វេសឡាញចុះអនុស្សារណៈយោគយល់គ្នាជាមួយភ្នាក់ងារអប់រំភាសាចិន Dandelion ដើម្បីបង្កើនគុណភាពកម្មវិធីភាសាចិននៅបណ្តាញសាលារៀនវ៉េស្ទឡាញន៍

កាលពីថ្ងៃទី១៩ ខែកក្កកដា ឆ្នាំ២០២២កន្លងមកនេះ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានចុះអនុស្សារណៈយោគយល់គ្នាជាមួយភ្នាក់ងារអប់រំភាសាសិន Dandelion ដើម្បីបង្កើនគុណភាពកម្មវិធីភាសាចិន តាមរយៈការធ្វើទំនើបកម្មកម្មវិធីសិក្សា និងផ្តល់វគ្គបំប៉នសមត្ថភាពគ្រូបង្រៀន នៅគ្រប់បណ្តាញសាលារៀនវ៉េស្ទឡាញន៍ ចាប់ពីវគ្គសិក្សាដើមខែសីហាខាងមុខនេះ។

 
វេសឡាញចុះអនុស្សារណៈយោគយល់គ្នាជាមួយភ្នាក់ងារអប់រំភាសាចិន Dandelion ដើម្បីបង្កើនគុណភាពកម្មវិធីភាសាចិននៅបណ្តាញសាលារៀនវ៉េស្ទឡាញន៍

ឧកញ៉ា ប៉ិច​ បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានឲ្យដឹងថា “គោលបំណងនៃការចុះអនុស្សារណៈយោគយល់គ្នាជាមួយស្ថាប័នអប់រំភាសាចិន Dandelion​ ជាដៃគូរអប់រំនៅថ្ងៃនេះ ដោយសារស្ថាប័នមួយនេះមានអាជីពជាផ្លូវការ និងបទពិសោធន៍ខ្ពស់ក្នុងការរៀបចំកម្មវិធីភាសាចិន ការបណ្តុះបណ្តាលគរុកោសល្យដល់គ្រូបង្រៀន និងពិសេសនោះមានបណ្តាញទំនាក់ទំនងល្អជាមួយគ្រឹះស្ថានអប់រំជាច្រើននៅប្រទេសចិន និងបណ្តាលប្រទេសនិយាយភាសាចិន ដែលជាឱកាសល្អមួយសម្រាប់សិស្សសាលារៀនវ៉េស្ទឡាញន៍អាចបន្តការសិក្សានៅបណ្តាប្រទេសទាំងនោះ”។

លោកស្រី លី សៀនយ៉ុន ប្រធានគ្រប់គ្រងទូទៅភ្នាក់ងារអប់រំភាសាចិន Dandelion ប្រចាំនៅប្រទេសកម្ពុជាបានលើកឡើងថា​ “កម្មវិធីភាសាចិនរៀបចំឡើងយ៉ាងសម្រិតសម្រាំង និងស្របតាមបរិបទសម្រាប់អ្នកសិក្សាជាកុមារ និងមនុស្សធំ ហើយកម្មវិធីភាសាចិននៅសាលារៀនវ៉េស្ទឡាញន៍ ផ្តោតជាចំបងលើជំនាញទំនាក់ទំនង ហើយនឹងមានធ្វើតេស្តវាស់ស្ទង់សមត្ថភាពគ្រប់ចប់វគ្គសិក្សានិមួយៗ។ លើសពីនេះ សិស្សនឹងទទួលបានឱកាសដាក់ពាក្យប្រឡងជាលក្ខណៈអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍សិក្សានៅប្រទេសចិនទៀតផង តាមរយៈដៃគូរអប់រំជាច្រើនរបស់យើង”។

លោកស្រីបន្តទៀតថា  “ការសិក្សាភាសាចិនសិស្សមានលទ្ធភាពច្រើនមួយកម្រិតទៀត ក្នុងការទទួលបានទទួលបានឱកាសការងារ និងអាចទំនាក់ទំនងផ្នែកធុរៈកិច្ចនៅក្រៅប្រទេសបានល្អប្រសើរ និងទូលំទូលាយជាមួយមុន ”។

សូមជម្រាបថា ទីភ្នាក់ Dandelion ជាស្ថាប័នឯកជនមួយដែលមកមូលដ្ឋាននៅប្រទេសនិ និងមានឯកទេសរៀបចំកម្មវិធីសិក្សា​ភាសាចិន និងបណ្តុះបណ្តាលគ្រូបង្រៀនប្រកបដោយគរុកោសល្យត្រឹមត្រូវ និងផ្តល់ព្រឹក្សាយោបល់សិក្សានៅប្រទេសចិន។

គួរបញ្ចាក់ថា បណ្តាញសាលារៀនវ៉េស្ទឡាញន៍បានបើកដំណើរការកម្មវិធីភាសចិនចាប់ពីឆ្នាំ២០១៨ ហើយការចុះអនុស្សារណៈយោគយល់នៅពេលនេះ នឹងជួយជម្រុញឲ្យកម្មវិធីភាសាចិនកាន់ល្អប្រសើរជាងមុន និងប្រកប ដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកអភិវឌ្ឍធនធានាមនុស្សនៅប្រទេសកម្ពុជា។ សម្រាប់វគ្គសិក្សានឹងចូលរៀនថ្ងៃទី១ ខែសីហា​ ខាងមុខនេះ៕