ចិនមិនញញើតនឹងទណ្ឌកម្មណាមួយរបស់អាមេរិកលើសមុទ្រចិនខាងត្បូងឡើយ
ទីក្រុងប៉េកាំង៖ ចិនបាននិយាយកាលពីថ្ងៃពុធ ទី១៥ ខែកក្កដា ថាខ្លួនមិនខ្លាចទណ្ឌកម្មណាមួយដែល អាមេរិកអាចនឹងដាក់លើស្ថានភាពសមុទ្រចិនខាងត្បូងឡើយ ព្រមទាំងចោទប្រកាន់វ៉ាស៊ីងតោនថា បានបង្កបញ្ហា និងអស្ថិរភាពដល់សមុទ្រចិនខាងត្បូង។
អ្នកនាំពាក្យក្រសួងការបរទេសអ្នកស្រី ហ័រ ឈុនយីង បានប្រាប់ឲ្យដឹងថា ប៉េកាំងសង្ឃឹមថា សហរដ្ឋ អាមេរិកនឹងមិនដើរផ្លូវខុសតទៅមុខទៀតទៅចុះ។
កំណត់សម្គាល់នេះកើតឡើងកាលពីថ្ងៃអង្គារកន្លងទៅ បន្ទាប់ពីអ្នកការទូតកំពូលរបស់អាមេរិកប្រចាំនៅអាស៊ីបូព៌ាបានព្រមានអំពីភាពទំនងនឹងកើតឡើងនៃទណ្ឌកម្មប្រឆាំងនឹងមន្ត្រីចិន និងក្រុមហ៊ុននានា ដែលពាក់ព័ន្ធនឹងអ្វីដែលវ៉ាស៊ីនតោនហៅថា ការបង្ខិតបង្ខំក្នុងសមុទ្រចិនខាងត្បូង។
សូមរម្លឹកថា សហរដ្ឋអាមេរិកបានជំទាស់ជាយូរមកហើយចំពោះការទាមទារទឹកដីរបស់ចិន ដែលលាត សន្ធឹងនៅសមុទ្រចិនខាងត្បូង៕
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ