វេសឡាញដាក់បញ្ចូលកម្មវិធីការងារសហគមន៍ក្នុងកម្មវិធីសិក្សា ដើម្បីរួមចំណែកអភិវឌ្ឍមូលដ្ឋាននិងជម្រុញភាពជាអ្នកដឹកនាំ

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប នឹងបញ្ចូលកម្មវិធីការងារសហគមន៍ក្នុងមុខវិជ្ចាសីលធម៌-ពលរដ្ឋ ជាផ្លូវការនៅឆ្នាំសិក្សា២០២៣ខាងមុខនេះ ដើម្បីរួមចំណែកអភិវឌ្ឍមូលដ្ឋានដែលសាលារៀនស្ថិននៅ និងជំរុញសិស្សានុសិស្សឱ្យមានភាពជាអ្នកដឹកនាំ។

 
វេសឡាញដាក់បញ្ចូលកម្មវិធីការងារសហគមន៍ក្នុងកម្មវិធីសិក្សា ដើម្បីរួមចំណែកអភិវឌ្ឍមូលដ្ឋាននិងជម្រុញភាពជាអ្នកដឹកនាំ

ថ្លែងក្នុងសិក្ខាសាលាស្តីផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុ” នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា នៅឆ្នាំសិក្សាថ្មី២០២៣ខាងមុខនេះ សាលារៀននឹងដាក់បញ្ចូលកម្មវិធីការងារសហគមន៍ក្នុងមុខវិជ្ជាសីលធម៌-ពលរដ្ឋ ដើម្បីជម្រុញសិស្សានុសិស្សឱ្យចូលរួមចំណែកធ្វើការងារសង្គមផ្សេងៗដោយផ្ទាល់ និងធ្វើជាពលរដ្ឋគំរូ មិនមែនបង្រៀនមុខវិជ្ជាសីលធម៌-ពលរដ្ឋតែក្នុងសៀវភៅ ហើយសិស្សសូត្រចេះចាំតែមាត់នៅថ្នាក់រៀននោះទេ ដោយមិនបានចុះអនុវត្តជាក់ស្តែង។

លោកឧកញ៉ាបានបន្ថែមទៀតថា សាលារៀននៅរក្សាមុខវិជ្ជាសីលធម៌-ពលរដ្ឋតាមកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡាដដែល ប៉ុន្តែគ្រាន់តែយើងបន្ថែមចំណេះដឹងមួយចំនួនបន្ថែមទៀត។ ចំណែកការដាក់ពិន្ទុវិញគឺផ្អែកតាមការប្រឡងក្នុងថ្នាក់រៀន៥០% និងការចុះធ្វើការងារសហគមន៍៥០%។ នៅពេលសិស្សចុះធ្វើការងារសហគមន៍មួយព្រឹក ឬមួយរសៀលសាលារៀនត្រូវផ្តល់៤ម៉ោង បើសិស្សចុះធ្វើការងារសហគមន៍ពេលមួយថ្ងៃ សាលារៀនត្រូវផ្តល់៨ម៉ោង ហើយខាង សាលារៀនមានចំនួនម៉ោងកំណត់សម្រាប់ផ្តល់ជាពិន្ទុក្នុងមួយឆ្នាំសិក្សា។

ម្ចាស់គ្រឹះស្ថានអប់រំខាងលើបានរំលឹកថា យុវជនមិនមែនត្រឹមតែជាសិស្សនោះទេ ប៉ុន្តែពួកគេជាអនាគតអ្នកដឹកនាំលើគ្រប់វិស័យទាំងរដ្ឋ និងឯកជននៅពេលអនាគត។ ដូចនេះ យើងត្រូវសម្របសម្រួល និងផ្តល់ឱកាសដល់យុវជនសិក្សាស្រាវជ្រាវ និងឈ្វេងយល់ពីតម្រូវរបស់មូលដ្ឋាន ដើម្បីយុវជនចេះគិតពិចារណាធ្វើសកម្មអ្វីខ្លះសម្រាប់លើកស្ទួយសេដ្ឋកិច្ចសហគមន៍របស់ខ្លួន។

សូមជម្រាបថា ក្រៅពីអនុវត្តស្របតាមកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានបន្ថែមមុខវិជ្ជាមួយចំនួនដូចជា៖ កម្មវិធីទម្លាប់ល្អទាំង៧សម្រាប់បុគ្គលឆ្នើម កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងសហគ្រិនភាព និងកម្មវិធីការងារសហគមន៍ ដែលជាកម្មវិធីស្ថិតក្នុងបំណិនជីវិតសតវត្សទី២១៕