[វីដេអូ] # Ep.31 មូលហេតុ ៤យ៉ាងដែលទារកមិនញុំអាហារ
នៅពេលដែលកូនរបស់អ្នកមិនញុំាអាហារធ្វើអោយអ្នកមានអារម្មណ៍ស្ត្រេស ខឹង និងមួលម៉ៅជាដើម ប៉ុន្តែពេលខ្លះតើអ្នកដឹងទេ ហេតុអ្វីបានជាកូនមិនញុំាអាហារ?
ដូចនេះយើងសូមលើកយកមូលហេតុទូទៅ ៤យ៉ាងដែលធ្វើឱ្យទារកមិនញុំាអាហារមានដូចជា:
១ ទល់លាមក
នៅពេលដែលអ្នកផ្លាស់ប្តូររបបអាហាររបស់ទារកពីរាវហើយចាប់ផ្តើមញ៉ាំអាហាររឹងអាចធ្វើឲ្យមានការទល់លាមក។សារធាតុរាវដូចជាទឹកដោះម្តាយ ឬទឹកដោះគោធ្វើឲ្យងាយរំលាយនិងស្រូបចូលក្នុងពោះវៀនបានលឿន ប៉ុន្តែនៅពេលដែលអ្នកម្តាយបន្ថែមលាយជាមួយអាហាររឹងធ្វើឲ្យការរំលាយអាហារទៅជាយឺត។ហេតុនេះហើយនៅពេលទារកមានការទល់លាមកបណ្តាលឱ្យមានអារម្មណ៍ឆ្អែតបាត់បង់ចំណង់ញុំាអាហារ។
២ ទារកធុញទ្រាន់នឹងអាហារដដែលៗ
នៅពេលដែលទារកស៊ាំជាមួយអាហារដែលមានរសជាតិដដែលៗនោះគេប្រាកដជាធុញមិនចង់ញុំាទៀតទេ។ រយៈពេល ៧ ខែអ្នកម្តាយគួរតែផ្លាស់ប្តូររបបអាហារឲ្យទារកដើម្បីឲ្យកូនទទួលបានរសជាតិនិងបទពិសោធន៍ថ្មីនៃអាហារនោះ។
៣ ទារកឈឺ
អ្នកម្តាយប្រាកដជាសង្កេតឃើញពីសញ្ញាជាច្រើនរបស់ទារក នៅពេលដែលកូនរបស់អ្នកឈឺគេប្រាកដជាមិនចង់ញុំាអាហារ។
អាការ:ជំងឺដែលបង្ហាញថាទារកឈឺមានដូចជា ឈឺបំពង់ក ឈឺត្រចៀក អាល្លែអាហារ ឬផ្តាសាយជាដើម។ ទោះជាយ៉ាងណាក៏ដោយទារកភាគច្រើននឹងចាប់ផ្តើមញុំាអាហារវិញ នៅពេលគេជាសះស្បើយជំងឺ ហើយក្នុងករណីសង្ស័យថាទារកនៅតែមិនព្រមញុំាអាហារសូមប្រញាប់យកទារកទៅជួបគ្រូពេទ្យភ្លាមៗ។
៤ របបអាហារមិនត្រូវសំរាប់ទារក
មានន័យថាទារកចូលចិត្តញុំាទឹកដោះម្តាយ ឬទឹកដោះគោ ប៉ុន្តែនៅពេលដែលដល់វ័យដែលកូនរបស់អ្នករាងធំ អ្នកផ្តាច់គេពីការបំបៅដោះ ឬញុំាទឹកដោះគោ វាគឺជាផលអវិជ្ជមានសំរាប់ការញ៉ាំរបស់កូន។ដូចនេះដើម្បីជៀសវាងបញ្ហានេះអ្នកគួរបំបៅទឹកដោះ ឬឲ្យគេញុំាទឹកដោះគោខ្លះៗ រួចហើយបញ្ចុកគេឲ្យញុំាអាហារបណ្តើរៗមុនពេលផ្តាច់ទឹកដោះ ឬទឹកដោះគោតែម្តង។