ឧកញ៉ាប៉ិច បូឡែន៖ ការចាប់យកជំនាញវិជ្ជាជីវៈមួយច្បាស់លាស់នឹងជួយខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ

ការចាប់យកជំនាញវិជ្ជាជីវៈមួយច្បាស់លាស់នឹងជួយខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ នេះជាការលើកឡើងរបស់ឧកញ៉ា ប៉ិច បូឡែន ក្នុងសិក្ខាសាលាស្តីពីការតម្រង់ទិសការងារ និងអាហារូបករណ៍នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងមកនេះ។

 
ឧកញ៉ាប៉ិច បូឡែន៖ ការចាប់យកជំនាញវិជ្ជាជីវៈមួយច្បាស់លាស់នឹងជួយខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ

ក្នុងសិក្ខាសាលាដែលមានសិស្សថ្នាក់ទី១២នៃសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ប្រមាណជា២៨០នាក់ ឧកញ៉ាប៉ិច បូឡែន អគ្គនាយកនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា “កូនៗមិននៅក្មេងដូចកាលពីមុនឡើយ ក្រៅពីជាបង្គោលគ្រួសារ កូនៗក៏ជាបង្គោលយ៉ាងសំខាន់របស់ប្រទេសជាតិរបស់យើងផងដែរ។ ដូច្នេះការជ្រើសរើសមុខជំនាញសិក្សា និងការដាក់ស្នើអាហារូបករណ៍ កូនៗត្រូវគិតគូរឱ្យច្បាស់ លាស់ និងជ្រើសរើសត្រូវនឹងចំណងចំណូលចិត្ត ទេព្យកោសល្យ និងមុខវិជ្ជាដែលកូនៗរៀនពូកែកាលពីនៅថ្នាក់វិទ្យាល័យ ហើយក៏ត្រូវជៀសវាងការចាប់យកមុខជំនាញណាដែលប្រើប្រាស់មុខវិជ្ជាដែលកូនៗរៀនមិនសូវពូកែ។ "

ជាមួយគ្នានេះដែរ មុននឹងធ្វើការសម្រេចចិត្តជ្រើសរើសជំនាញសិក្សា ឬជំនាញវិជ្ជាជីវៈណាមួយលោកឧកញ៉ាលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវស្វែងយល់ពីទេព្យកោសល្យខ្លួនឯង ពិគ្រោះយោបល់ជាមួយមាតាបិតា និងតាមដានបម្រែបម្រួលទីផ្សារការងារ ដើម្បីមានមូលដ្ឋានគ្រឹះមួយពិតប្រាកដក្នុងការសម្រេចចិត្តបានត្រឹមត្រូវ។

លោកឧកញ៉ាក៏បានជម្រុញដល់សិស្សានុសិស្សរៀនជំនាញអ្វីមួយ សូមខិតខំប្រឹងប្រែងព្យាយាមឲ្យអស់ពីលទ្ធភាពជាមួយនឹងការកំណត់គោលដៅឲ្យបានច្បាស់លាស់ នោះការងារនឹងរត់មករកជាមិនខាន។ បច្ចុប្បន្ននេះទីផ្សារការងារមានច្រើន តម្រូវការធនធានមនុស្សក៏មានច្រើន តែក៏នៅតែមានសិស្សនិសិ្សតខ្លះពុំមានការងារធ្វើដែរ។ មូលហេតុនេះដោយសារតែមិនមានសមត្ថភាពពេញលេញ ស្រមតាមតម្រូវការរបស់និយោជក។

 

លោកឧកញ៉ាបានផ្តាំផ្ញើ និងក្រើនរំលឹកដល់ប្អូនៗសិស្សានុសិស្សត្រូវកំណត់គោលដៅអាជីពការងារមួយពិតប្រាកដសម្រាប់ខ្លួនឯង និងអភិវឌ្ឍសមត្ថភាពជាប្រចាំ ដើម្បីជួយខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។

 

សូមជម្រាបថា សិក្ខាសាលាស្តីពីការតម្រង់ទិស និងអាហារូបករណ៍នេះ រៀបចំឡើងនៅសាលកវិទ្យាល័យជាតិគ្រប់គ្រង ដោយមានវត្តមានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស លោកបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង យុវសិស្ស ណាង ពេជមុនីរាជ សិស្សនិទ្ទេសA មកពីសាលារៀនណត្សឡាញន៍ លោកសាស្ត្រាចារ្យ ទាង ប៉ាង សហស្ថាបនិកក្រុមហ៊ុន E-School Cambodia លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ  លោក ប្រាក់ សុខលីន នាយករងសាលារៀនវ៉េស្ទឡាញន៍សាខាទួលស្វាយព្រៃ លោក ឈន ឈុនឡុង ស្ថាបនិកក្រុមហ៊ុន App E-School Cambodia  ចូលរួមចែករំលែកនូវគន្លឹះ បទពិសោធន៍ និងវិធីសាស្ត្រនៃការរៀនល្អៗ ព្រមជាមួយនឹងការណែនាំអំ ពីវិធីសាស្ត្រក្នុងការដាក់ស្នើអាហារូបករណ៍ទៅកាន់សកលវិទ្យាល័យសម្រាប់ការបន្តថ្នាក់បរិញ្ញាបត្រក្រោយបញ្ចប់ការប្រលងមធ្យមសិក្សាទុតិយភូមិរបស់ប្អូនៗសិស្សថ្នាក់ទី១២នាពេលឆាប់ៗខាងមុខនេះ៕