សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A និងសិស្សជំនាញបច្ចេកទេសជាង ៣ពាន់នាក់
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសិស្សជ័យលាភីការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។



សូមជម្រាបថា ពិធីនេះបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ថ្លែងនៅក្នុងពិធីដ៏មានអត្ថន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះក្មួយៗជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ល្អប្រសើរនេះ។ សម្តេចធិបតី បានគូសបញ្ជាក់ថា៖ «លទ្ធផលសិស្សនិទ្ទេស A និងជ័យលាភីជំនាញបច្ចេកទេសថ្ងៃនេះ គឺជានិមិត្តរូបនៃភាពជោគជ័យ ដែលកើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់បេក្ខជនផ្ទាល់ ការបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សា និងជាពិសេសការជួយគាំទ្ររបស់ឪពុកម្តាយ-អាណាព្យាបាល រហូតទទួលបានជោគជ័យ»។
គួរកត់សម្គាល់ថា តាមរយៈលទ្ធផលនៃការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០២៥ វិស័យអប់រំនៅកម្ពុជាមានការប្រែប្រួល និងរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែង កាលពីឆ្នាំ២០១៤ (សម័យប្រឡងលើកទី១ និងទី២) មានបេក្ខជនទទួលបាននិទ្ទេស A ត្រឹមតែ ១១នាក់ប៉ុណ្ណោះ។ ដោយឡែក សម្រាប់ឆ្នាំ២០២៥ នេះ ចំនួនបេក្ខជនប្រឡងជាប់បានកើនឡើងដល់ ៨៤,៥៦% ក្នុងនោះបេក្ខជនទទួលបាននិទ្ទេស A មានចំនួនរហូតដល់ ៣,០២០នាក់។
ការកើនឡើងនៃចំនួនសិស្សនិទ្ទេស A និងសិស្សជំនាញបច្ចេកទេសនេះ គឺជាសក្ខីភាពបញ្ជាក់ពីការពង្រឹងគុណភាពអប់រំ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ៕


ទំនាក់ទំនងការផ្សាយ៖ 085 999 070 / 098 999 070
ប្រភព៖ ក្រសួងព័ត៌មាន






































