ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាល និងប្រគល់រង្វាន់ជូនសិស្សនិទ្ទេស A នៅខេត្តកំពង់ស្ពឺ
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះជួបសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងអបអរសាទរចំពោះសិស្សនិទ្ទេស A និងប្រគល់រង្វាន់ជូនសិស្សនិទ្ទេស A ខេត្តកំពង់ស្ពឺ នៅបណ្ណាល័យកំពង់ស្ពឺ ព្រឹកថ្ងៃពុធ ៩រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក លោកស្រីជាថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា នាយក នាយិកាវិទ្យាល័យទាំង២៥ លោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉នស្ម័គ្រចិត្ត ក្រុមគ្រួសារ សហភាព សហព័ន្ធ យុវជន កម្ពុជា (ស.ស.យ.ក.) និងសិស្សានុសិស្សសរុបចំនួន ២៥០នាក់ ។
នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោកគ្រូ អ្នកគ្រូស័្មគ្រចិត្ត សិស្សនិទ្ទេស A ទាំង១៧រូប ដែលបានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលនាព្រឹកនេះ ។ ទន្ទឹមនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉ន ដែលបានខិតខំប្រឹងប្រែង និងលះបង់ពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ។ ពិសេសអំឡុងពេលឈប់សម្រាក ដើម្បីបង្រៀនសិស្សានុសិស្សបន្ថែម និងអបអរសាទរចំពោះអ្នកទើបបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និងសិស្សទទួលបាននិទ្ទេស A ទាំង១៧នាក់ ក្នុងខេត្តកំពង់ស្ពឺ ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ការរៀបចំឱ្យមានវគ្គបំប៉ន គឺជាកត្តាគួបផ្សំមួយផ្នែកដែលលោកគ្រូ អ្នកគ្រូ បានបង្ហាត់បង្រៀនជាប្រចាំមកហើយ និងគួបផ្សំជាមួយការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សានុសិស្សផ្ទាល់ ទើបទទួលបានលទ្ធផលល្អដូចពេលនេះ ហើយជោគជ័យនេះ គឺជាជោគ ជ័យរួមរបស់ខេត្តកំពង់ស្ពឺទាំងមូល មិនមែនត្រឹមតែលើកកិត្តិយស មុខមាត់សាលារៀន លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងខ្លួនឯងផ្ទាល់ប៉ុណ្ណោះទេ ។
ជាមួយនឹងការអបអរសាទរចំពោះសិស្សានុសិស្ស ដែលទើបបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលមិនបានទទួលលទ្ធផលល្អក្នុងការប្រឡង ឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបានជោគជ័យ និងលទ្ធផលល្អនាពេលអនាគតផងដែរ ៕
ប្រភព៖ ក្រសួងព័ត៌មាន