ឥណ្ឌូនេស៊ីប្រកាសសាងសង់រោចក្រថាមពលព្រះអាទិត្យបណ្ដែតទឹកធំជាងគេនៅអាស៊ីអាគ្នេយ៍
ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ី កាលដើមខែមករានេះ បានប្រកាសចុះកិច្ចព្រមព្រៀងលើគម្រោងវិនិយោគមួយលើវិស័យថាមពល ជាមួយ អេមីរ៉ាតអារ៉ាប់រួម ក្នុងទំហំទឹកប្រាក់ប្រមាណ ២៣ពាន់លានដុល្លារអាម៉េរិក។
ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ី កាលដើមខែមករានេះ បានប្រកាសចុះកិច្ចព្រមព្រៀងលើគម្រោងវិនិយោគមួយលើវិស័យថាមពល ជាមួយ អេមីរ៉ាតអារ៉ាប់រួម ក្នុងទំហំទឹកប្រាក់ប្រមាណ ២៣ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះទឹកប្រាក់ប្រមាណ ១២៩លានដុល្លារ នឹងត្រូវប្រើប្រាស់ លើការសាងសង់ រោងចក្រផលិតថាមពលពីពន្លឺព្រះអាទិត្យ បណ្ដែតទឹកមួយ ស្ថិតនៅភាគខាងលិចនៃកោះជ្វា (Java)។
រោងចក្រថាមពលព្រះអាទិត្យនេះ នឹងត្រូវសាងសង់ដោយក្រុមហ៊ុន Pembangkit Jawa Bali Investasi ដែលជាក្រុមហ៊ុនរបស់ប្រទេសឥណ្ឌូនេស៊ី ដោយសហការជាមួយក្រុមហ៊ុនថាមពលកកើតឡើងវិញ របស់អេមីរ៉ាតអារ៉ាប់រួម ឈ្មោះ Masdar។ ការសង់នឹងត្រូវចាប់ផ្ដើមនៅដើមឆ្នាំ ២០២១ នៅលើទំនប់ Cirata ភាគខាងលិចនៃកោះជ្វា (Java) ហើយគេរំពឹងថារោងចក្រនេះ នឹងក្លាយជាទីតាំងផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
នៅពេលសាងសង់រួចរាល់ រោងចក្រថ្មីនេះនឹងផលិតថាមពលក្នុងបរិមាណ ១៤៥ មេហ្កាវ៉ាត សម្រាប់ផ្គត់ផ្គង់លើតម្រូវការអគ្គីសនីក្នុងប្រទេសឥណ្ឌូនេស៊ី បន្ថែមទៀត។ គម្រោងនេះនឹងជួយលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ ឲ្យកាន់តែប្រើសើរឡើង ស្របតាមផែនការរបស់ ក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូនេស៊ី ដែលចង់ឲ្យការប្រើប្រាស់ថាមពលកកើតឡើងវិញ កើនឡើងដល់ ២៣% នៃថាមពលប្រើប្រាស់សរុប។
ក្រៅពីការវិនិយោគ លើគម្រោងសាងសង់រោងចក្រថាមពលព្រះអាទិត្យ ទឹកប្រាក់ ២៣ពាន់លានដុល្លារនេះ ក៏នឹងត្រូវបានប្រើប្រាស់ លើការសាងសង់រោងចក្រគីមីឥន្ធនៈ កំពង់ផែ និងការលើកកម្ពស់វិស័យកសិកម្ម៕