្រើនពេកធ្វើឲ្យប៉ះពាល់ទៅដល់ប្រព័ន្ធបញ្ជូនសរសៃប្រសាទមួយចំនួនទៅកាន់ខួរក្បាល ធ្វើឲ្យមានការឈឺក្បាលនៅពេលព្រឹក។

៥ ជំងឺធ្លាក់ទឹកចិត្ត: ជាទូទៅជំងឺធ្លាក់ទឹកចិត្តបណ្តាលមកពីគេងមិនលក់ជាងការគេងបានច្រើន ប៉ុន្តែក៏មានមនុស្សប្រហែលជា ១៥% ដែលមានជំងឺធ្លាក់ទឹកចិត្តដោយសារតែការគេងច្រើនពេកផងដែរ។

ដូចនេះ ប្រសិនបើអ្នកគេងច្រើនជាង ៧ ឬ ៨ ម៉ោងក្នុងមួយយប់សូមទៅជួបគ្រូពេទ្យដើម្បីពិនិត្យមើលសុខភាព ព្រោះគ្រូពេទ្យអាចជួយអ្នកកំណត់ពីមូលហេតុដែលបណ្តាលឲ្យអ្នកគេងច្រើន។ ប្រសិនបើការគេងច្រើនពេករបស់អ្នកបណ្តាលមកពីការសេពគ្រឿងស្រវឹងឬថ្នាំពេទ្យ អ្នកគួរកាត់បន្ថយឬបំបាត់ការប្រើប្រាស់សារធាតុទាំងនោះដោយព្យាយាម ទទួលទានអាហារណាដែលល្អសំរាប់សុខភាព និងហាត់ប្រាណឲ្យបានទៀងទាត់ជាប្រចាំ៕

សូមទស្សនាវីដេអូខាងក្រោម៖