រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ណែនាំឱ្យក្រុមហ៊ុនធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក បំពេញបែបបទឱ្យស្របទៅនឹងច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបការសម្ដែងការគួរសមដោយក្រុមហ៊ុន ស៊ុបភើ អេប តិចណូឡូជី ម.ក (Super App Technology Plc.) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាមួយបម្រើសេវាកម្មអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងស្មាតហ្វូន។

 
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ណែនាំឱ្យក្រុមហ៊ុនធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក បំពេញបែបបទឱ្យស្របទៅនឹងច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា

ជាកិច្ចចាប់ផ្ដើម ក្រុមហ៊ុន ស៊ុបភើ អេប តិចណូឡូជី ម.ក បានជម្រាបជូនពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន នៅក្នុងនោះនាពេលបច្ចុប្បន្នរួមមាន សេវាកម្មហៅកង់បីជិះ និងសេវាកម្មដឹកជញ្ជូនទូទាំងប្រទេស និងក្នុងពេលអនាគតគឺបង្កើតផ្សារអនឡាញសម្រាប់គ្រប់ប្រភេទទំនិញ ដើម្បីជំរុញផលិតផលទៅកាន់ទីផ្សារក្នុងស្រុក និងបរទេស តាមរយៈការដាក់លក់លើទីផ្សារអនឡាញ។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រដល់គំនិតផ្ដួចផ្ដើមបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក ដោយនាពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងតែរំកិលខ្លួនបន្តិចម្ដងៗក្នុងការប្រែក្លាយទៅជាសេដ្ឋកិច្ចឌីជីថល ហើយឌីជីថលនីយកម្មនឹងបម្រើដល់សកម្មភាពជាច្រើននៅក្នុងវិស័យឯកជន ធុរកិច្ច ក៏ដូចជាវិស័យសាធារណៈផងដែរ។

 ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីគំនិតផ្ដួចផ្ដើមមួយចំនួនរបស់ក្រសួងពាណិជ្ជកម្ម រួមមាន ការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលក្រសួងនឹងរៀបចំធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់នាខែវិច្ឆិកាខាងមុខ ក៏ដូចជាកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកកម្ពុជា (Go4eCAM) ដែលមានគោលបំណងតភ្ជាប់ផលិតករ និងសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់និងពិភពលោក តាមរយៈទីផ្សារអនឡាញមួយ។

ជាមួយនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុន បំពេញបែបបទឱ្យបានត្រឹមត្រូវជាមួយនឹងច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តនានាទាក់ទងនឹងការធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

សូមបញ្ជាក់ជូនថាទាក់ទងនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយនាពេលថ្មីៗនេះ អនុក្រឹត្យលេខ ១១០ អនក្រ.បក ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ដល់ការអនុញ្ញាតបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក៏ដូចជាប្រកាសលេខ ២៩០ ពណ.ចបព.ប្រក ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ស្ដីពីការផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ត្រូវបានដាក់ឱ្យអនុវត្តផងដែរ៕

 

 

ប្រភព: ក្រសួងពាណិជ្ជកម្ម