អាជ្ញាធរខេត្តសៀមរាប ជម្រុញឲ្យមានការចាប់ផ្តើមរៀបចំកំពង់ផែចុងឃ្នៀសឡើងវិញ ឱ្យមានភាពទាក់ទាញ ដើម្បីទទួលភ្ញៀវទេសចរ !

សៀមរាប៖ អភិបាលខេត្តសៀមរាប អះអាងថា ដើមឆ្នាំ២០២២ខាងមុខ កំពង់ផែចុងឃ្នៀស ដែលជាកំពង់ផែដ៏មានសក្តានុពល ក្នុងការស្រូបទាញភ្ញៀវទេសចរធ្វើដំណើរទស្សនាសម្រស់ធម្មជាតិ នៃបឹងទន្លេសាប និងមានសកម្មភាពកក់ត្រាចំនួនភ្ញៀវឡើងវិញ ជាមួយនឹងការរំពឹងទុកថា កំពង់ផែចុងឃ្នៀស នឹងត្រូវអភិវឌ្ឍន៍ឱ្យស្របតាមស្តង់ដាកំពង់ផែទេសចរណ៍ ដោយត្រូវបំពាក់សម្បទាទ្រទ្រង់សេវាកម្មពេញលេញ នាថ្ងៃអនាគត។

 
អាជ្ញាធរខេត្តសៀមរាប ជម្រុញឲ្យមានការចាប់ផ្តើមរៀបចំកំពង់ផែចុងឃ្នៀសឡើងវិញ ឱ្យមានភាពទាក់ទាញ ដើម្បីទទួលភ្ញៀវទេសចរ !

កំពង់ផែចុងឃ្នៀស ត្រូវបានអាជ្ញាធរខេត្តសៀមរាប ដាក់ចេញនូវផែនការជម្រុញ ឲ្យមានការចាប់ផ្តើមជាថ្មី រៀបចំឡើងវិញបន្ទាប់ពីមានភាពអសកម្មក្នុងវិបត្តិកូវីដ-១៩កន្លងមក ដើម្បីត្រៀមលក្ខណ:ឲ្យបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញ នាដើមឆ្នាំ២០២២ខាងមុខនេះ ស្របតាមគន្លងប្រក្រតីភាពថ្មី និងត្រូវរៀបចំនីតិវិធីប្រតិបត្តិស្តង់ដាសុវត្ថិភាព ( SOP ) រៀនរស់ជាមួយកូវីដ-១៩ ។

កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ រួមជាមួយក្រុមការងារដែលមានសមាសភាពចម្រុះពាក់ព័ន្ធ ក្នុងឱកាសចុះផ្ទាល់ដល់កំពង់ផែមួយនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញឲ្យដឹងអំពីផែនការចំពោះមុខ ដែលក្នុងជំហ៊ានដំបូងនេះ គឺចាំបាច់ត្រូវតែមានការជួសជុលបន្ទាន់ផ្លូវចូលតំបន់ចុងឃ្នៀស។ ឯកឧត្តមបញ្ជាក់ថា កំពង់ផែចុងឃ្នៀស គឺជាគោលដៅសំរាប់ការអភិវឌ្ឍន៍នាពេលអនាគត ឲ្យស្របតាមស្តង់ដារកំពង់ផែទេសចរណ៍ ដោយគិតគូរលើការបំពាក់សម្បទាទ្រទ្រង់សេវាកម្មផងដែរ ។

សម្រាប់ការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាព ឬទេសចរណ៍វ៉ាក់សាំង និងទេសចរណ៍ផ្ទៃក្នុង ដែលសៀមរាប-អង្គរ គ្រោងនឹងបើកទទួលភ្ញៀវជាផ្លូវការថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ខាងមុខនេះ តំបន់ចុងឃ្នៀស ត្រូវតែរៀបចំឱ្យបានល្អប្រសើរ សន្តិសុខ សណ្តាប់សាធារណៈ ជាពិសេសនោះ គឺត្រូវបានកំណត់ច្បាស់លាស់ បែងចែកឲ្យមានជាតំបន់បដិសណ្ឋារកិច្ច តំបន់ប្រជាជនរស់នៅ និងតំបន់ផ្សារត្រីជាដើម។

គួរំលឹកដែរថា កំពង់ផែចុងឃ្នៀស ស្ថិតនៅក្នុងតំបន់បឹងទន្លេសាប នៃសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ត្រូវបានរដ្ឋបាលខេត្ត ចូលគ្រប់គ្រងជាបណ្តោះអាសន្ន កាលពីចុងខែសីហាកន្លងមកនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដកហូតចេញពីការវិនិយោគរបស់ក្រុមហ៊ុនឯកជន(ស៊ូជីង)។ បើយោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់ទីស្តីការគណ:រដ្ឋមន្ត្រី បានកំណត់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ គ្រប់គ្រងតំបន់កំពង់ផែនេះជាបណ្តោះអាសន្ន។ ជាសំខាន់ ផែនការ១០ចំណុចសម្រាប់ការគ្រប់គ្រងតំបន់នេះ គឺដើម្បីអភិវឌ្ឍន៍ រក្សាតម្លៃផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ តំបន់ចុងឃ្នៀសនេះដែរ គឺជាគោលដៅ នៃការអភិវឌ្ឍពហុវិស័យ ដោយមានវិស័យទេសចរណ៍ជាស្នូល ហើយក៏ជាកំពង់ផែដឹកជញ្ជូនផ្លូវទឹក និងជាតំបន់ចែកចាយផលនេសាទទឹកសាបផងដែរ៕

សូមចុច join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងព័ត៌មាន