កម្ពុជារៀបចំឱ្យមានម៉ាកសមូហភាពអង្ករក្រអូប និង អង្ករដំណើប ដើម្បីជំរុញការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ

កម្ពុជាសម្ពោធម៉ាកអង្ករសមូហភាព«SKO» នៃពូជស្រូវសែនក្រអូប០១ និងម៉ាកអង្ករសមូហភាព«DSMK»នៃពូជស្រូវដំណើបស្បៃមង្គល និងវេទិកាពិភាក្សា’’ការពង្រឹងខ្សែសង្វាក់តម្លៃស្រូវអង្ករ និងការលើកកម្ពស់ជីវភាពកសិករខ្នាតតូចនៅព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២២នេះ ដើម្បីបង្កើតអត្តសញ្ញាណអង្ករក្រអូប និងអង្ករដំណើបកម្ពុជា ប្រកួតប្រជែងជាមួយអង្ករក្រអូបស្រដៀងគ្នានៃប្រទេសផលិតអង្ករក្រអូបផ្សេងទៀត។ ការបង្កើនការលក់អង្ករក្រអូបពូជស្រូវសែនក្រអូបនិងអង្ករដំណើបពូជស្រូវដំណើបស្បៃមង្គលនេះ ដើម្បីនាំយកម៉ាកអង្ករក្រអូបប្រណិត អង្ករក្រអូបកម្ពុជា និងអង្ករដំណើបទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែកើនឡើងថែមទៀត សម្រាប់ជាប្រយោជន៍ជូនកសិករកម្ពុជា។

 
កម្ពុជារៀបចំឱ្យមានម៉ាកសមូហភាពអង្ករក្រអូប និង អង្ករដំណើប ដើម្បីជំរុញការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ

កម្មវិធីសម្ពោធម៉ាកអង្ករសមូហភាពនេះរៀបចំឡើងដោយ សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមជំនួយហិរញ្ញវត្ថុពី ក្រសួងការបរទេស និង ពាណិជ្ជកម្មប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្ម កម្ពុជា-អូស្ត្រាលី(CAVAC) និងមានការចូលរួមឧបត្ថម្ភពីគម្រោង AIM និងមានការគាំទ្រពីក្រសួងពាណិជ្ជកម្មកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា(CARDI) និងធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម(ARDB)។

ដោយមើលឃើញពីភាពចាំបាច់ និងសក្ដានុពលនៃការអភិវឌ្ឍពូជស្រូវសែនក្រអូប០១ និងអង្ករដំណើប បានសម្រេចឡើងដោយអ្នកវិទ្យាសាស្ត្រស្រូវកម្ពុជា ពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្របពេលដែលនិន្នាការនៃតម្រូវការប្រភេទអង្ករក្រអូបធម្មតា និងអង្ករដំណើប ដែលកំពុងមានទីផ្សារល្អទើបសហព័ន្ធស្រូវអង្ករកម្ពុជា បានខិតខំស្វះស្វែងរកនូវប្រភពធនធានក្នុងការអភិវឌ្ឍនូវម៉ាកសញ្ញាពាណិជ្ជកម្មមួយពិតប្រាកដដែលអាចប្រើប្រាស់ជារួមសម្រាប់ប្រយោជន៍ទាំងអស់គ្នានៅកម្ពុជា ដោយរៀបចំឱ្យមានការចុះបញ្ជីការជាម៉ាកសមូហភាព ដែលក្នុងនោះបានធ្វើការយ៉ាងជិតស្និទ្ធ និងទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ ពីក្រសួងការបរទេស និងពាណិជ្ជកម្ម របស់ប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) លើកម្មវិធីការងារមួយចំនួនរួមមាន ការជួយលើការរៀបចំឡើងវិញសម្ភារផ្សព្វផ្សាយ នៃម៉ាកវិញ្ញាតកម្ម “ម្លិះអង្គរ” និងការរៀបចំរចនានូវនិម្មិតសញ្ញា ការរៀបចំនូវសម្ភារផ្សព្វផ្សាយ និងការចុះបញ្ជីម៉ាកសមូហភាពថ្មីសម្រាប់អង្ករក្រអូបពូជស្រូវសែនក្រអូប ដែលហៅកាត់ជាភាសាអន្តរជាតិថា “SKO» និង អង្ករដំណើប ពីពូជស្រូវដំណើបស្បៃមង្គល ដែលហៅកាត់ជាភាសាអន្តរជាតិថា “DMSK» បានបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខា ប្រ មាញ់និងនេសាទ ក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៩។

លោក ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជាបានគូសបញ្ជាក់ថា ការរៀបចំឱ្យមានម៉ាកសមូហភាពនៅពេលនេះ គឺជារឿងដែលចាំបាច់បំផុតសម្រាប់ការកសាងទំនុកចិត្តដល់អតិថិជន និងការកសាងភាពច្បាស់លាស់មួយសម្រាប់ប្រជាកសិករផងដែរ ព្រោះថាបច្ចុប្បន្ននេះ កសិករមួយចំនួនប្រឈមលើផលលំបាកនៃការលក់ស្រូវរបស់ខ្លួននៅពេលប្រមូលផល ដោយសារការដាំដុះ មិនមានប្រភពព័ត៌មាននៃតម្រូវការទីផ្សារច្បាស់លាស់ ហើយអ្នកនាំចេញក៏មិនមានព័ត៌មានឱ្យបានជាក់លាក់ពីកសិករផងដែរ។ លោក ឧកញ៉ាបានគូសបញ្ជាក់ទៀតថា «ការរៀបចំម៉ាកអង្ករនេះឡើងនឹងផ្តល់នូវផលឱ្យយើងក្នុងរយៈពេលមធ្យម និងវែង ដែលតម្រូវឱ្យយើងធ្វើការឱ្យកាន់តែច្រើនជាងមុន និងជួយកាត់បន្ថយនូវគម្លាតព័ត៌មាននៃតម្រូវការទីផ្សារ និងការផលិតរវាងអ្នកនាំចេញ រោងម៉ាស៊ីនកិនស្រូវ និងប្រជាកសិករ»។

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទបានឱ្យដឹងថា បច្ចុប្បន្ន ពូជស្រូវ «សែនក្រអូប០១» បាននិងកំពុងរីករាយសាយភាយនៅកម្ពុជា ដោយពូជស្រូវនេះផ្ដល់នូវទិន្នផលខ្ពស់ មានក្លិនក្រអូប គុណភាពអង្ករល្អ មានភាពថ្លាវែងរលូន និងបាយទន់ឆ្ងាញ់ពិសាទៀតផង។ ឯកឧត្ដមប្រតិភូបានបន្ដថា ពូជស្រូវនេះ ជាពូជដែលមានប្រភេទអង្ករមានតម្លៃល្អ និងមានតម្រូវការខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។ ឯកឧត្ដមប្រតិភូបន្ដទៀតថា សម្រាប់ពូជស្រូវដំណើបវិញ បន្ទាប់ពីសង្រ្គាមត្រូវបានបញ្ចប់ បេសកកម្មនៃការធ្វើឱ្យប្រជាជនកម្ពុជា ដែលធ្លាប់ជាអ្នកខ្វះខាតស្បៀងត្រូវបានទទួលបរិបូរណ៍ និងមានអតិរេកខ្លះសម្រាប់លក់លើទីផ្សារ ដោយឃើញនូវសក្ដានុពលទាំងនេះ អ្នកវិទ្យាសាស្ត្រស្រូវកម្ពុជាបានគិតគូរដោយបង្កើតជម្រើសបន្ថែមសម្រាប់កសិករក្នុងការអភិវឌ្ឍពូជស្រូវដែលមានតម្លៃសម្រាប់ឧស្សាហកម្ម ដែលមានតម្រូវការសម្រាប់ពេលមានកម្មវិធីបុណ្យធំៗ ដោយបានរៀបចំធ្វើការអភិវឌ្ឍ និងបង្កាត់ពូជស្រូវដំណើបមួយប្រភេទនេះចេញពីប្រភេទពូជស្រូវដំណើបកម្ពុជារាប់រយប្រភេទ ដែលពូជស្រូវនេះត្រូវបានដាក់ឈ្មោះថា “ស្រូវដំណើបស្បៃមង្គល” ។

សម្រាប់ពូជស្រូវ “ដំណើបស្បៃមង្គល” ជាពូជស្រូវដំណើបទី១ ដែលបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់ដោយ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាំងពីចុងឆ្នាំ២០១៣ ជាប្រភេទស្រូវធ្ងន់ប្រកាន់រដូវហើយចេញផ្កាក្នុងអាទិត្យទី២ នៃខែវិច្ឆិកា អាស្រ័យទៅលើអាកាសធាតុ និងពេលវេលាដាំដុះ។ គ្រាប់ស្រូវ ១០០គ្រាប់មានទម្ងន់៣.៤ក្រាម និងមានទិន្នផលជាមធ្យម ៣.២តោន ក្នុងមួយហិកតា។ ចំពោះពូជស្រូវ “ដំណើបស្បៃមង្គល” ជាពូជស្រូវដែលបានសម្រិតសម្រាំងតាមបច្ចេកទេសរុក្ខជម្រើសវិទ្យា ពីពូជស្រូវប្រពៃណីដែលបានប្រមូលយកមករក្សាទុកនៅក្នុងធនាគារពន្ធុក្នុងវិទ្យាស្ថាន ហើយគុណភាព នៃគ្រាប់អង្ករដំណើប គឺអាចនិយាយបានថា អាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ជាពិសេស ប្រភេទអង្ករដំណើបលេខ១របស់គេ។

ទោះជាវិស័យស្រូវអង្ករមានការរីកចម្រើនគួរឱ្យកត់សម្គាល់យ៉ាងណាក៏ដោយក៏ស្ថានភាព និងនិន្នាការនៃការប្រែប្រួលជាសកលបានជំរុញឱ្យកម្ពុជានូវការជួបប្រទះបញ្ហាប្រឈមមួយចំនួនដែលត្រូវសហការគ្នាដោះស្រាយ រួមមានជាអាទិ៍៖ មិនទាន់មានគ្រាប់ពូជស្រូវគុណភាពល្អសម្រាប់ដាំដុះគ្រប់គ្រាន់ ដោយសារការវិនិយោគពីវិស័យឯកជនក្នុងឧស្សាហកម្មពូជដំណាំនៅមានកម្រិតតិចតួច និងកង្វះការយល់ដឹងនៃការប្រើប្រាស់គ្រាប់ពូជសុទ្ធត្រឹមត្រូវពីប្រជាកសិករ។ ប្រព័ន្ធស្រោចស្រពមិនទាន់បានគ្របដណ្ដប់ពេញលេញនៅឡើយ និងប្រភពទឹកមិនគ្រប់គ្រាន់ នាំឱ្យការអនុវត្តន៍ផលិតកម្មនៅជួបបញ្ហាប្រឈមច្រើន ជាពិសេសនៅតំបន់ដាំដុះដែលពឹងផ្អែកលើទឹកភ្លៀងនៅក្នុងបរិបទការប្រែប្រួលអាកាសធាតុ។ កសិករមួយចំនួនប្រើជីមិនទាន់ត្រឹមត្រូវតាមតម្រូវការដំណាំស្រូវ អាស្រ័យតាមប្រភេទដីដែលធ្វើឱ្យទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ចទាប។ ការប្រើថ្នាំកសិកម្មរបស់កសិករខ្លះក៏មិនទាន់ចំគោលដៅនិងហួសកម្រិតដែលធ្វើឱ្យមានការចំណាយច្រើនប៉ះពាល់ជាអវិជ្ជមានដល់ប្រព័ន្ធបរិស្ថាននិងការនាំចេញអង្ករដោយសារមានសំណល់ថ្នាំកសិកម្មខ្ពស់។ ការចំណាយក្នុងផលិតកម្មខ្ពស់ដោយសារ ជី ថ្នាំកសិកម្ម អគ្គិសនីមានតម្លៃខ្ពស់ ហើយការដឹកជញ្ជូនក្នុងស្រុកនិងទៅទីផ្សារអន្តរជាតិត្រូវចំណាយខ្ពស់ ដែលមិនមានលក្ខណៈប្រកួតប្រជែង។ ការផលិតសូវមិនទាន់មានភាពប្រមូលផ្ដុំតាមប្រភេទពូជ នាំឱ្យពិបាកប្រមូលទិញ និងអាចប្រឈមនឹងការលាយគ្នា ហើយមិនទាន់អនុវត្តផលិតកម្មតាមកិច្ចសន្យាឱ្យបានទូលំទូលាយនៅឡើយ។ ទន្ទឹមនេះ មានការលាយអង្គរដែលជាពូជផ្សេងគ្នានៅតាមទីតាំងលក់ដុំ លក់រាយ និងរោងម៉ាស៊ីនមួយចំនួនដែលធ្វើឱ្យប៉ះពាល់គុណភាព និងបាត់បង់ភាពជឿជាក់លើប្រភេទពូជស្រូវគុណភាពប្រណិតរបស់កម្ពុជា។

តាមរយៈកម្មវិធីនៃការអភិវឌ្ឍនូវម៉ាកសមូហភាពនេះ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ បង្ហាញសុទិដ្ឋនិយមថា «គឺខ្ញុំសង្ឃឹម និងជឿជាក់មួយកម្រិតទៀតថា វានឹងអាចជួយឱ្យមានភាពកាន់តែច្បាស់លាស់សម្រាប់ទីផ្សារអង្ករកម្ពុជា យើងមានម៉ាកសម្រាប់អង្ករពូជ ប្រណិតផ្ការំដួល ផ្ការមៀត ផ្ការំដេង ដែលមាននិម្មិតសញ្ញាថា«ម្លិះអង្គរ»សម្រាប់អង្ករក្រអូបធម្មតា ឬអង្ករក្រអូបស្រូវប្រាំងដែលជាប្រភេទពូជស្រូវក្រអូប០១ យើងមានម៉ាក«SKO» ហើយអង្ករដំណើបគឺយើងមានម៉ាក«DSMK»ដែលជាកត្តាមួយសម្រាប់ជួយតម្រង់ទិសដល់កសិករក្នុងការដាំដុះដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារសម្រាប់អ្នកនាំចេញ ជាពិសេសសហព័ន្ធស្រូវអង្ករកម្ពុជា យកទៅធ្វើការផ្សព្វផ្សាយ និងទាក់ទាញអ្នកទិញនៅលើទីផ្សារអន្តរជាតិ»។

ក្នុងនាមជាអធិបតីក្នុងកម្មវិធីសម្ពោធម៉ាកអង្ករសមូហភាពនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម មិនត្រឹមតែគិតគូរលើការនាំចេញស្រូវអង្ករតែមួយជ្រុងតែប៉ុណ្ណោះទេ តែក្រសួងបានខិតខំជួយដល់កសិករខ្នាតតូចឱ្យរៀបចំខ្លួនឱ្យបានកាន់តែប្រសើរឡើង ជាពិសេស ការជួយជំរុញទីផ្សារសម្រាប់កសិករខ្នាតតូចរួមទាំង កិច្ចសន្យាកសិកម្មរវាងកសិករខ្នាតតូច ជាមួយរោងម៉ាស៊ីនកិនស្រូវ ដែលការងារនេះធ្វើឡើងតាមរយៈគម្រោងអេម (Aim) ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុដោយរាជរដ្ឋាភិបាល និង IFAD។ ឯកឧត្តម មានប្រសាសន៍បន្តថា «យើងសង្ឈឹមនិងជឿជាក់ថា បញ្ហាប្រឈមមួយចំនួនដែលទីផ្សាររបស់កសិករខ្នាតតូចត្រូវបានលើកមកពិភាក្សា និងផ្ដល់នូវដំណោះស្រាយសមស្របសម្រាប់ពេលបច្ចុប្បន្ន និងពេលអនាគត»។

ទោះបីស្ថានភាពនៃពិភពលោក កំពុងប្រឈមនៅកលយុគថ្មីៗ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ គឺសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យធាតុចូលកសិកម្មដូចជាជី ថ្នាំពុលកសិកម្ម និងឥន្ធនៈបានកើនឡើងជាបន្តបន្ទាប់ដែលនឹងប៉ះពាល់ដល់ដំណើរផលិតកម្មមួយចំណែកធំ តែការងារទាំងនេះកំពុងតែទទួលការយកចិត្តទុកដាក់ជាអាទិភាពពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា ឯកឧត្តម ប៉ាន សូរស័ក្ដិ ជឿជាក់ថា ស្ថានភាពលំបាកនេះនឹងអាចដោះស្រាយបានហើយការនាំចេញអង្កររបស់យើងនឹងកើនឡើងបន្ថែមទៀតស្របជាមួយការងារដែលយើងកំពុងធ្វើថ្ងៃនេះ គឺការកសាងទំនុកចិត្តជូនអ្នកប្រើប្រាស់តាមរយៈម៉ាកសមូហភាពអង្ករ «SKO» និង «DMSK»។

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងជាឱឡារិកថា«ខ្ញុំសូមប្រកាសដាក់ឱ្យប្រើប្រាស់ម៉ាកសមូហភាពទាំងនេះចាប់ពីពេលនេះតទៅ និង សូមប្រកាសបើកវេទិកាស្តីអំពី “ការពង្រឹងខ្សែសង្វាក់តម្លៃស្រូវអង្ករ និងការលើកកម្ពស់ជីវភាពកសិករខ្នាតតូច" ។

គិតត្រឹមសប្តាហ៍ទី៣នៃខែមិថុនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនចំនួន ៥៣ក្រុមហ៊ុន បានអង្ករចំនួនប្រមាណជាង ៣១ ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន ១៩១ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ អង្ករក្រអូបប្រណិត បានចំនួន ៤១.៦២ភាគរយ អង្ករក្រអូបសែនក្រអូប បានចំនួន ២២.៤២ភាគរយ អង្ករស ចំនួន ៣៣.១២ភាគរយ អង្ករចំហ៊ុយ១.៤២ភាគរយ និងអង្ករសរីរាង្គចំនួន ១.៤២ភាគរយ។ ការនាំចេញនេះមានកំណើនចំនួន ២១.៧៣ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២១ យើងសង្ឈឹម និងជឿជាក់ថា តាមរយៈម៉ាកសមូហភាពថ្មីនឹងជួយជំរុញការនាំចេញឱ្យកាន់តែច្រើនឡើងថែមទៀត។

តាមការព្យាករណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញក្នុងឆ្នាំ២០២២ នេះអាចសម្រេចបានក្នុងរង្វង់ ៧០ ទៅ ៧៥ម៉ឺនតោន ដែលមានកំណើនជាង ១០ម៉ឺនតោន បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ចំពោះការនាំស្រូវក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២២ នេះដែរ កម្ពុជាបាននាំចេញស្រូវសរុបបានចំនួន១ ៦៩៨ ៩០៨ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣៩១.៦៩ លានដុល្លារអាម៉េរិក ដែលមានការកើនឡើងចំនួន ៤.៥ ភាគរយ ស្មើនឹង ៧៨ ៥៣៥ តោន បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១៕

Join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងព័ត៌មាន