កិច្ចប្រជុំបណ្ដាញស្ដីពី "បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ សម្រាប់វិស័យអប់រំ (ICT4E)”
រាជធានីភ្នំពេញ៖នៅថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០កាលពីម្សិលមិញ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំបណ្ដាញស្ដីពី "បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ សម្រាប់វិស័យអប់រំ (ICT4E)” ដែលគាំទ្រ និងសម្របសម្រួលដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) និងបណ្ដាញអង្គការប្រើប្រាស់បច្ចេកវិទ្យាដើម្បីការអភិវឌ្ឍន៍ ព្រមទាំងសហការសម្របសម្រួលដោយ STEP IT ACADEMY Cambodia ។
កិច្ចប្រជុំបណ្ដាញស្ដីពី "បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ សម្រាប់វិស័យអប់រំ (ICT4E)” គឺជាវេទិកាពិភាក្សាលើអន្តរាគមន៍នានាពាក់ព័ន្ធ ICT ក្នុងគោលបំណងរួមចំណែកក្នុងការអភិវឌ្ឍធនធាន និងពង្រឹងគុណភាពអប់រំនៅកម្ពុជា ធានាការប្រកួតប្រជែងរបស់កម្ពុជាក្នុងសេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មជំនាន់ទី៤។
វេទិកានេះ អនុញ្ញាតឱ្យភាគីរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន ដែលបាននឹងកំពុងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍សម្រាប់ការអប់រំ នៅក្នុងប្រទេសកម្ពុជា ធ្វើបច្ចុប្បន្នភាព ពិភាក្សាយោបល់ កំណត់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ និងរួមគ្នាបង្កើតកិច្ចសហការ និងកិច្ចអភិវឌ្ឍនានា។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា។ កិច្ចប្រជុំបណ្ដាញ ICT4E លើកទី២ ប្រចាំឆ្នាំ២០២០នេះ ផ្ដោតលើ ដំណោះស្រាយឌីជីថលនានា ឆ្លើយតបនឹងការបិទសាលារៀនជាបណ្ដោះអាសន្នដោយសារវិបត្តិជំងឺកូវីដ១៩ ដើម្បីធ្វើបច្ចុប្បន្នភាព និងចែករំលែកការអនុវត្តល្អៗ ដែលបានអនុវត្តជួយដល់វិស័យអប់រំនៅកម្ពុជា៕
#ICT4E
::គេហទំព័រ៖ www.moeys.gov.kh
::បណ្ដាញសង្គម៖ www.facebook.com/moeys.gov.kh | www.twitter.com/moeyscmbodia
::ទំព័រធនធានអប់រំ៖ www.krou.moeys.gov.kh | www.facebook.com/krou.moeys.gov.kh
::បណ្ដាញ YouTube៖ www.youtube.com/moeyscambodia
ប្រភព: ក្រសួងអប់រំ យុវជន និងកីឡា