ថ្មីៗនេះ អាជ្ញាធរខេត្តកំពង់ធំ បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យទីតាំងព្រៃឡង់ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់
កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរខេត្តកំពង់ធំ បានដឹកនាំកម្លាំងចម្រុះ និងមន្ទីរពាក់ព័ន្ធ ដើម្បីការពារព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទដែលរស់នៅក្នុងតំបន់ព្រៃឡង់ កុំឱ្យជនខិលខូចទៅកាប់បំផ្លាញ រុករាងទន្ទ្រានយកដីអាស្រ័យផល និងបរបាញ់សត្វ។

រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៧៤ អនក្រ.ប ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ស្ដីពីការបង្កើតដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលមានផ្ទៃដីទំហំ៤៣១.៦៨៣ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។ ព្រៃឡង់ ជាឈ្មោះហៅតៗគ្នា និងមានប្រភពផ្សេងៗគ្នា ជាភាសាបារាំងព្រៃឡង់(Prey Long) ព្រៃវែង ប៉ុន្តែជាភាសាជនជាតិគួយវិញ ព្រៃឡង់ មានន័យថា “ព្រៃរបស់យើងទាំងអស់គ្នា” ព្រៃឡង់គ្របដណ្តប់ ដោយព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោងដ៏មានតម្លៃវាជាព្រៃចុងក្រោយបំផុតនៃប្រភេទព្រៃដ៏មានសារៈសំខាន់នៅក្នុងឧបទ្វីបឥណ្ឌូចិន។
ឯកឧត្តមអភិបាលខេត្ត៖ នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ១៨១ អនក្រ បកចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្ដីពីការកែប្រែដែនជំរកសត្វព្រៃ ព្រៃឡង់ ដែលមានផ្ទៃដីសរុបចំនួន ៤៨៩.៦៦៣ហិចតា លាតសន្ធឹងក្នុងខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះនិងខេត្តស្ទឹងត្រែង។ ដោយឡែក ខេត្តកំពង់ធំមានផ្ទៃដីប្រមាណ១២៥.៧៨៤ហិកតា ស្ថិតនៅ ក្នុងស្រុកសណ្តាន់ និងសន្ទុក ពាក់ព័ន្ធនឹងឃុំចំនួន០៤គឺ ឃុំដងកាំបិត ឃុំមានវិទ្ធ និងឃុំសុចិត្រ នៃស្រុកសណ្តាន់ នឹងឃុំបឹងល្វា នៃស្រុកសន្ទុក ខេត្តកំពង់ធំ ដែលក្នុងនោះមានចំការ និងដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលមិនមាននៅក្នុងបញ្ជីទទួលស្គាល់ពីក្រសួងមហាផ្ទៃនៅឡើយ។
សូមជម្រាបថា ព្រៃឡង់ជាតំបន់ដែលមានតម្លៃអភិរក្សខ្ពស់ ព្រោះថាវាមានប្រព័ន្ធអេកូឡូស៊ីប្លែក និងជាជម្រកសម្រាប់សត្វព្រៃ និងសត្វស្លាបដែលកំពុងរងគ្រោះថ្នាក់៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ