ជីរតាំងឱ - Celery

ជីរតាំងឱ ៖ មានឈ្មោះវិទ្យាសាស្រ្តថា Apium graveolens L. រុក្ខជាតិ ដែលគេដាំនៅតាមជាយក្រុង ទីជនបទ ស្រុកស្រែ ចម្ការ សម្រាប់ធ្វើជាបន្លែ និងរបោយ។ វាមានប្រភពដើមពីតំបន់អាហ្វ្រិកខាងត្បូង អឺរ៉ុប រហូតដល់តំបន់ភ្នំហេមពាន្តផ្នែកខាងលិច។

 
ជីរតាំងឱ - Celery

លក្ខណៈរូបសាស្ត្រ៖ តិណជាតិ (herbaceous) តួដើមមានកម្ពស់០,៥-១,៥ម មានសរសៃ ហើយមាន ទ្រនុង មានមែកដុះត្រង់ទៅលើ។ នៅផ្នែកក្រោមនៃតួដើម ស្លឹកមានទងវែងប្រវែង១- ២ស.ម. ឆែកជ្រៅ ៣ដង។ កញ្ចុំផ្ការាងឆត្រធំ ប្រកបដោយកញ្ចុំផ្កាជាឆត្រតូចៗរួមគ្នា (umbels compound) ដុះចេញនៅទល់មុខទងស្លឹក (leaf-opposed)។ ផ្កាទ្វេភេទ ពណ៌ស ឬបៃតងខ្ចី ត្របកផ្កា ៥តូចៗជាធ្មេញ ស្រទាប់ផ្កា៥ ពណ៌ស កេសរ ឈ្មោល៥ កេសរញី ២ជាប់គ្នាជាអូវែរមាន២ក្លែប។ ផ្លែស្ងួតជាមេរីកាព (mericarp) មានទ្រនុង លើផ្ទៃសម្បកមានក្រពេញក្នុងវីតា (vitta) មានគ្រាប់១។

លក្ខណៈជីវសាស្ត្រ៖ ដើមមូល ខាងក្នុងមានជាតិជ័រតិចៗ មានស្លឹកឆែក។ ដើមមានផ្កាទ្វេភេទ ផ្កាដុះចេញ នៅឆ្នាំទីពីរនៃការដាំដុះ។ ដំណើរលម្អងផ្កា (pollination) ធ្វើដោយសត្វល្អិត ហើយ ការបែកខ្ចាត់ខ្ចាយគ្រាប់ពូជ ដោយសារទឹក។

លក្ខណៈអេកូឡូស៊ី៖ គេនាំយកមកដាំនៅតំបន់ត្រូពិក ដូចជាប្រទេសកម្ពុជា។ល។

ការប្រើប្រាស់៖

ជាបន្លែ៖ ដើម និងស្លឹកសម្រាប់ធ្វើជាបន្លែ ដាក់ក្នុងស៊ុបគោ។

ជាឱសថ៖ ស្លឹក និងឫស ជួយប៉ូវកម្លាំង ព្យាបាលជំងឺក្រពះ ជួយបញ្ចុះទឹកនោម ជាតិពុល និងកាកសំណល់ពីរាង្គកាយ៕ ប្រភព៖ សៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅកម្ពុជា

ប្រភព៖ Ministry of Environment