[វីដេអូ] # Ep.65 លក្ខណ:ប្រែប្រួល ៥យ៉ាងរបស់ស្រ្តីនៅពេលមានគភ៌
ជាការពិតណាស់នៅពេលដែលមានគភ៌រាងកាយរបស់ស្រ្តីប្រាកដជាមានការប្រែប្រួលខុសពីការរំពឹងទុកមានដូចជា ការផ្លាស់ប្តូររូបរាង ការហើមជើង ការឡើងទំងន់ និងការផ្លាស់ប្តូរអ័រម៉ូនអំឡុងពេលមានផ្ទៃពោះ។
ដូចនេះយើងសូមចែករំលែកនូវកត្តាមួយចំនួនដែលធ្វើឲ្យមានការប្រែប្រួលសំរាប់ស្រ្តីនៅពេលមានគភ៌មានដូចជា
១ អ័រម៉ូន
ស្ត្រីមានផ្ទៃពោះតែងតែជួបប្រទះការកើនឡើងភ្លាមៗនិងគួរឱ្យកត់សម្គាល់នៃអ័រម៉ូនអ៊ឹស្ត្រូសែននិងប្រូសេស្តេរ៉ូនច្រើនក្នុងអំឡុងពេលមានគភ៌។ បន្ថែមពីនេះក៏មានការកើនឡើងនិងមានការផ្លាស់ប្តូរបរិមាណនិងមុខងារនៃអ័រម៉ូនមួយចំនួនផ្សេងៗទៀត។ចំពោះការផ្លាស់ប្តូរអ័រម៉ូននេះបានធ្វើឲ្យមានការផ្លាស់ប្តូរអារម្មណ៍ មានការប្រែប្រួលរាងកាយ ដូចជា ដើមទ្រូងឡើងធំ ពោះចាប់ផ្តើមធំ រីកត្រគាក ហើមមុខ កើនឡើងទម្ងន់ ដោយសារតែទារកមានការលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ និងមានការលំបាកនៅពេលដែលធ្វើសកម្មភាពផ្សេងៗដូចជា ការធ្វើលំហាត់ប្រាណ ឈឺចង្កេះ និងការសំរាក។
២ ខ្សោយភ្នែក
ស្ត្រីខ្លះជួបប្រទះការផ្លាស់ប្តូរការមើលអំឡុងពេលមានផ្ទៃពោះ ដែលត្រូវបានកំណត់ដោយការកើនឡើងនៃការមើលឃើញជិតឬក៏ឆ្ងាយ ។ការផ្លាស់ប្តូរជាទូទៅអំឡុងពេលមានផ្ទៃពោះរួមមានភាពព្រិលនិងភាពមិនច្បាស់នៃកែវភ្នែក។ បន្ថែមពីនេះស្ត្រីដែលមានជំងឺក្រឡាភ្លើងឬទឹកនោមផ្អែមពេលមានផ្ទៃពោះអាចប្រឈមនឹងហានិភ័យខ្ពស់នៃបញ្ហាភ្នែកដូចជាពិការភ្នែក ប៉ុន្តែវាគឺជាករណីកម្រ។
៣ រសជាតិ
ស្ត្រីភាគច្រើនជួបប្រទះនឹងការផ្លាស់ប្តូរអារម្មណ៍នៃរសជាតិរបស់ពួកគេអំឡុងពេលមានផ្ទៃពោះ។ជាធម្មតាស្រ្តីមានផ្ទៃពោះចូលចិត្តអាហារដែលមានជាតិប្រៃនិងអាហារផ្អែមជាងស្ត្រីមិនមានផ្ទៃពោះ។ បន្ថែមពីនេះក៏ចូលចិត្តញុំាអាហារណាដែលមានររសជាតិជូរខ្លាំង។ ប្រសិនបើស្រ្តីមានផ្ទៃពោះក្អួតចង្អោរកាន់តែខ្លាំងអាចជាសញ្ញាបង្ហាញពីអតុល្យភាពដោយសារការកង្វះសារធាតុចិញ្ចឹម។ជាទូទៅការឃ្លាននេះកើតឡើងនៅត្រីមាសដំបូងប៉ុណ្ណោះហើយចំណង់ចំណូលចិត្តរសជាតិរបស់ស្រ្តីអាចនឹងប្រែប្រួលទៅតាមត្រីមាស។
៤ ផ្លាស់ប្តូរសក់ ស្បែកនិងក្រចក
ស្ត្រីជាច្រើននឹងជួបប្រទះនូវការផ្លាស់ប្តូររូបរាងខាងក្រៅនៃស្បែករបស់ពួកគេ មានការប្រែប្រួលអំឡុងពេលមានផ្ទៃពោះ។
ថ្វីត្បិតតែភាគច្រើនមានការផ្លាស់ប្តូរជាបណ្តោះអាសន្ន ប៉ុន្តែក៏មានខ្លះទៀតមានដូចជាស្នាមសង្វារអាចបណ្តាលឱ្យមានការផ្លាស់ប្តូរជាអចិន្រ្តៃយ៍។ ស្ត្រីមានផ្ទៃពោះជាច្រើនជួបប្រទះនឹងការផ្លាស់ប្តូរការលូតលាស់របស់សក់និងក្រចកអំឡុងពេលមានផ្ទៃពោះ។ចំណែកឯការផ្លាស់ប្តូរអ័រម៉ូនវិញពេលខ្លះក៏អាចបណ្តាលឱ្យសក់ជ្រុះច្រើនបានផងដែរ។
៥ ស្នាមជ្រួញ
ស្ត្រីមានផ្ទៃពោះភាគច្រើនជួបប្រទះនូវស្នាមជ្រួញមួយចំនួនអំឡុងពេលមានផ្ទៃពោះ។ ជាពិសេសធ្វើឲ្យស្បែកស្រអាប់ជាំនៅលើមុខដែលមានប្រមាណជា ៧០%។ វាអាចកាន់តែអាក្រក់ទៅៗ ដោយសារការប៉ះទៅនឹងពន្លឺព្រះអាទិត្យនិងវិទ្យុសកម្មដូច្នេះស្រី្តគួរតែលាបឡេការពារកម្តៅថ្ងៃ UVA/UVB ជារៀងរាល់ថ្ងៃអំឡុងពេលមានផ្ទៃពោះ។
ដើម្បីកាត់បន្ថយនូវបញ្ហាទាំងនេះស្រ្តីមានផ្ទៃពោះគួរសំរាកឲ្យបានគ្រប់គ្រាន់ ញុំាទឹកឲ្យបានច្រើន ញុំាអាហារណាដែលល្អសំរាប់សុខភាព ទទួលទានវីតាមីនមុនពេលសម្រាលកូន ធ្វើលំហាត់ប្រាណស្រាលៗ ចេញទៅក្រៅយកខ្យល់អាកាស ជៀសវាងការឈរយូរឬ អង្គុយយូរ ជៀសវាងពិសារជាតិកាហ្វេអ៊ីន គ្រឿងស្រវឹង និងបារី៕
ប្រភព៖ Healthline ដោយ៖ បញ្ញា