ហ្វីលីពីនដោះលែងអ្នកទោសជាង២ម៉ឺននាក់ ដើម្បីជៀសវាងការឆ្លងវីរុសកូវីដ១៩

ទីក្រុងម៉ានីល៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក Eduardo Ano បាននិយាយថា ហ្វីលីពីនដោះលែងអ្នកទោសសរុប ២១,៨៥៨ នាក់ ដើម្បីការពារការឆ្លងរាលដាលនៃកូវីដ១៩ ក្នុងគុកដ៏ចង្អៀត ផងដែរ។

 
ហ្វីលីពីនដោះលែងអ្នកទោសជាង២ម៉ឺននាក់ ដើម្បីជៀសវាងការឆ្លងវីរុសកូវីដ១៩
ហ្វីលីពីនដោះលែងអ្នកទោសជាង២ម៉ឺននាក់ ដើម្បីជៀសវាងការឆ្លងវីរុសកូវីដ១៩

លោក Ano បានបន្ថែមថា អ្នកទោសចំនួន ២១,៨៥៨ នាក់ត្រូវបានដោះលែង តាំងពីថ្ងៃទី ១៧ ខែមីនាដល់ថ្ងៃទី១៣ ខែកក្កដា ពីពន្ធនាគារចំនួន ៤៧០ កន្លែងនៅទូទាំងប្រទេស។ អ្នកទោសចំនួន ៥,១០២ នាក់ត្រូវបានដោះលែងដោយការធានាឲ្យនៅក្រៅឃុំ  រីឯ ៦,៧៥៦ នាក់ទៀត ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ។ ក្នុងចំណោមពួកគេមាន ៤០៩ នាក់ជាមនុស្សចាស់ជរា ៦២១ នាក់ជាអ្នកជម្ងឺ និង២៤ នាក់ជាស្ត្រីមានផ្ទៃពោះ។

គិតត្រឹមថ្ងៃទី ១៥ ខែកក្កដា មានអ្នកទោស ១២៦នាក់ និងបុគ្គលិកពន្ធនាគារ ៥៤ នាក់ ដែលកំពុងផ្ទុក  វីរុសកូរ៉ូណា ចំណែកអ្នកទោស​ និងបុគ្គលិកពន្ធនាគារចំនួន ៨៩៥ នាក់បានជាសះស្បើយខណៈ ១១ នាក់បានស្លាប់ដោយសារជំងឺនេះ។

គួររម្លឹកផងដែរថា បច្ចុប្បន្នប្រទេសហ្វីលីពីនមានករណីឆ្លងមេរោគកូវីដ១៩ ចំនួន ៧០,៧៦៤នាក់ និងមានអ្នកស្លាប់ ១,៨៣៧ នាក់។

ប្រភព៖ Xinhua, ប្រែសម្រួល៖ កង​ ស្រីលីន