សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍
នៅព្រឹក ថ្ងៃចន្ទ ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពនៅក្នុងកិច្ចប្រជុំ ដើម្បីពិភាក្សាលើកិច្ចការនានាត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខ។ កិច្ចប្រជុំសហព័ន្ធទាំងពីរខាងលើ នឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែ កក្កដា ២០២២ ។
សូមបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ កម្ពុជា បានចាប់ផ្តើមរាប់ថយក្រោយរយៈពេល៣០០ថ្ងៃ ឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។
ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា។ កម្ពុជាមិនអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះបានឡើយ ប្រសិនបើកម្ពុជាខ្វះហេដ្ឋារចនាសម្ព័ន្ធផ្នែកកីឡា និងមិនមានធនធានថវិកាទេនោះ។
នៅថ្ងៃនេះ មុននឹងអញ្ជើញថ្លែងសុន្ទរកថា នៃកិច្ចប្រជុំ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានគោរពអញ្ជើញឲ្យអង្គពិធីទាំងមូលក្រោកឈរដើម្បីគោរពវិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រីជប៉ុនឯកឧត្តម Shinzo Abe ដែលទទួលមរណភាពដោយការលួចធ្វើឃាតដោយជនអគតិដែលសម្ដេចបានចាត់ទុកថាមរណភាព របស់ឯកឧត្តមគឺពិតជាសោកស្ដាយបំផុត ដែលកន្លងមកនេះ ឯកឧត្តមបានផ្សារភ្ជាប់នូវទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក៏ដូចជាមួយអាស៊ាន។
ទាក់ទងនឹងកិច្ចប្រជុំនាពេលនេះ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដោយបានជួបជុំមហាគ្រួសារកីឡាជាតិ និងកីឡាតំបន់អាស៊ីអាគេ្នយ៍ក្នុងកិច្ចប្រជុំ ដ៏មានសារៈសំខាន់នេះ ។ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំ ជាប្រវត្តិសាស្រ្តនេះឱ្យទទួលបានជោគជ័យខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រីបានដាក់ចេញគោលការណ៍ និងផ្តល់អនុសាសន៍គន្លឹះបន្ថែមមួយចំនួន ដូចខាងក្រោម ៖
១- គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ត្រូវយកចិត្តទុកដាក់លើគ្រប់មុខសញ្ញា គ្រប់គ្រងព្រឹត្តិការណ៍សំខាន់ៗឱ្យបានរួចរាល់ និងទាន់ពេល ពិសេសការងារដែលត្រូវការពេលយូរ ត្រូវចាប់ផ្ដើមពីពេលនេះតទៅ ដូចជាការជួសជុលកែលម្អទីលានប្រកួតការរៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា ជីអឹមអេស (GMS) ការរៀបចំពិធីបើក និងពិធីបិទ ព្រមទាំងការរៀបចំកន្លែងស្នាក់នៅ ហូបចុក និងដឹកជញ្ជូនជាដើម ។ ជាមួយនេះ ត្រូវជំរុញឱ្យបានខ្លាំងថែមទៀត ក្នុងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡា រួមទាំងកីឡាល្បុក្កតោខ្មែរ និងកីឡាយុទ្ធគុនឥណ្ឌូណេស៊ី ដែលមានឈ្មោះថា ស៊ីឡាត់ (Silat) ដែលទទួលបានការឯកភាព ជួយពីឯកឧត្តមរដ្ឋមន្ត្រីការពារជាតិនៃប្រទេសឥណ្ឌូនេស៊ី និង កីឡាយូដូ ពីឯកឧត្តមអតីតឯកអគ្គរដ្ឋទូតជប៉ុន ។
២- សូមអោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជនចូលរួមយុទ្ធនាការផ្សព្វផ្សាយ និងយុទ្ធនាការលាងសម្អាតផ្ទះ និងសង្គមយើង តាមរយៈយុទ្ធនាការ “ប្រជាជន ម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត ” “កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ សេវាល្អ” “ កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន” និង “កីឡារស់ក្នុងសន្តិភាព” ឱ្យបានផុសផុល ទាំងក្នុង និងក្រៅប្រទេស ។
៣-សូមស្នើក្រសួងអប់រំយុវជន និងកីឡា ពិនិត្យ លទ្ធភាពពន្យារវិស្សមកាលតូច ក្នុងអំឡុងពេលចូលឆ្នាំខ្មែរប្រពៃណីជាតិរហូតដល់ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ ដើម្បី ផ្តល់ឱកាសឱ្យសិស្ស-និស្សិតចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរលើកទឹកចិត្តកីឡាករ កីឡាការិនីជាតិ-អន្តរជាតិ ។
៤-សូមអំពាវនាវបណ្តាប្រទេសសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មេត្តាផ្តល់នូវការគាំទ្រក្នុងគ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ទទួលបាន ជោគជ័យ ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន សូមជូនពរកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា រយៈពេល ៣ ថ្ងៃនេះ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កា៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister
សូមចុច join Telegram https://t.me/cngtvcambodia