សិស្សសាលារៀនវ៉េស្ទឡាញន៍ តំណាងខេត្តបាត់ដំបង ចូលរួមវគ្គបណ្ដុះបណ្ដាលកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ដើម្បីត្រៀមប្រកួតថ្នាក់ជាតិនៅចុងខែវិច្ជិកានេះ
កាលពីពេលថ្មីៗកន្លងមកនេះ សិស្សសាលារៀនវ៉េស្ទឡាញន៍ តំណាងខេត្តបាត់ដំបងចំនួន៩នាក់បានចូលរួមវគ្គបណ្តុះបណ្តាលកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍២១ ក្រោមប្រធានបទ "STEM និងការប្រើប្រាស់ក្នុងវិស័យបរិស្ថាន" ដើម្បីត្រៀមប្រកួតប្រជែងថ្នាក់ជាតិចាប់ពីថ្ងៃទី២៣ ដល់២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប។
នាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជនក្រសួងអប់រំយុវជន និងកីឡា បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ក្រោមប្រធានបទ "STEM និងការប្រើប្រាស់ក្នុងវិស័យបរិស្ថាន" ដោយមានការចូលរួមពីសិស្សានុសិស្សទូទាំង២៥រាជធានី ខេត្ត ក្រោមអធិបតីភាព លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា។ វគ្គបណ្តុះបណ្តាល និងតម្រង់ទិសចូលរួមធ្វើបទបង្ហាញពីថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា ថ្នាក់ដឹកនាំក្រសួងបរិស្ថាន នៅថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។
គួររំលឹកថា សិស្សសាលារៀនវ៉េស្ទឡាញន៍ សាខាបាត់ដំបងត្រូវបានមន្ទីរអប់រំ យុវជន និងកីឡាខេត្តចាត់តាំងជាក្រុមតំណាងខេត្តក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ប្រចាំឆ្នាំ២០២២នេះ។ ក្នុងលិខិតឧទ្ទេសនាមចេញដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មានលោក លឹម រ៉ាវីដ ជាគ្រូដឹកនាំ និងយុវសិស្សឈ្មោះ គង់ ជូលី, ឡ គីមហ៊ាង, រិទ្ធថា ជាលីញ, សុគន្ធ ស្រីពេជ្រ, ហាក់ ស្រីនូ, ញ៉ែម ស្រីហ៊ន, ងួន ម៉ីជីញ, គៀង ជួយស៊ីវ, និង អេង គីមហ៊ាង។
គួរបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ រៀបចំឡើងក្នុងគោលបំណងជំរុញសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ ឱ្យបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងលើការសិក្សា និងស្រាវជ្រាវមុខជំនាញដែលទាក់ទងនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា លើកទឹកចិត្តយុវជនឱ្យមានគំនិតផ្តួចផ្តើមបង្កើតថ្មី និងច្នៃប្រឌិតនូវអ្វីដែលជាលទ្ធផលបានមកពីការសិក្សាស្រាវជ្រាវមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ផ្តល់ឱកាសឱ្យយុវជនបានចែករំលែកបទពិសោធន៍ និងបង្ហាញស្នាដៃរបស់ខ្លួនដែលបានសិក្សាស្រាវជ្រាវទៅដល់យុវជនដទៃទៀត។
សូមបញ្ចាក់ថា បណ្តាញសាលារៀនវ៉េស្ទឡាញន៍បានរៀបចំ និងបញ្ចូលកម្មវិធីវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) កម្មវិធីទម្លាប់ល្អទាំង៧ និងកម្មវិធីបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងសហគ្រិនភាពចាប់ពីកម្រិតបឋមសិក្សាឡើងទៅ ក្នុងទិសដៅបញ្ជៀបបំណិនជីវិតក្នុងសតវត្សទី២១ ដល់សិស្សានុសិស្ស ក៏ដូចជាស្របទៅនឹងបដិវត្តឧស្សាហ៍កម្ម៤.០ ។ សិស្សានុសិស្សអាចមានសមត្ថភាពប្រើប្រាស់ជំនាញសម្រាប់ប្រកបអាជីវកម្ម ឬចាប់យកជំនាញណាមួយសម្រាប់ចិញ្ចឹមជីវិតនៅពេលបញ្ចប់ថា្នក់ទី១២៕