ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោង សមាហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី៣ ក្នុងទំហំទឹកប្រាក់ប្រមាណជាង១១ លានដុល្លារអាមេរិក

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស រាជធានីភ្នំពេញ។

 
ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោង សមាហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី៣ ក្នុងទំហំទឹកប្រាក់ប្រមាណជាង១១ លានដុល្លារអាមេរិក

តាម ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់តាមបណ្តាញសង្គមការងារផ្លូវការថា ការចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធនេះ សំដៅលការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង"សមាហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីន​ ដំណាក់កាលទី៣​ =​ Integrated Mine Clearance and Victim Assistance(Phase3)” ជូនរាជរដ្ឋាភិបាលកម្ពុជា​ ដើម្បីគាំទ្រអង្គភាពCMAC ដែលមានទឹកប្រាក់ចំនួន១.៧០០.០០០.០០០ យ៉េន (មួយពាន់ប្រាំពីររយលានយ៉េន) ប្រមាណជាង១១ លានដុល្លារអាមេរិក។

ឯកឧត្តម បានបន្តថា គម្រោងនេះសម្រាប់កិច្ចប្រតិបត្តិការរបស់អង្គភាពCMAC នៅខេត្តគោលដៅចំនួន៣​ គឺខេត្តបាត់ដំបង​ ពោធិ៍សាត់​ និងខេត្តកោះកុង​ ព្រមទាំងមានរយៈពេលអនុវត្តគម្រោងចំនួន២ឆ្នាំ​ ខែមករា ២០២៦ - ១៥​ មករា​ ២០២៨។

មន្ត្រីជាន់ខ្ពស់ខាងលើ បានបញ្ចាក់ថា គម្រោងនេះនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទទួលផលផ្ទាល់ចំនួនប្រមាណជាង២៧.០០០គ្រួសារ និងអ្នកទទួលផលដោយប្រយោលមានចំនួនយ៉ាងច្រើនទៀតផង។ ដើម្បីសម្រេចបានគោលដៅគម្រោងនេះ អង្គភាពCMACត្រូវពង្រាយកម្លាំងប្រតិបត្តិការសរុបប្រមាណជាង៣៥០នាក់។ បន្ថែមលើការងារបោសសម្អាតផ្ទៃដីចម្ការមីន គម្រោងនេះក៏មានផ្ដល់ សម្ភារបច្ចេកទេស និងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជា ម៉ាស៊ីនរាវមីនALIS គ្រឿងចក្រកម្ទេចមីន ដ្រូន និងប្រព័ន្ធទិន្នន័យបញ្ញាសិប្បនិមិ្មត(AI) និងការអភិវឌ្ឍជនខ្នាតតូចមួយចំនួនទៀត​ ជូនប្រជាពលរដ្ឋជាជនរងគ្រោះដោយសារមីនផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចធិបតី នាយករដ្ឋមន្រ្តី និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ ដែលបានគាំទ្រក្នុងការស្នើសុំជំនួយនេះ ជាពិសេសសូមថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលតែងតែផ្តល់ការគាំទ្រលើការបោសសម្អាតមីនមនុស្សធម៌ តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណង និងសម្ភារបច្ចេកទេស ជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន

ទំនាក់ទំនងការផ្សាយ: 085 999 070 / 098 999 070